អត់​ហ៊ាន​ចូល​ផ្សារ​ជាង ១ខែ ដោយ​សារ​អា Step សំណព្វ​ហ្នឹង​!

  • 2018-07-16 11:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់​ទៀត​ហើយៗ... “នឹក​ឡើង​ហួស​ចិត្ត" យើង​នា​ដើម​សប្ដាហ៍​នេះ បាន​លោក ថាដា ចែក​រំលែក​ជុំ​វិញ​ម៉ូតូ​សំណព្វ Suzuki Step។ តោះ...តាម​ដាន​ទាំង​អស់​គ្នា!

សួស្ដី​ខ្ញុំ​ឈ្មោះ​ថា​ដា មាន​រឿង​ហួស​ចិត្ត​មួយ​ចង់​បង្ហាញ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​កម្សាន្ត​លេង។ គឺ​កំឡុង​ឆ្នាំ​២០០០ ជាង ជំនាន់​នោះ​បង​ប្អូន​ប្រាកដ​ជា​ស្គាល់​ហើយ​នូវ​ម៉ូតូ​១​ប្រភេទ​ម៉ាកSuzuki Step។ រឿង​ហ្នឹង​វា​កើត​ឡើង​ដោយ​កាល​នោះ ខ្ញុំ​កំពុង​នៅ​រៀន​បណ្ដើរ​ហើយ​ធ្វើការ​បណ្ដើរ ហើយ​ជំនាន់​នោះ មាន​ទូរសព្ទ​ទំនើប​ប្រភេទ Sony Walkman អី​គេ​នោះ តែ​ដូច​ជា​មិន​ចាំ​ម៉ាក​ច្បាស់​អី​ទេ គឺ​គ្រាន់​តែ​នៅ​ចាំ​ថា វា​ជំនាញ​ខាង​ចាក់​តន្ត្រី។

រូបតំណាង

ស្រឡាញ់​ណាស់ គ្រាន់​តែ​បើក​ប្រាក់​ខែ​ហើយ បូក​ផ្សំ​នឹង​ប្រាក់​សន្សំ​ខ្លះ​មក​ក៏​សម្រេច​ចិត្ត​ទិញ​វា​មក​គ្រាន់​ស្ដាប់​ចម្រៀង​លេង​ពេល​ជិះ​ម៉ូតូ​មក​ធ្វើ​ការ ព្រោះ​កន្លែង​ធ្វើការ​ខ្ញុំ​វា​រៀង​ឆ្ងាយ​ដែរ ពី​ភ្នំ​ពេញ​ដល់​ព្រែក​ឯង​វា​ជាង​៨​គីឡូ​ដី​ដែរ​នោះ ចឹង​សុខ​ចិត្ត​ស៊ី​សៀង​សិន​ទៅ ដើម្បី​បាន​ស្ដាប់​បរិយាកាស។

ក្រោយ​ពី​បាន​ជា​ចំណែក​ជីវិត ថ្ងៃ​មួយ​នោះ​រឿង​ដ៏​ហួស​ចិត្ត ក៏​បាន​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​មែន គឺ​ម៉ូតូ Step សំណព្វ​ចិត្ត​របស់​ខ្ញុំ​នោះ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ទាំង​ព្រឹក​តែ​ម្ដង។ គឺ​ថា​នៅ​ព្រឹក​មួយ ខ្ញុំ​ក្រោក​ពី​ព្រឹក​មក​ធ្វើការ តឺនុយ​យ៉ាង​សង្ហា ហើយ​ទាញ​ទូរសព្ទ​ដាក់​កាស​នឹង​ត្រចៀក​យ៉ាង​ហំហាន មើល​ទៅ​ឡូយ​ដែរ។ ខ្ញុំ​បើក​ចម្រៀង​រ៉ុក​លឺ​កប់​ដល់​១០០ភាគរយ ចង់​អ្នក​ណា​និយាយ​អី ស្រែក​ហៅ​អី​ក៏​មិន​លឺ​ដែរ។

អស់​មួយ​បទ​ចូល​មួយ​បទ ហ៊ឹស...ពីរោះ​ដល់​ក...​ស្រាប់​តែ​ជិះ​មក​ដល់​មុខ​ផ្សារ​ព្រែក​ឯង ខ្ញុំ​ចាប់​អារម្មណ៍​ថា អ្នក​លក់​ដូរ​តាម​ផ្លូវ និង​ប្រជាជន​នៅ​ម្តុំ​នោះ​ចេះ​តែ​សម្លឹង​មក​ខ្ញុំ​ដោយ​ការ​ងឿង​ឆ្ងល់​ និង​ខ្លះ​ទៀត​អស់​សំណើច​ជា​ពន់ពេក។ យ៉ាង​ណា​ក៏​មិន​ចាប់​អារម្មណ៍​អី​ប៉ុន្មាន​ចំពោះ​ប្រតិកម្ម​របស់​បង​ប្អូន​យើង​ឡើយ ហើយ​ម៉ូតូ​ក៏​ចេះ​តែ​ទៅ​មុខ​ទៀត​យ៉ាង​ឡូយ​ដដែល។

រូប​តំណាង

បន្តិច​ក្រោយ​មក ស្រាប់​តែ​ពូ​ម៉ូតូ​ឌុប​ម្នាក់​គាត់​ជិះ​មក​តាម​ខ្ញុំ ពេល​មក​ដល់​ជិត​គាត់​ស្រែក​ប្រាប់​ថា "អា​អូន​ៗ ធ្លាក់​កន្ទុយ​ហើយ"។ អត់​មាន​ស្ដាប់​គាត់​និយាយ​អី​បន្តិច ឃើញ​តែ​មាត់​ម្ហបៗ។ អស់​ចំណេះ​ គាត់​លើក​បំពង់​ស៊ីម៉ាំង​បង្ហាញ​ ទើប​បាន​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត លោក​ព្រះ​អើយ ម៉ូតូ​សំណព្វ​ចិត្ត​ខ្ញុំ​ធ្លាក់​កន្ទុយ​តាំង​ពី​អង្កាល ម្ចាស់​វា​រវល់​តែ​តន្ត្រី​រ៉ុក។

ដល់​អីចឹង​ ទើប​នឹក​ដល់​ប្រតិកម្ម​របស់​បង​ប្អូន​នៅ​តាម​ផ្លូវ​ម្ដុំ​ផ្សារ​ព្រែក​ឯង...តាម​ពិត​គ្រប់​គ្នា​មើល​មកខ្ញុំ ដោយ​សារ​ខ្ញុំ​ជ្រុះ​កន្ទុយ ហាស​ហា!!! ធ្លាក់​អី​ធ្លាក់​ទៅ​បើ​ស្ដាប់​មិន​លឺ​ផង អារម្មណ៍​រវល់​តែ​ស្ដាប់​តន្ត្រី​រ៉ុក​ឡូយ​សឹង​អី។

បង​ប្អូន​ប្រហែល​ជា​រឿង​ទេ​មើល​ទៅ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ខ្មាស​គេ​ខ្លាំង​មែន។ ជា​១​ខែ ខ្ញុំ​អត់​ដែល​ហ៊ាន​មក​ទិញ​បន្លែ​ត្រី​សាច់​យក​ទៅ​ធ្វើ​ម្ហូប​ទេ សុខ​ចិត្ត​ពឹង​គេ​ឲ្យ​ទិញ​ជំនួស។ តែ​ក៏​មិន​បន្ទោស​អា​សំណព្វ​ចិត្ត​ខ្ញុំ​ដែរ ដែល​វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ទាំង​ព្រឹក​នោះ ព្រោះ​តែ​វា​តែង​តែ​នាំ​ខ្ញុំ​ទៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ រហូត​ដល់​ខ្ញុំ​មាន​ការងារ​ថ្មី​ល្អ ហើយ​មាន​ចំណូល​ច្រើន​គួរ​សម។

រូប​តំណាង

ដោយ​សារ​ជាប់​អនុស្សាវរីយ​ជា​មួយ​វា​ច្រើន ទោះ​ប្ដូរ​ម៉ូតូ ក៏​ខ្ញុំ​មិន​លក់​ទៅ​ណា​ដែរ គឺ​សំរេច​ចិត្ត​ចែក​វា​ឲ្យ​ប្អូន​ប្រើ​វិញ។ តែ​មុន​ហ្នឹង​ឲ្យ​វា ខ្ញុំ​ក៏​មិន​ភ្លេច​ប្រាប់​ដែរ​ថា ជិះ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លះ​ផង ប្រយ័ត្ន​វា​ធ្លាក់​កន្ទុយ​ខ្មាស​គេ​ដូច​បង​ណា ហាហា! រឿង​ខ្ញុំ​ចប់​តែ​ប៉ុណ្ណឹង​ហើយ បើ​ខ្ញុំ​នឹក​ឃើញ​រឿង​ហួស​ចិត្ត​អី​ទៀត​ចាំ​ខ្ញុំ​ចែក​ជូន​បង​ប្អូន​ស្ដាប់​បន្ត។

*បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!! *

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម