រកឃើញអាថ៌កំបាំងធ្វើឲ្យក្ដារចុចថ្មី Macbook Pro មិនសូវឮសំឡេង (មាន​វីដេអូ)

  • 2018-07-16 10:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១២ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មីរបស់ខ្លួន Macbook Pro ឆ្នាំ ២០១៨ យ៉ាងស្ងៀមស្ងាត់បំផុត ដោយវាគ្មានការកែប្រែរូបរាងឡើយ តែបើនិយាយពីគ្រឿងក្នុងរបស់វាវិញ គឺឡើងកប់តែម្ដង។ ការបញ្ចេញកុំព្យូទ័រយួរដៃស៊េរីកំពូលរបស់ខ្លួននេះ Apple បានបំពាក់ឈីបជំនាន់ទី ៨ របស់ Intel ដែលជាជំនាន់ចុងក្រោយ ហើយអាចដំឡើង RAM ដល់ ៣២ GB និង SSD រហូតបានដល់ ៤ TB ឯណោះ។ អ្វីដែលថ្មីមួយទៀតសម្រាប់ Macbook Pro ឆ្នាំ ២០១៨ នេះ គឺក្ដារចុចដែលប្រើប្រាស់ Butterfly Mechanism 3 ដែល Apple អះអាងថាពេលវាយទៅស្ងាត់ជាងមុន។

ដោយសារតែក្ដារចុចប្រភេទ Butterfly Mechanism នេះធ្លាប់មានបញ្ហាកកធូលីដី នៅលើម៉ូដែលមុនៗ ដែលធ្វើឲ្យគ្រាប់ចុចជាប់គាំង ឬវាយមិនស្គាល់នោះ ការបញ្ចេញ Butterfly Mechanism 3 នៅលើ Macbook Pro ឆ្នាំ ២០១៨ នេះក៏ធ្វើឲ្យមនុស្សមួយចំនួនមានការងឿងឆ្ងល់ដែរ ថាតើវានឹងជាប់ធូលីទៀតឬអត់ ហើយវាមានសំឡេងស្ងាត់ជាងម៉ូដែលមុនកម្រិតណា។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមការងារ iFixit បានយក Macbook Pro ឆ្នាំ ២០១៨ មកគាស់ក្ដារចុចមើល ហើយប្រៀបធៀបវាជាមួយនឹង Macbook Pro ឆ្នាំ ២០១៧ ថាតើវាមានអ្វីប្លែក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្ដារចុច Macbook Pro ឆ្នាំ ២០១៨ មានស្រទាប់ស៊ីលីកូននៅខាងក្រោមគ្រាប់ចុចទាំងអស់ ខុសប្លែកពី Macbook Pro ឆ្នាំ ២០១៧ ដែលគ្មានស្រទាប់នោះឡើយ។ តាមការសន្និដ្ឋានរបស់អ្នកជំនាញ ស្រទាប់ស៊ីលីកូននេះហើយ ជាអ្នកទប់ទល់នឹងធូលីដី មិនឲ្យចូលទៅក្នុងក្ដារចុចដូចស៊េរីមុនៗ ហើយវាក៏ធ្វើឲ្យមានសំឡេងស្ងាត់ជាងមុនផងដែរ។ ដូច្នេះហើយ ការដាក់ស្រទាប់ស៊ីលីកូននៅគ្រប់គ្រាប់ចុចដែលហៅថា Butterfly Mechanism 3 នេះ អាចជាដំណោះស្រាយរឿងក្ដារចុចប្រភេទ Butterly Mechanism 1 និង 2 ហើយ Apple បានប្រើប្រាស់ក្នុង Macbook Pro ឆ្នាំ ២០១៨ នេះហើយ ដោយគ្រាន់តែក្រុមហ៊ុនមិនប្រកាសជាផ្លូវការតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ Apple បានផ្ដល់ជាកម្មវិធី ជួសជុលមិនគិតថ្លៃចំពោះកុំព្យូទ័រយួរដៃរបស់ខ្លួន ដែលប្រើប្រាស់ក្ដារចុច Butterfly Mechanism ហើយមានបញ្ហាកកធូលីខាងក្នុង ចុចមិនចុះ ដំណើរការមិនប្រក្រតី ឬចុចមិនចេញជាដើម។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី