Update៖ ទឹកជន់លិចផ្លូវជាតិលេខ៤យ៉ាងគំហុគ ដោយសារហូរធ្លាក់ពីកំពូលភ្នំ១របស់កម្ពុជា

  • 2018-07-17 02:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ទឹក​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ​៤​នៅ​តែ​បន្ត​កាន់​តែ​ខ្លាំង​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ឯកឧត្ដម ចាន់ យុត្ថា បាន​ប្រាប់​ Sabay ថា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំនន់​កាត់​តាម​ផ្លូវជាតិ​លេខ​៤​យ៉ាង​គំហុក​នេះ ដោយ​សារ​ទឹក​កំពុង​ហូរ​ធ្លាក់​ពី​ភ្នំ​ឱរ៉ាល់ ដែល​ជា​ភ្នំ​មួយ​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់ មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង។

មក​ទល់​នឹង​ពេល​នេះ​តំបន់​ជួរ​ភ្នំ​ក្រវាញ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​បន្ត​ហូរ​បុក​មក​ផ្លូវ​ជាតិ​លេខ​៤​មិន​ថមថយ​ឡើយ ហើយ​ក៏​មិន​អាច​ព្យាករណ៍​បាន​ថា តើ​ស្ថាន​ភាព​ទឹក​នឹង​ស្រក​ពេល​ណា ហើយ​អាច​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ​នៅ​ពេល​ណា​នោះ​ទេ។ ឯកឧត្ដម ចាន់ យុត្ថា បញ្ជាក់​បន្ថែម។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បន្ត​ថា ស្ថានភាព​កំពុង​បុក​ខ្លាំង មិន​ដឹង​ថា​ហូរ​ច្រោះ​ធ្លាក់​ចុះ​យ៉ាង​ដូចម្ដេច និង​បង្ក​ហានិភ័យ​ខ្ពស់​ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ហេតុ​ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សម្រេច​ធ្វើ​ការ​ផ្អាក​ឲ្យ​ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន និង​មាន​កម្លាំង​សមត្ថកិច្ច​ ​ពាក់ព័ន្ធ​ទាំង​អស់​ កំពុង​នៅ​ប្រចាំ​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ហាល​ភ្លៀង​តែ​ម្ដង។ ដូចនេះ​សូម​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ផ្អាក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​មាន​គ្រោះថ្នាក់​នោះ ជា​បណ្ដោះ​អាសន្ន​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជាយថាហេតុ។

​សូម​ជម្រាបជូន​ថា​ទឹក​កំពុង​ជន់លិច​នៅ​​ផ្លូវ​ជាតិ​លេខ​ ៤ ត្រង់​ចំណុច​ស្ពាន​អូរគគី​ ព្រំប្រទល់ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ (គីឡូម៉ែត្រ​លេខ ​១០៦-១០៧) ក្នុងភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ​ត្រូវបានទឹកជន់ហូរកាត់ពីលើផ្លូវប្រវែងជាង ១០០ ម៉ែត្រ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងធនធានទឹក

អត្ថបទពេញនិយម