អតីត​តារា​ចម្រៀង​ថៃ​ម្នាក់ វិះ​នឹង​បាត់​បង់​ជីវិត ដោយ​សារ​ការ​ចាក់​បំពេញ​ដើមទ្រូង

  • 2018-07-17 03:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​​ថៃ​ជំនាន់​ឆ្នាំ ២០០០ ម្នាក់ បាន​ត្រឡប់​មក​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​មហាជន​សា​ជា​ថ្មី ក្រោយ​រូប​នាង​បាន​ទម្លាយ​រឿង​​ដែល​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​បាត់បង់​ជីវិត ក្រោយ​ធ្វើ​ការ​វះ​កាត់​ចាក់​បំពេញ​ដើម​ទ្រូង​នៅ​ប្រទេស​កូរ៉េ។

តាម​វីដេអូ​ដែល​បាន​បង្ហោះ​​កាល​ពី​ថ្ងៃ​សុក្រ​លើ​គណនី ហ្វេសប៊ុក​របស់​អតីត​តារា​ចម្រៀង​រូប​នេះ ដែល​មាន​ឈ្មោះ​ថា May Jeeranan បាន​បញ្ជាក់​ថា នាង​បាន​សម្រេច​ចិត្ត​​ឆ្លង​កាត់​មុខ​កាំបិត​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​នាង​កាល​ពី​ចុង​ខែ​ធ្នូ ដើម្បី​ចាក់​បំពេញ​ដើមទ្រូង​ឲ្យ​បាន​ធំ​ស្រស់​ស្អាត​ដូច​គេ។ អតីត​តារា​ចម្រៀង​ស្រី​រូប​នេះ បាន​និយាយ​ទៀត​ថា ការ​វះ​កាត់​នេះ បាន​ធ្វើ​ឲ្យ​នាង​សន្លប់​បាត់​ស្មារតី និង​មាន​សង្ឃឹម​ដឹង​ខ្លួន​ឡើង​វិញ​តែ ១០ ភាគរយ​ប៉ុណ្ណោះ។

អតីត​តារា​ចម្រៀង Jeeranan បាន​បន្ថែម​ទៀត​ថា នាង​បាន​ចំណាយ​ប្រាក់​ចំនួន ៨០ ម៉ឺន​បាត (២៤ ០០០ដុល្លារ) ក្នុង​ការ​វះ​កាត់​ដើម​ទ្រូង​របស់​នាង នៅ​ឯ​មន្ទីរ​ពេទ្យ Grand Plastic Surgery ក្នុង​ទីក្រុង​សេអ៊ូល។ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការ​វះ​កាត់ នាង​មាន​អារម្មណ៍​ថា​ដើមទ្រូង​នាង​ហាក់​ដូច​ជា​រលាក​ដូច​អាស៊ីដ​រត់​ពេញ​ដើម​ទ្រូង និង​ហូរ​ឈាម​ខុស​ធម្មតា ប៉ុន្តែ​ក្រោយ​នាង​សាក​សួរ​ទៅ​កាន់​គ្រូពេទ្យ ពួក​គេ​និយាយ​ថា​នាង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

ក្រោយ​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​បាន​១​សប្ដាហ៍ ដើម​ទ្រូង​នាង បាន​ហូរ​ឈាម​កាន់​តែ​ខ្លាំង រួច​នាង​ក៏​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កែ​សម្ផស្ស​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ដែល​មាន​ឈ្មោះ​ថា KTOP Clinic។ ជា​ថ្មី​ម្ដង​ទៀត ក្រុម​គ្រូពេទ្យ​នៅ​តែ​និយាយ​ថា នាង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា ដើមទ្រូង​របស់​នាង​ចាប់​ផ្ដើម​ប្រែប្រួល​រហូត​ដល់​ចេញ​ខ្ទុះ។ នៅ​ពេល​នោះ​ហើយ ទើប​ខាង​បុគ្គលិក​មន្ទីរពេទ្យ​បាន​ប្រាប់​នាង​ថា ពួក​គេ​ត្រូវ​ដក​ស៊ីលីកូន​ដែល​ចាក់​បំពេញ​ដើម​ទ្រូង​របស់​នាង​ចេញ​ជា​បន្ទាន់។

ការ​វះ​កាត់​លើក​ទី ២​នេះ​ហើយ បាន​ធ្វើ​ឲ្យ​នាង​សន្លប់​បាត់​ស្មារតី​រហូត​មាន​សង្ឃឹម​រស់​តែ ១០ ភាគរយ​នោះ។ ក្រោយ​បញ្ចប់​ការ​វះ​កាត់​ហើយ​ភ្លាម ម្ដាយ​របស់​ Jeeranan បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​ Bumrungrad វិញ ដើម្បី​ធ្វើ​ការ​ព្យាបាល​បន្ត។ បច្ចុប្បន្ន នាង​មាន​សុវត្ថិភាព និង​បាន​ដឹង​ខ្លួន អាច​និយាយ​បាន​ឡើង​វិញ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ អន សុភក្ត្រា