រកឃើញនំប៉័ងអាយុកាលជាង ១ម៉ឺនឆ្នាំ បង្កប់រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល

  • 2018-07-17 03:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​បំណែក​នំប៉័ង​មួយ​ដែល​មាន​អាយុ​កាល​ប្រហែល ១៤ ៥០០ ឆ្នាំ​មុន​ក្នុង​ឡ​ដុត​មួយ​នៅ​តំបន់​ឦសាន​នៃ​ប្រទេស​ហ្សកដានី។

ការ​រក​ឃើញ​នំប៉័ង​អាយុ​កាល​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់​កំណាយ Black Desert។ បើ​មើល​ទៅ​លើ​អាយុកាល​នៃ​នំប៉័ង​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ "មនុស្ស​ជំនាន់​មុន​ចាប់​ផ្ដើម​ចេះ​ធ្វើ​នំប៉័ង រាប់​ពាន់​ឆ្នាំ​មុន​ពេល​ដែល​ពួកគេ​ចេះ​ដាំដុះ​រុក្ខ​ជាតិ​ទៅ​ទៀត។”

យោង​តាម​អ្នក​ដឹក​នាំ​ក្រុម​ស្រាវជ្រាវ លោក​សាស្ត្រាចារ្យ Amaia Arranz-Otaegui មក​ពី​សកលវិទ្យាល័យ Copanhagen ឲ្យ​ដឹង​ថា "ការ​រក​ឃើញ​នំប៉័ង​នៅ​ទីតាំង​ដែល​មាន​អាយុ​ដ៏​ចំណាស់​នេះ គឺ​ពិត​ជា​ពិសេស​ណាស់។ ឥឡូវ​នេះ យើង​ត្រូវ​វាយ​តម្លៃ​ថា​តើ​មាន​ទំនាក់​ទំនង​ណា​មួយ​រវាង​ការ​ធ្វើ​នំប៉័ង និង​ការ​ដាំ​ដុះ​ដែរ​ឬ​ទេ។ វា​អាច​ទៅ​រួច​ដែល​ថា​នំប៉័ង​ជំរុញ​ឲ្យ​មនុស្ស​មុន​ធ្វើ​ការ​ដាំ​ដុះ និង​កសិកម្ម ប្រសិន​បើ​វា​ក្លាយ​អាហារ​ដ៏​ពេញ​និយម​នា​សម័យ​នោះ។”

គួរ​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​ជា​នំប៉័ង​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដោយ​កាល​ពី​លើក​មុន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ភស្តុតាង​នៃ​នំប៉័ង​ដែល​មាន​អាយុ​កាល​ត្រឹម ៩ ១០០ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ប្រទេស ទួកគី៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន