សួន ពិសិដ្ឋ ជម្រះមន្ទិលរឿងជាមួយហង្សមាស ​ ខណៈមហាជនដាក់ការសង្ស័យ

  • 2018-07-17 03:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

​​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​​លោក​ សួន ពិសិដ្ឋ មិន​មាន​បទ​ចម្រៀង​អ្វី​ថ្មី​ចេញ​​នៅ​​ផលិតកម្ម​ហង្ស​មាស​ ដូច​ពេល​មុន​នោះ​ទេ។ ជា​ហេតុ​ធ្វើ​ឲ្យ​ហ្វេនៗ​ និង​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន​ ដាក់​ការ​សង្ស័យ​ថា​ អ្នក​និពន្ធ​បទ​"មោទនភាព​ជាតិ​ខ្មែរ" រូប​នេះ​​ប្រហែល​ជា​ដើរ​ចេញ​ពី​ទ្រនំ​ខាង​លើ​ហើយ​មើល​ទៅ។

ឆ្លើយ​តប​ចំពោះ​​​ការ​លើក​ឡើង​នេះ​​ សួន ពិសិដ្ឋ បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ដើរ​ចេញ​ហង្ស​មាស​មែន​ តែ​មិន​បាន​ចូល​ផលិតកម្ម​ណា​មួយ​ឡើយ។ បើ​គិត​មក​ដល់​ពេល​នេះ​បាន​ជាង​១​ឆ្នាំ​ហើយ​។ មូលហេតុ​នៃ​ការ​ដើរ​ចេញ​ ដោយ​សារ​តែ​​ខ្លួន​ចង់​បំពេញ​ក្ដី​ស្រមៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

​​​​ ក្ដី​ស្រមៃ​ សួន ពិសិដ្ឋ នោះ​គឺ​​បើក​ផលិតកម្ម​ថ្មី​មួយ​ដោយ​ខ្លួន​ឯង​មាន​ឈ្មោះ​ថា ចក្រវាឡ​ ហ្វៀម ហើយ​ខណៈ​ពេល​នេះ​ផលិតកម្ម​ថ្មី​លោកកំពុង​តែ​ដំណើរ​ការ​ហើយ។​ គ្រោង​នឹង​ចេញ​ថត​ភាព​​យន្ត​ខ្នាត​ធំ​ ជា​ស្នាដៃ​ដំបូង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ ដើម្បី​វាយ​លុក​​ទីផ្សារ​ក្នុង​ និង​ក្រៅ​ស្រុក។

ក្រៅ​ពី​ផលិត​កុន​ខ្មែរ​ផលិតកម្ម​លោក ក៏​មាន​ផលិត​បទ​ចម្រៀង​ ដែល​​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ចម្រៀង​ Original Song ទៀត​ផង។ គ្រាន់​តែ​ថា​ផ្ដោត​លើ​ការ​ថត​រឿង​ជា​ចម្បង​ដើម្បី​លើក​ស្ទួយ​ ភាព​យន្ត​ខ្មែរ​ឲ្យ​​ឲ្យ​មាន​ទីផ្សារ​នៅ​លើ​ឆាក​អន្តរជាតិ។

ទោះបី​ជា​ពេល​នេះ​​ម្ចាស់​បទ​ "ចរិត​តួ​ឯក​" ដើរ​ចេញ​ពី​ហង្ស​មាស​​ក៏ដោយ​ លោក​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​​ល្អ​ជាមួយ​ទ្រនំ​ចាស់​ដដែល​​មិន​មាន​អ្វី​ប្រែ​ប្រួល​ឬ​អាក់អន់ចិត្ត​​អ្វី​​ឡើយ។ គួរ​រម្លឹក​ថា បច្ចុប្បន្ន​ ក្រៅ​ពី​មមាញឹក​ខ្លាំង​ជាមួយ​ការ​បើក​ផលិតកម្ម​ថ្មី​លោក សួន ពិសិដ្ឋ ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​កម្មវិធី​ "The Melody” នៅ​​ទូរទស្សន៍​បាយ័ន​ផង​ដែរ៕​​​

​ ​


អត្ថបទ៖ ឆុង ស៊ីណាន