ប្រហិតចែម៉ីបាត់ដំបងបើកនៅភ្នំពេញមិនដល់២អាទិត្យ លក់ដាច់ខ្លាំងដល់តម្រង់ជួរចាំ

  • 2018-07-17 03:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហិត​ចិញ្ច្រាំ​ពី​សាច់គោ​ស្រស់​ធ្វើ​ដោយ​ខ្លួន​ឯង​សម្រាប់​លក់​មួយ​ថ្ងៃ​កំពុង​ល្បី​ខ្លាំង បាន​បន្ត​មក​បើក​សាខា​របស់​ខ្លួន​នៅ​ក្បែរ​ផ្សារ​ធំថ្មី​រាជធានី​ភ្នំពេញ​មិន​ដល់​២​សប្ដាហ៍​ផង មនុស្ស​ម្នា​សម្រុក​ទៅ​ញ៉ាំ​រក​កន្លែង​អង្គុយ​សឹង​មិន​បាន​ដល់​ថ្នាក់​ឈរ​តម្រង់​ជួរ​ចាំ​ទិញ។ ចែ​ម៉ី​ដែល​ម្ចាស់​ហាង និង​ជា​អ្នក​ផ្សំ​រូបមន្ត​ធ្វើ​ប្រហិត​តែ​ម្ដង​ប្រាប់​ Sabay គ្មាន​លាក់លៀម​ថា មួយ​កំប្លេ​តែ​ម្ដង​គឺ​យក​ពី​បាត់ដំបង​ទាំង​អស់​មិន​ឲ្យ​ខុស​គ្នា​ឡើយ។ អ្នក​បាត់ដំបង​រូប​នេះ ធានា​កម្រិត​ ISO តែ​ម្ដង​ថា​មិន​ឲ្យ​ខុស​គ្នា​ឡើយ ទាំង​សាច់​គោ នំប៉័ង សម្ភារៈ​ប្រើប្រាស់ ទឹក​ជ្រលក់ និង​អ្វីៗ​គ្រប់​បែប​យ៉ាង​ដឹក​មក​ពី​បាត់ដំបង​ទាំង​អស់ គ្មាន​ជាតិ​គីមី​ស្នាដៃ​ខ្មែរ​សុទ្ធសាធ។

ចែម៉ីមកពីបាត់ដំបង

ចែម៉ី​និយាយ​ថា បើក​នៅ​ភ្នំពេញ​ដាច់​ទ្វេ​គុណ​ជាង​នៅ​បាត់ដំបង​ទៅទៀត។ ម្ចាស់​ស្នាដៃ​ប្រហិត​សាច់គោ​ស្រស់​ធ្វើ​ភ្លាម​បំពង​ភ្លាម​រូប​នេះ ប្រាប់​ថា​ពិត​ជា​លឿន​នឹក​ស្មាន​មិន​ដល់ ព្រោះ​អ្នក​ស្រី​គិត​ថា​បើក​ដំបូង​ប្រហែល​ជា​ដាច់​មួយៗ តែ​ផ្ទុយ​ស្រឡះ​ពី​ការ​គិត គឺ​មាន​អ្នក​មក​ញ៉ាំ​យ៉ាង​ច្រើន​កុះករ​សឹង​តែ​ធ្វើ​មិន​ទាន់។ ក្នុង​មួយ​ថ្ងៃ ត្រូវ​ចំណាយ​សាច់គោ​ចូល​រយ​គីឡូ​តែ​ម្ដង បើ​មិន​អ៊ីចឹង​មិន​ឈ្នះ​មាត់​អតិថិជន​នោះ​ទេ។ ចែ​ម៉ី​ថា បើក​លក់​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង​៨​យប់ តែ​ត្រឹម​ម៉ោង​៥​ល្ងាច​គឺ​អស់​តែ​ម្ដង។

និយាយ​ទាំង​សើច​កក្អឹក​ចែម៉ី​បន្ត​ថា រំភើប​ណាស់​ដែល​ឃើញ​បងប្អូន​ខ្មែរ​គាំទ្រ​ផលិត​ផល​ខ្មែរ ដែល​គ្មាន​លួច​ចម្លង​តាម​អ្នក​ណា គឺ​ធ្វើ​ចេញ​ពី​ដៃ​អ្នក​ស្រី។ តែ​ពេល​លក់​ដាច់​ខ្លាំង​ពេក​ទៅ​ជា​ភ័យ​ទៅវិញ​ខ្លាច​ធ្វើ​មិន​ទាន់​ឲ្យ​គេ តែ​ម្នាក់​ៗ​រត់​ខ្វែង​ដៃ​ខ្វែង​ជើង ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់​គ្នា​បានភ្លក់​ប្រហិត​សាច់គោ​ធ្វើ​សាច់​គោ​ស្រស់​ពិត​ៗ មិន​ក្លាសសេ​ ធ្វើ​ភ្លាម​លក់​ភ្លាម។

បើ​ចង់​សាក​ប្រហិត​ចែម៉ី​មក​ពី​បាត់​ដំបង​កុំ​ភ្លេច​ទៅ​សាក​ទាំង​អស់​គ្នា​ណា នៅ​ម្ដុំ​បេន​ឡាន​ផ្សារ​ធំ​ថ្មី ផ្លូវ​៦៧ ផ្ទះ​លេខ​១៧​E0 នៅ​ក្បែរ​ឆៀង​ខាង​មុខ​ធនាគារ​ANZ។ តែ​កុំ​ភ្លេច​យក​បន្លែ​ទៅ​ផង ព្រោះ​ប្រហិត​ចែម៉ី​មិន​មាន​បន្លែ​ទេ៕ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម