គណៈកម្មការប្រកួត Mister Cambodia បំភ្លឺអត្ថន័យឈុតតំណាងជាតិ "នរេន្រ្ទអាណាចក្រចេនឡា" ក្រោយផ្ទុះការរិះគន់
- 2018-07-17 07:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មការប្រកួត Mister Cambodia បំភ្លឺអត្ថន័យឈុតតំណាងជាតិ "នរេន្រ្ទអាណាចក្រចេនឡា" ក្រោយផ្ទុះការរិះគន់
ចន្លោះមិនឃើញ
គណៈកម្មការកម្មវិធីប្រកួត Mister Cambodia បានលើកមូលហេតុសំខាន់ៗ ក្នុងការសម្រេចលើកយកឈុតបុរាណតំណាងជាតិខ្មែរ "នរេន្រ្ទអាណាចក្រចេនឡា" សម្រាប់ចូលរួមប្រកួតប្រជែងកម្មវិធី Mister Global 2018 នៅប្រទេសថៃ។
ជាក់ស្ដែង ក្រោយពីមានការបញ្ចេញមតិជាច្រើនរបស់មហាជនជុំវិញសម្លៀកបំពាក់នេះ ថា ការរចនាម៉ូដ ហាក់មិនត្រឹមត្រូវតាមសម័យកាល និងមិនសូវមានភាពទាក់ទាញនោះទេ។ តាមរយៈ Page ផ្លូវការរបស់ Mister Cambodia បានបកស្រាយថា ឈុតបុរាណនេះ បានទទួលការរចនាពីម៉ូដពីសាស្ត្រាចារ្យ ចាន់ សោភ័ន នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈនៃមហាវិទ្យាល័យ សិល្បៈសូនរូប។
គំនិតផ្ដួចផ្ដើមនៃការបង្កើតឈុតសម្លៀកបំពាក់នេះ កើតឡើងក្រោយពីកម្ពុជាបានសម្រេចដោយជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកមានគំនិតផ្ដួចផ្ដើមនៃការសើរើសិល្បៈ នៃការតាក់តែងកាយនៃអាណាចក្រចេនឡាមកបង្ហាញ ដែលជាមរតករតនសម្បត្តិដ៏មហិមា ដែលប្រទេសជាច្រើនក្នុងពិភពលោកពុំមានស្មើ។
សម្លៀកបំពាក់ផ្តើមដោយមកុដរាងស៊ីឡាំង ឬបំពង់ ដែលមានរូបចម្លាក់ នាសម័យនោះ ជាតឹកតាង ទុំហូ ឬប៉ោលត្រចៀកអំពីមាសដាំពេជ្រភ្នែកឆ្មា។ សូរងក រំលេចដោយមាស គុជខ្យង និងត្បូងមានតម្លៃ បន្តោងជី ឬជីធំ ដែលធ្វើអំពីមាស ជាគ្រឿងដាំត្បូង រាងសណ្ឋានស្លឹកសីមា ព្រមទាំងអំបោះមន្តអាគម ពាក់ជាសង្វារឆៀងប្រដាប់កាយ ដែលជាដើមចមនៃតំណសម័យក្រោយៗ។ លើសពីនេះ គឺទម្រង់នៃសំពត់ ក៏ដូចជាគ្រឿងអលង្ការនានាក្នុងនាមជា "អធិរាជ ឬ នរេន្រ្ទអាណាចក្រចេនឡា"។
គណៈកម្មការកម្មវិធីប្រកួត Mister Cambodia បាន សម្រេច វិនិច្ឆ័យលើកយកឈុតបុរាណតំណាងជាតិខ្មែរនេះ ព្រោះលក្ខណៈពិសេសរបស់ឈុតបង្ហាញនូវប្រវត្តិសាស្ត្រនៃភាពរុងរឿង ប្រពៃណីទំនៀមទម្លាប់នៃអាណាចក្រចេនឡា ដែលជាវប្បធម៌ដ៏ចំណាស់ និងសម្បូរបែបនៃកម្ពុជា និងជាមរតកតំណសម្រាប់កម្ពុជានាសម័យក្រោយៗទៀត។
ទន្ទឹមនឹងនេះ មានបំណងបង្ហាញពិភពលោកបានដឹងថា វប្បធម៌ អរិយធម៌កម្ពុជា ពុំមែនល្បីល្បាញ តែក្នុងសម័យអង្គរប៉ុណ្ណោះទេ។ ប៉ុន្តែវប្បធម៌ អរិយធម៌រុងរឿងនេះបានចាក់ឫសគល់តាំងពីអាណាចក្រភ្នំដ៏ល្បីល្បាញ ហើយបន្តមកដល់សម័យចេនឡា ក៏ដូចជាសម័យអង្គរជាដើម។
ក្នុងកម្មវិធី Mister Global 2018 លោក ឌី វណ្ណដា អាយុ ២២ ឆ្នាំ ជាបេក្ខជនតំណាងកម្ពុជាទៅចូលរួមប្រជែងជាមួយបេក្ខជនប្រមាណ៣៧នាក់ មកពីប្រទេសផ្សេងៗ។ កម្មវិធីនេះ ប្រកួតផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ដោយរៀបចំឡើងនៅប្រទេសថៃ ៕
រូបភាព៖ Mister Cambodia