យុវជនម្នាក់នេះបោះបង់បំណងប្រាថ្នាអ្នកមានគុណ មកចាប់យកអាជីពជាគ្រូរាំ Hip Hop

  • 2018-07-17 04:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាច់​រាំ​ Hip Hop ក៏​អាច​នាំ​យក​វប្បធម៌​ខ្មែរ​ និង​ប្រទេសខ្មែរ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​ផងដែរ ពី​ព្រោះ​ជា​ចង្វាក់​អន្តរជាតិ ហើយ​ទទួល​ស្គាល់​លើ​ពិភពលោក​ ដែលខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​នេះ​ជា​ពាក្យ​សម្ដី​របស់​យុវជន​វ័យ​២៦ឆ្នាំ ជាគ្រូ​បង្ហាត់​ក្បាច់​រាំ​ Hip Hop ស៊ឹម ជីនណារ៉ូ ម្ចាស់ក្លិបរាំ Hip Hop The Cambo។

តាំង​ពី​ឆ្នាំ​ ២០១២ យុវជន ជីនណារ៉ូ ប្រឡូក​ចូល​ក្នុង​ការ​រាំ ចង្វាក់​ Hip Hop ក្រោយ​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនាគារ ដែល​ជា​បំណង​របស់​ឪពុក​ម្តាយ។ ណារ៉ូ ប្រាប់​ថា ​ខណៈ​នោះ​ អ្នក​មាន​គុណ​ក៏​ផ្ដាច់​សេដ្ឋកិច្ច​ ព្រោះតែ រូប​គេ​ទៅ​ចាប់​អាជីព​ជា​អ្នក​រាំ ​ដោយ​សារ​ការ​ស្រលាញ់​ ពេញចិត្ត​ លើស​អ្វី​ទាំង​អស់​។ មិន​យូរ​ប៉ុន្មាន​ការ​តស៊ូ​របស់​ គ្រូ​រាំ​ម្នាក់​នេះ ​បាន​នាំ​រូបគេ​ឱ្យ​ធ្វើ​ដំណើរ​ជា​ច្រើន​ប្រទេស​ដើម្បី​បង្ហាញ​ទេព​កោសល្យ​ និង​រៀន​សូត្រ​បន្ថែម​លើ​សិល្បៈ​នៃ​ការ​រាំ Hip Hop។

ណារ៉ូ និងក្រុមរាំជាច្រើនប្រទេស

ដើម្បី​ស្វែង​យល់​ពី​សិល្បៈ​នៃ​ការ​រាំ ពី​អន្តរ​ជាតិ​ ណារ៉ូ បានទៅធ្វើដំណើរ ៥ ប្រទេស​ ដូចជា ថៃ វៀតណាម ភីលីពិន ម៉ាឡេស៊ី​ និងប្រទេសចិនជាដើម ជួបជាមួយគ្រូរាំ Hip Hop ។ ក្នុងដំណើរៀនសូត្ររបស់ ណារ៉ូ រូបគេតែង​បាន​សួរ​នាំ​ អំពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ថា​តើ​អ្នក​ស្គាល់​កម្ពុជា​ ឬ​អត់​? តែ​ចម្លើយ​ដ៏​វិប្បយោគ​ បាន​ប្រាប់​ថា មិន​ស្គាល់​ទេ ព្រោះ​គេ​មិន​ល្បី​ ហើយ​បរទេស​ទាំង​អស់​នោះ​ស្គាល់​ត្រឹម​ ប្រទេស​ថៃ​ វៀតណាម និង​ឡាវ​ប៉ុណ្ណោះ​។

ចម្លើយ​ទាំង​អស់​នេះ​ហើយ​ជំរុញ​ចិត្ត​ ណារ៉ូ ឱ្យ​គិត​ថា ខ្លួន​នឹង​នាំ​យក​ទង់​ជាតិ​ខ្មែរ​តាម​រយៈ​ Hip Hop ដែល​ខ្លួន​មាន​ជំនាញ​យក​ទៅ​ប្រកួត​ជាមួយ​បរទេស ​ហើយ​នឹង​យក​សិល្បៈ​របស់​ខ្មែរ​ដូច​ជា​របាំ​អប្សរា របាំ​ខ្មែរ​ផ្សេង​ទៀត​មក​លាយ​បញ្ចូល​គ្នា​នឹង​ Hip Hop ដើម្បី​ឱ្យ​បរទេស​ បាន​ស្គាល់​ពី​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ត្បិតតែយុវជនម្នាក់នេះចូលចិត្តចង្វាក់រាំ Hip Hop មែន តែក្បាច់រាំរបស់ខ្មែរ ទាំងប៉ុន្មានរូបគេចេះរាំយ៉ាងស្ទាត់ជំនាញ ហើយមានពេលខ្លះក៏ធ្លាប់បង្ហាញដល់បរទេសផងដែរ។ យុវជនរូបនេះ បន្តថា «យើងគួរចែកឱ្យដាច់អំពីសិល្បៈ និងជាតិនិយម ដែលមិនរីកចំរើន ក្នុងបណ្តាលប្រទេសរីកចម្រើនជាច្រើន គេទៅមុខ គេរកឃើញអ្វីៗថ្មីៗ ដើម្បីបំពេញតម្រូវការ ការរស់នៅ ការកម្សាន្ត ហើយគេបើកចិត្តទូលាយ និង បន្តអភិវឌ្ឍ»។

ជាគំនិតល្អ និងការតាំងចិត្តរបស់ណារ៉ូ ឆ្នាំក្រោយនេះ រូបគេនឹងដឹកនាំក្រុមរាំពីកម្ពុជាដើម្បីធ្វើ​ការប្រកួតក្បាច់ រាំ Hip Hop តាមបណ្តាល់ប្រទេស ហើយនឹងព្យាយាមដើម្បីឈានដល់ទឹកដីសហរដ្ឋអាមេរិក ដូចនឹងក្រុមហាត់រាំ ពីប្រទេស ថៃ ដែលខ្លួនស្គាល់បានទៅដល់។ យុវជនរូបនេះក៏សង្ឃឹមទៀតថា ខ្មែរអាចធ្វើបាន នឹងអាចនាំកេត្តិ៍ឈ្មោះត្រឡប់មក​គ្រួសារ និងប្រទេសជាតិរបស់ខ្លួន៕

អត្ថបទ៖ Sunny