លោក Mourinho លូក​មាត់​លូក​ក និយាយ​រឿង Ronaldo ទៅ​ Juventus

  • 2018-07-17 11:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ការណ៍​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទៅ Juventus នឹង​ធ្វើ​ឲ្យលីគ​កំពូល​អ៊ីតាលី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ច្រើន។

លោក Mourinho បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Tele Radio Stereo ថា៖ "ឥឡូវ​ ពួក​យើង​មើល​ឃើញ​បាល់ទាត់​ជា​បី​ជ្រុង​ធំៗ។ អ្នក​ទាំង​អស់​គ្នានឹង​ចាប់​អារម្មណ៍​បាល់​អ៊ីតាលី​ដោយ​សារ Ronaldo បាល់​អេស្ប៉ាញ​ដោយ​សារ Lionel Messi និង​បាល់​អង់គ្លេស ដោយ​សារ Premier League"។

លោក​ Mourinho បាន​ហៅ Serie A ថា​ជា​ "លីគ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពិភព​លោក" នៅពេលនេះ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បក​ស្រាយ​ច្រើន​ទេ ថា ម៉េច​បាន​ជា​លោក​អះអាង​ដូច​ខាង​លើ។

អ្នក​ចាត់​ការ​ព័រទុយហ្គាល់​ បាន​លើក​ឡើង​ទៀត​ថា អ្វី​ៗ​ក៏​អាច​ប្រែប្រួល​បាន​ក្នុង​បាល់ទាត់។ ក្រុម​បាល់ទាត់​ដូច​ជា Inter Milan, AC Milan និង Roma នៅ​ពេល​នេះ​បាន និងកំពុង​ប្រែប្រួល​ហើយ ខណៈ​ Juventus នឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្រោយ​ការ​ចូល​រួម​ជាមួយ​ខ្សែ​ប្រយុទ្ធ Ronaldo។

នៅ​ចុង​បញ្ចប់ អតីត​អ្នក​ចាត់​ការ​ Inter Milan បាន​អបអរ​សេះ​បង្កង់​ Juventus ចំពោះ​ការ​ផ្ទេរ​ដ៏​ធំ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Ronaldo បាន​យល់​ព្រម​ចូល​រួម​ Juventus។ តម្លៃ​ត្រូវ​បាន​ជឿ​ថា ស្ថិត​ក្នុង​រង្វង់​ ១០០ លាន​អឺរ៉ូ (ប្រមាណ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ កាល​ពី​ម្សិលមិញ កីឡាករ​បាន​ទៅ​ដល់​ក្លឹប​អ៊ីតាលី និង​ចុះ​កុងត្រា​ ៤ ឆ្នាំ​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម