កីឡាករ​ម្នាក់​ហាក់​ចង់​បែក​គ្នា​ជាមួយ Spurs បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង World Cup

  • 2018-07-17 13:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Toby Alderweireld ក្នុង​ថ្ងៃ​នេះ ហាក់​បង្ហាញ​ភាព​មិន​ច្បាស់​លាស់​អំពី​អនាគត​ខ្លួន​នៅ​ក្លឹប Tottenham Hotspur។

កីឡាករ Alderweireld ត្រូវ​បាន​គេ​មើល​ឃើញ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង World Cup លើក​នេះ។ ខ្សែ​ការពារ​បាន​លេង​ដល់​ទៅ ៦ ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​នេះ និង​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​បាន​លេង ៣។ ទោះ​ជា​យ៉ាង​ណា ការ​បង្ហាញ​ទម្រង់​លេង​បែប​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​កីឡាករ​មិន​សូវ​បាន​លេង​មិន​បាន​ជាប់​លាប់​ឲ្យ​ក្លឹប Spurs។ ដោយ​សារ​បញ្ហា​របួស​សរសៃ​ពួរ​អស់​រយៈ​ពេល​ ៣ ទៅ ៤​ខែ បូក​ផ្សំ​ជាមួយ​ការ​មិន​ដាក់​ឲ្យ​ចូល​លេង​ពី​សំណាក់​អ្នក​ចាត់​ការ Mauricio Pochettino ផង ធ្វើ​ឲ្យ​ខ្សែ​ការពារ​លេង​បាន​ត្រឹម ២១ ប្រកួត​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល ២០១៧/១៨។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ ខ្សែ​ការពារ Alderweireld បាន​និយាយ​ថា ខ្លួន​សប្បាយ​រីករាយ​ដែល​ខ្លួន​អាច​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង World Cup។ នេះ​បង្ហាញ​ថា ការណ៍​ដែល​អ្នក​ចាត់​ការ Spurs មិន​ដាក់​ខ្លួន​ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​មុន​ពេល World Cup គឺ​ជា​រឿង "មិន​សម"។

កីឡាករ​បាន​បន្ត៖ "ខ្ញុំ​ចង់​បង្ហាញ​គេ​ឯង​ថា ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​កាល​ពី​ខែ​វិច្ឆិកា (មុន​ពេល​រង​របួស​ខ្សែ​ពួរ)”។

នៅ​ចុង​បញ្ចប់​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា យល់​យ៉ាង​ណា​អំពី​អនាគត​នៃ​អាជីព​ខ្លួន ខ្សែ​ការពារ​បែលហ្សិក​បាន​និយាយ​យ៉ាង​ខ្លី​ថា៖ "ខ្ញុំ​មិន​ទាន់​ដឹង​ទេ​នៅ​ពេល​នេះ។ ឥឡូវ​ខ្ញុំ​នឹង​រៀប​ចំ​ទៅចូលហាត់ជាមួយ Tottenham វិញ តែ​ចំពោះ​រឿង​ថ្ងៃមុខអី​ផ្សេង​ទៀត ចាំ​មើល​សិន"។

កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ក្លឹប​បិសាច​ក្រហម Manchester United កំពុង​តាម​ទិញ​យ៉ាង​ប្រកិត​កីឡាករ Alderweireld ពី​ក្លឹប Spurs៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី