ចេះ៨ក្បាច់នេះ ចង់ប្រឡងចូលស្ថាប័នរដ្ឋដឹងតែជាប់ហើយ កុំខ្វល់មានខ្សែអត់ខ្សែ

  • 2018-07-18 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្សិត និង​យុវជន​ជា​ច្រើន​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ភាគ​ច្រើន​មាន​គោល​បំណង​ចង់​បម្រើ​ការងារ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ដែល​ត្រូវ​ជំនាញ​របស់​ខ្លួន​។ ដូច្នេះ តើ​មាន​គន្លឹះ ឬ ចំណុច​អ្វី​ខ្លះ​ដែល​ត្រូវ​ត្រៀម ​ដើម្បី​អាច​ប្រឡង​ជាប់​ជា​ស្ថាពរ​ ? ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ជាក់ស្ដែង​របស់​យុវជន​មួយ​ចំនួន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្នុង​ស្ថាប័ន​រដ្ឋ​នានា​ក្នុង​ប្រទេស​កម្ពុជា។

រូបតំណាង (ទីស្ដីការគណៈរដ្ឋមន្ត្រី)

**១. ស្រាវជ្រាវ​ឯកសារ​ដែល​ពាក់ព័ន្ធ**

ជី ដានិត ​ប្រឡង​ជាប់​ជា​ស្ថាពរ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ ក្នុង​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ផ្នែក គណនេយ្យ​ និង​ហិរញ្ញ​វត្ថុ​ បាន​ប្រាប់​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ រឿង​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​បំផុត​នោះ​គឺ​ការ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ត្រូវ​ប្រឡង​។ ឯកសារ​ទាំង​នោះ​មាន​ដូចជា វិញ្ញាសា​ដែល​គេ​ធ្លាប់​ប្រឡង​កាល​ពី​ឆ្នាំ​ចាស់ តាម​ដាន​ឱ្យ​ជាប់​នៅ​ក្នុង​គេហទំព័រ​ក្រសួង​នីមួយៗ ​ស្គាល់​ពី​ស្ថាប័ន​នោះ​ឱ្យ​ច្បាស់ ជាពិសេស​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រសួង​នីមួយៗ​នោះ​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ ព្រោះ​សុទ្ធ​តែ​អាច​ចេញ​ពេល​ប្រឡង​ទាំង​អស់​។

២. តាម​ដាន​សិក្ខា​សាលា ​និង​អង្គ​ប្រជុំ​នានា

ដោយ​ឡែក កញ្ញា ស៊ិន សុមាល័យ ​ដែល​ទើប​តែ​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្លាយ​ជា​មន្ត្រី​ពេញ​សិទ្ធិ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រាប់​ថា ប្រសិន​បើ​ចង់​ប្រឡង​ចូល​ក្នុង​ក្រសួង​ណា​មួយ គឺ​ត្រូវ​ព្យាយាម​តាមដាន​ឱ្យ​ជាប់​​នៅ​ពេល​ដែល​មាន​សិក្ខាសាលា អង្គប្រជុំ​នានា។ ម៉ាល័យ បន្ត​ទៀត​ថា ​ជាទូទៅ​ក្នុង​សិក្ខាសាលា ឬ​អង្គប្រជុំ​មួយ ​តែង​លើក​ឡើង​ពី​បញ្ហា​ប្រឈម ទិសដៅ ចក្ខុវិស័យ ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ជា​ច្រើន ទាំង​អស់​នេះ​ហើយ​នឹង​ក្លាយ​ជា​វិញ្ញាសា​ប្រឡង​ចេញ​មិន​ហួស​​ឡើយ​។​

៣. ​តាមដាន​ព័ត៌មាន​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន

ដានិត យុវជន​វ័យ​ក្មេង​ទើប​តែ​ប្រឡង​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​លើក​ដំបូង​ តែ​ទទួល​បាន​ជោគជ័យ​រូប​នេះ​បន្ត​ទៀត​ថា ចំពោះ​​វិញ្ញាសា​វប្បធម៌​ទូទៅ ភាគ​ច្រើន​ជា​សំណួរ​ទាក់ទង​នឹង​រឿងរ៉ាវ ឬ​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ។ ដូច្នេះ​ហើយ​ប្រសិន​បើ​ពិត​ជា​តាំង​ចិត្ត​ចង់​ក្លាយ​ជា​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​ពិត​មែន ត្រូវ​តែ​ព្យាយាម​យកចិត្ត​ទុក​ដាក់​ និង​កត់ត្រា​នូវ​រាល់​ព្រឹត្តិការណ៍ ឬ​អ្វីៗ​ដែល​កើត​ឡើង​ថ្មីៗ​ទាក់ទង​នឹង​បញ្ហា​ប្រទេស​ជាតិ គឺ​សុទ្ធ​តែ​អាច​ក្លាយ​ជា​វិញ្ញាសា​ពេល​ប្រឡង​។

​​​​៤. បង្កើត​សំណួរ និង​ឆ្លើយ​ដោយ​ខ្លួន​ឯង

មន្ត្រី​ជាប់​ក្របខ័ណ្ឌ​ នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា កញ្ញា ស៊ិន សុមាល័យ ​លើក​ឡើង​ថា ​ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ពេល​ប្រឡង និង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​នោះ បន្ទាប់​ពី​ស្រាវជ្រាវ​វិញ្ញាសា​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ត្រូវ​រៀន​បង្កើត​សំណួរ និង​ឆ្លើយ​ដោយ​ខ្លួន​ឯង​។ នៅ​ពេល​ដែល​ធ្វើ​បែប​នេះ អាច​ធ្វើ​ឱ្យ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រឡង។ តាម​បទពិសោធន៍​ជាក់ស្ដែង​របស់​កញ្ញា​ផ្ទាល់ ​ពេល​ដល់​ថ្ងៃ​ប្រឡង​អ្វី​ដែល​កញ្ញា​បាន​ត្រៀម គឺ​ពិត​ជា​ចេញ​ក្នុង​ពេល​ប្រឡង​មែន ហើយ​បាន​ជំរុញ​ឱ្យ​ការ​សរសេរ និង​ធ្វើ​វិញ្ញាសា​ទាំង​នោះ​ប្រកប​ដោយ​ទំនុក​ចិត្ត​ កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​ទៀត​ផង​។​​

រូបតំណាង (អគ្គនាយកដ្ឋានពន្ធដារ)

៥. ប្រឹង​រៀន​ឱ្យ​ខ្លាំង​ពី​មហាវិទ្យាល័យ

អ្នក​ជាប់​ការងារ​រដ្ឋ​មួយ​ចំនួន​ធំ​និយាយ​ស្រដៀង​គ្នា​ថា ត្រូវ​រៀន​ឱ្យ​ច្បាស់​ពី​សាកលវិទ្យាល័យ​ឱ្យ​ហើយ​។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ​ពេល​ដែល​ដាក់​ពាក្យ​ប្រឡង​ចូល​ក្នុង​ក្រសួង​ណា​មួយ គឺ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ជំនាញ​ដែល​កំពុង​សិក្សា ​ព្រោះ​ពេល​ប្រឡង​ប្រាកដ​ជា​មាន​សំណួរ​ទាក់ទង​នឹង​ជំនាញ​។ ដូច្នេះ​ហើយ​ត្រូវ​ចេះ​ឱ្យ​ច្បាស់ ពេល​ប្រឡង​ប្រាកដ​ជា​អាច​ធ្វើ​បាន​ មិន​មែន​ឆ្លើយ ឬ​ធ្វើ​លំហាត់​ក្នុង​វិញ្ញាសា​ប្រឡង​បន្លំ​ៗ​នោះ​ទេ។

៦. ពង្រឹង​ភាសា​អង់គ្លេស

នៅ​តាម​ក្រសួង​នីមួយៗ​បច្ចុប្បន្ន​នេះ​សុទ្ធ​តែ​ត្រូវ​ការ​ភាសា​អង់គ្លេស។ ហេតុដូច្នេះ​ហើយ​ ត្រូវ​ចេះ​ភាសា​អង់គ្លេស​ឱ្យ​ច្បាស់ ​ទើប​អាច​ឆ្លង​កាត់​វិញ្ញាសា​ក្នុង​ពេល​ប្រឡង​បាន ដូចជា​ ការ​សរសេរ​សំណេរ សំណួរ​ចម្លើយ សំណួរ​ជ្រើស​រើស​ជា​ដើម​។

៧. ​សរសេរ​សារណា​​នៅ​ក្នុង​ក្រសួង​​ណា​មួយ​ដែល​ចង់​ប្រឡង​ចូល

​កញ្ញា ស៊ិន សុមាល័យ ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា បើ​មាន​គោល​បំណង​ចង់​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​មែន នៅ​ពេល​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា​គួរ​ជ្រើសរើស​ក្រសួង​ណា​មួយ​ដែល​ត្រូវ​ជំនាញ​យក​សរសេរ​ស្រាវជ្រាវ​។ ជាក់ស្ដែង មុននឹង​កញ្ញា​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ ជា​មន្រ្តី គណៈ​កម្មការ​មូលបត្រ​កម្ពុជា ក្រុម​របស់​កញ្ញា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធាន​មួយ​ នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​។ ការ​ស្រាវជ្រាវ​អនុវត្ត​ជាក់​ស្ដែង​នេះ​ហើយ ជា​ទុន​ដ៏​សំខាន់​ដើម្បី​ប្រឡង​ចូល​បាន​ជោគជ័យ និង​មាន​អាទិភាព​ផង​ដែរ​។

​​៨. យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សរសេរ

 ក្នុង​ពេល​ប្រឡង​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​សរសេរ​។ ដានិត​ប្រាប់​ថា សរសេរ​កុំ​ឱ្យ​ខុស​ច្រើន កុំ​លប់ សរសេរ​ឱ្យ​ត្រូវ​ចំណុច កុំ​អូស​បន្លាយ​វែង​ឆ្ងាយ គឺ​ត្រូវ​សរសេរ​ឱ្យ​ចំ​ៗ​តែ​ម្ដង​៕​

អត្ថបទ៖ វឌ្ឍនៈ