ប្រភេទភាពយន្ត​ហូលីវូដ​ទាំង​៤ យោង​ទៅ​តាម​ដើម​ទុន​និង​ដំណើរ​ការ​ផលិត

  • 2018-07-18 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​ជា​អ្នក​ស្រលាញ់​និង​គាំទ្រ​វិស័យ​ភាពយន្ត​ អ្នក​ប្រាកដ​ជា​អាច​ទាយ​ដឹង​ខ្លះៗ ហើយ​ថា​សព្វថ្ងៃ​នេះ​មាន​ភាពយន្ត​ប្រភេទ​ណា​ខ្លះ​នៅ​ហូលីវូដ។ ទោះ​បី​ជា​ភាពយន្ត​មាន​ប្រភេទ​បែប​បទ​ខុស​គ្នា មិនថា​ជា​ភាពយន្ត​បែប​ រន្ធត់​ មនោសញ្ចេតនា​ ឬ​វិទ្យាសាស្ត្រ ភាពយន្ត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ត្រូវ​ចែក​ជា​បួន​ប្រភេទ​សំខាន់ៗ គឺ​ប្រភេទ​ភាពយន្ត​ផលិត​ដោយ​គ្មាន​ដើម​ទុន ប្រភេទ​ដើម​ទុន​តិច ប្រភេទ​ដើម​ទុន​មធ្យម​ និង​ភាពយន្ត​បែប​ Blockbuster។

១. ប្រភេទ​គ្មាន​ដើម​ទុន

ឈុត​មួយ​ពី​ក្នុង​រឿង "Clerks"

ភាពយន្ត​ប្រភេទ​នេះ​ ភាគ​ច្រើន​ជា​ភាពយន្ត​ផលិត​ដោយ​និស្សិត​សិក្សា​ផ្នែក​ភាពយន្ត ដោយ​ចំណាយ​ទឹក​ប្រាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬ​ពេល​ខ្លះ​មិន​ចាំ​បាច់​ចំណាយ​ទឹក​ប្រាក់​ក៏​មាន។ តួអង្គ​ភាពយន្ត​ប្រភេទ​នេះ​អាច​ចូល​រួម​ថត​ដោយ​ស្ម័គ្រ​ចិត្ត​ ឬ​ផលិតករ​ប្រភេទ​នេះ​អាច​ជួល​តារា​ៗ​កម្រិត​ក្រោម​មក​ជួយ​តាម​រយៈ​ទឹក​ប្រាក់​បាន​មក​ពី​ការ​រៃ​អង្គាស។ ទឹក​ប្រាក់​ប្រភេទ​នេះ អាច​បាន​ច្រើន​រហូត​ដល់​​ជាង​ ៥០​ម៉ឺន​ដុល្លារ។ ជាក់​ស្ដែង​ភាពយន្ត "Clerks" របស់​​អ្នក​ដឹក​នាំ​រឿង Kevin Smith ចំណាយ​ដើម​ទុន​តែ​ជាង ២​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​អាច​រក​ចំណូល​បាន​ដល់​ទៅ ៣,២​លាន​ដុល្លារ។

២. ប្រភេទ​ដើមទុន​តិច

ភាពយន្ត​ប្រភេទ​នេះ​គឺ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភាពយន្ត​លក្ខណៈ​ឯករាជ្យ ដែល​អាច​ចំណាយ​ដើម​ទុន​ពី​ ១០​ម៉ឺន​ដុល្លារ​ ដល់​ជាង​៣​លាន​ដុល្លារ។ ភាពយន្ត​លក្ខណៈ Low Budget ជា​ប្រភេទ​ភាពយន្ត​មាន​ការ​ពេញ​និយម​ជា​ខ្លាំង ចំពោះ​ផលិតករ​ជំនាន់​ថ្មី​ ដែល​ពួក​គេ​អាច​សាកល្បង​ផលិត​នូវ​អ្វី​ដែល​ថ្មី ដោយ​មិន​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ច្រើន​ហួស​ហេតុ។ ជាក់​ស្ដែង​ភាពយន្ត​លក្ខណៈ​ Low Budget មួយ​ចំនួន​ពិត​ជា​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង។

ភាពយន្ត "Another Earth"

ភាពយន្ត​ "Another Earth” បញ្ចេញ​ឆ្នាំ ២០១១​ ចំណាយ​ដើម​ទុន​ផលិត ១០​ម៉ឺន​ដុល្លារ​រក​ចំណូល​បាន ១,៣១៦,០៧៤​ដុល្លារ​។ ភាពយន្ត​ "Paranormal Activities” បញ្ចេញ​ឆ្នាំ ២០០៧ ចំណាយ​ដើម​ទុន​ផលិត​ ១​ម៉ឺន​៥​ពាន់​ដុល្លារ​ហើយ​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ​ជាង ១៩៣​លាន​ដុល្លារ​ទូទាំង​ពិភពលោក។​ ភាពយន្ត "Buried” ឆ្នាំ​២០១០​ចំណាយ​ដើម​ទុន ៣​លាន​ដុល្លារ រក​ចំណូល​បាន​ជាង ១៩​លាន​ដុល្លារ។​

ភាពយន្ត​ "Paranormal Activity"
ភាពយន្ត "Buried"

៣. ភាពយន្ត​លក្ខណៈ​ដើម​ទុន​មធ្យម

ភាពយន្ត​ប្រភេទ​នេះ អាច​ត្រូវ​គេ​​ចាត់​ទុក​ថា​ជា​ប្រភេទ​ភាពយន្ត​ដែល​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់។ ដូច្នេះ​មុន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត ផលិតករ​និង​អ្នក​និពន្ធ​តែង​តែ​ចំណាយ​ពេល​ជា​ច្រើន ដើម្បី​សិក្សា​ឲ្យ​បាន​ដិត​ដល់​ មុន​នឹង​ចាប់​ផ្ដើម​គម្រោង។ ភាពយន្ត​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ Medium Budget គឺ​អាច​ស្ថិត​នៅ​ចន្លោះ​ពី ៥លាន​ដុល្លារ​ទៅ​ដល់ ៣០​លាន​ដុល្លារ។ ចំពោះ​ដើម​ទុន​ចំនួន​នេះ​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​បែប​ឯករាជ្យ​ផង​ដែរ ប៉ុន្តែ​មាន​តិច​តួច​ចំពោះ​ដើម​ទុន​កម្រិត​នេះ។

ភាពយន្ត "The Conjuring"

ភាពយន្ត​ "The Conjuring” បញ្ចេញ​ឆ្នាំ ២០១៣ មាន​លទ្ធភាព​រក​ចំណូល​ដល់​ទៅ​ជាង ៣០០​លាន​ដុល្លារ​ទូទាំង​ពិភពលោក ដោយ​ចំណាយ​ដើម​ទុន​តែ ២០​លាន​ដុល្លារ ព្រម​ទាំង​មាន​លទ្ធភាព​បញ្ចេញ​ភាពយន្ត​សែស្រឡាយ​នេះ​ជា​បន្ត​បន្ទាប់។ ភាពយន្ត​ "Juno” បញ្ចេញ​ឆ្នាំ​ ២០០៨ ចំណាយ​ដើម​ទុន​ជាង ៧​លាន​ដុល្លារ ហើយ​រក​ចំណូល​បាន​ដល់​ទៅ​ជាង​ ២៣០​លាន​ដុល្លារ។ ភាពយន្ត "Slumdog Millionaire” ចំណាយ​ដើម​ទុន​ផលិត ១៥​លាន​ដុល្លារ​ រក​ចំណូល​បាន​ជាង ៣៧៧​លាន​ដុល្លារ។

ភាពយន្ត "Juno"
ភាពយន្ត "Slumdog Millionaire"

៤. ភាពយន្ត​ចំណាយ​ដើម​ទុន​ខ្ពស់ (Blockbuster)

ភាពយន្ត​ប្រភេទ​នេះ​ជា​ប្រភេទ​ភាពយន្ត​ដែល​កំណត់​ទុក​ស្រេច​ថា នឹង​រក​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ ពេល​ខ្លះ​ដល់​ពាន់​លាន​ដុល្លារ។ ភាគ​ច្រើន​ជា​ប្រភេទ​សែស្រឡាយ​ភាពយន្ត​ល្បីៗ​ ដូច​ជា "Avengers”, “Avatar” និង "Jurassic World” ជាដើម។ ភាពយន្ត​ប្រភេទ​នេះ​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​លំដាប់​កំពូល​នៅ​ហូលីវូដ​ ហើយ​ដើម​ទុន​ដែល​គ្រោង​ទុក​សម្រាប់​ផលិត​គឺ​ខ្ទង់​ជាង ៥០​លាន​ដុល្លារ​ និង​ច្រើន​ជាង​នេះ។ ជាក់​ស្ដែង​ភាពយន្ត "Pirates of the Caribbean: Dead Man's Chest” បញ្ចេញ​ឆ្នាំ ២០០៦ ចំណាយ​ដើម​ទុន​ជាង ២២៥​លាន​ដុល្លារ និង​ភាពយន្ត "Avengers: Infinity War” បញ្ចេញ​ឆ្នាំ ២០១៨ នេះ​ចំណាយ​ដើម​ទុន​ជាង ៣២១​លាន​ដុល្លារ៕

ភាពយន្ត "Avengers: Infinity War"
ភាពយន្ត "Pirates of the Caribbean: Dead Man's Chest"

​​​

ប្រភព៖ imdb | futurelearn   ប្រែ​សម្រួល៖ ធារ៉ូ