ល្បី​ថា​លោក Zidane នឹង​ទទួល​បាន​តំណែង​មួយ​នៅ​ក្លឹប Juventus

  • 2018-07-18 11:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ Real Madrid លោក Zinedine Zidane ក្នុង​ថ្ងៃ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ទទួល​បាន​តំណែង​មួយ​ក្នុង​ក្លឹប Juventus។

បើ​តាម​ Libertad Digital ហើយ​យក​មក​ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ​អេស្ប៉ាញ Marca ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា លោក Zidane ទទួល​បាន​តំណែង​ជា​ "ទី​ប្រឹក្សា" របស់​នាយក​ផ្នែក​កីឡា​របស់​ក្លឹប Juventus លោក Fabio Paratici។

សារព័ត៌មាន​ដដែល​បាន​អះអាង​ថា លោក Zidane នឹង​ចាប់​ផ្ដើម​ចូល​បំពេញ​តួនាទី​នេះ នៅ​ខែ​តុលា​ខាង​មុខ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​ផ្សាយ​នេះ ធ្វើ​ឡើង​ ២ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប Juventus។

កាល​នៅ​ជា​កីឡាករ អតីត​ខ្សែ​បម្រើ Zidane ធ្លាប់​លេង​ឲ្យ​ក្លឹប Juventus ពី​ឆ្នាំ ១៩៩៦ ដល់​២០០១។

លោក Zinedine Zidane ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ទទួល​ស្គាល់​ថា ជា​អ្នក​ចាត់​ការ​មួយ​ដ៏​ល្អ ដោយ​លោក​បាន​ជួយ​ក្លឹប Real Madrid ឲ្យ​ឈ្នះ​ពាន Champions League ដល់​ទៅ​បី​លើក​ជាប់​គ្នា ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ដែល​លោក​បាន​ដឹកនាំ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ឈ្នះ​ពាន Champions League លើក​ទី ៣ កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ ស្រាប់​តែ​លោក បាន​ប្រកាស "លា​លែង​" ពី​តំណែង​ជា​អ្នក​ចាត់​ការ​ក្លឹប​តែ​ម្ដង។ កាល​នោះ លោក​មិន​បាន​និយាយ​បក​ស្រាយ​ច្រើន​ទេ ដោយ​គ្រាន់​តែ​ថា៖ "ក្រោយ​រយៈ​ពេល ៣ ឆ្នាំ ការ​ផ្លាស់ប្ដូរ​គឺ​ចាំ​បាច់"៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី