ដំណឹងបន្ទាន់! អាជ្ញាធរ ឱ្យឡានតូចៗ បើកតាមផ្លូវជាតិលេខ៤ វិញ ក្រោយទឹកជំនន់ហូរកាត់ផ្លូវ

  • 2018-07-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក​ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​ចុះ​ផ្សាយ​ថា ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​សំរោង បានស្រក ដូច្នេះប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរ​ឡើង​វិញ​ សម្រាប់​រថយន្ត​តូច​ៗ ក្រោយ​មាន​ទឹក​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ​៤​ បាន​កើត​មាន​ខ្លាំង​ឡើង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។

ព័ត៌មាន​ចុង​ក្រោយ បន្ទាប់​ពី​ទឹក​បាន​ស្រក​ផុត​ស្ពាន និង​ផ្លូវជាតិ​ទាំង​ស្រុង​ហើយ គិត​តាំង​ពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ បាន​អនុញ្ញាត​ឱ្យ​រថយន្ត​តូច​ៗ ធ្វើ​ចរាចរ​ឡើងវិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ឯកឧត្ដម ចាន់ យុត្ថា ធ្លាប់​បាន​ប្រាប់​ Sabay ថា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំនន់​កាត់​តាម​ផ្លូវជាតិ​លេខ​៤​យ៉ាង​គំហុក​នេះ ដោយ​សារ​ទឹក​កំពុង​ហូរ​ធ្លាក់​ពី​ភ្នំ​ឱរ៉ាល់ ដែល​ជា​ភ្នំ​មួយ​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង។

សូមរំលឹកថា ដើម្បី​សុវត្ថិភាព​អ្នក​ដំណើរ អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្លូវ​ត្រង់​ចំណុច​ដែល​មាន ទឹក​ជំនន់​នៅ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦) មាន​ប្រវែង​ប្រហែល ១០០ម៉ែត្រ ត្រង់​ចំណុច​ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨​ និងបើកចរាចរវិញ សម្រាប់រថយន្តតូចៗ នៅព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។

រូបភាព៖ ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម

អត្ថបទ៖ ពៅ រក្សា