ក្លឹបAjax ផ្ញើ​សារ​ទៅ Barca ថា ទោះឲ្យ​ថ្លៃ​ប៉ុនណា ក៏​ក្លឹប​មិន​លក់​កីឡាករ​ពីរ​នេះ​ដែរ

  • 2018-07-19 11:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Ajax ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប​នឹង​មិន​លក់ ខ្សែ​ការពារ Matthijs de Ligt និង ខ្សែ​បម្រើ Frenkie de Jong ឡើយ ទោះ​ក្លឹប​ដែល​ចាប់​អារម្មណ៍​ឲ្យ​តម្លៃ​ប៉ុនណា​ក៏​ដោយ។

ខ្សែ​បម្រើ Frenkie de Jong

ពេល​ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​កីឡាករ​ទាំង​ពីរ​ខាង​លើ នាយក​ផ្នែក​កីឡា​របស់​ក្លឹប​ហុល្លង់ លោក Marc Overmars បាន​និយាយ​ថា៖ "យើង​នឹង​មិន​លក់ Frenkie ទេ ក្នុង​រដូវ​កាល​ដោះ​ដូរ​លើក​នេះ ហើយ​ខ្ញុំ​បាន​ប្រាប់​ភាគី​ពាក់ព័ន្ធ​រួច​រាល់​អស់​ហើយ​។ Matthijs ក៏​អ៊ីចឹង​ដែរ។ ក្លឹប​ដែល​ចាប់​អារម្មណ៍ ចាំ​ឆ្នាំ​ក្រោយ ចាំ​មក​ទាក់ទង​ទៀត"។

ខ្សែ​ការពារ Matthijs de Ligt

លោក​នាយក​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​លំបាក​ដែរ ក្នុង​ការ​រក្សា​ទុក​កីឡាករ​ល្អ​ក្នុង​ស្ថានភាព​ទី​ផ្សារ​ផ្ទេរ​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា កីឡាករ​ទាំង​ពីរ​ខាង​លើ គឺ​ជា​កីឡាករ​ដែល​ក្លឹប​ត្រូវ​ទុក​ឲ្យ​បាន​ក្នុង​រដូវ​កាល​ដោះ​ដូរ​នេះ។

លោក Overmars បន្ត៖ “Frenkie de Jong, Donny van de Beek និង Matthijs de Ligt នឹងមិនត្រូវបានក្លឹបលក់​ឡើយ ក្នុង​រដូវ​កាល​ដោះ​ដូរ​លើក​នេះ ទោះ​ជា​មាន​ក្លឹបឲ្យតម្លៃ​ច្រើន​ប៉ុនណា​ក៏​ដោយ។ ពួក​គេ​គួរ​ត្រៀម​លេង ៤០ ប្រកួត​ឲ្យ Ajax នា​រដូវ​កាល ២០១៨/១៩"។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើ​ Frenkie de Jong ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅ Ajax។ កីឡាករ​វ័យ ២១ ឆ្នាំ លេង​សរុប ២៦ ប្រកួត​ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន។

ចំណែក​ខ្សែ​ការពារ Matthijs de Ligt វិញ ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ មិន​ធម្មតា​ដែរឲ្យ​ក្លឹប​ហុល្លង់។ ទោះ​ជា​មាន​វ័យ​ក្មេង​ទើប ១៨ ឆ្នាំ កាល​ពី​រដូវ​កាល​មុន កីឡាករ​បាន​លេង​ដល់​ទៅ ៣៧ ប្រកួត និង​ស៊ុត​ចូល​ ៣ គ្រាប់។

កន្លង​មក​ មាន​ក្លឹប​ធំៗ​ជា​ច្រើន ជា​ពិសេស Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំពុង​តាម​ទិញ​កីឡាករ​ទាំង​ពីរ។

ជំហរ​មាំ​របស់ Ajax នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្លឹប​ទើប​លក់​កីឡាករ​ប្រយុទ្ធ​វ័យ​ ១៩ ឆ្នាំ Justin Kluivert ក្នុង​តម្លៃ​ប្រមាណ ១៧ លាន​អឺរ៉ូ (ជិត​ ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ទៅ​ឲ្យ Roma កាល​ពី​ខែ​មុន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម