អេង មុនីរ័ត្ន ជាប់ជាអ្នកធ្វើការលើយន្តហោះថ្មីៗ ប្រាប់គន្លឹះសំខាន់ៗបំផុតសម្ភាសន៍ឲ្យជាប់

  • 2018-07-20 05:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​រូប​ស្រស់ អេង មុន្នី​រ័ត្ន​ ទើប​តែ​សម្ភាសន៍​ និង​ធ្វើ​តេស្ត​ជាប់​ជា​ស្ថាពរ​ក្លាយ​ជា​អ្នក​ធ្វើការ​លើ​យន្តហោះ ( Cabin Crew) ឲ្យ​ក្រុមហ៊ុន​ជើង​ហោះហើរ JC International Airline ​កាល​ពី​ដើម​ឆ្នាំ​២០១៨ ថ្មី​ៗ​នេះ​បាន​ចែក​រំលែក​ពី​ជីវិត​តស៊ូ ការ​អត់ធ្មត់ រហូត​ទទួល​បាន​ការងារ​មួយ​ដែល​នារីៗ​ជា​ច្រើន​ប្រាថ្នា​ចង់​ធ្វើ។ ជាពិសេសនោះក៏បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីសម្ភាសន៍ឲ្យទទួលបានជោគជ័យនៅក្នុងក្រុមហ៊ុនជើងហោះហើរ។ តទៅនេះ Sabay សូមបង្ហាញគន្លឺះសំខាន់ៗ និងជីវិតតស៊ូដូចខាងក្រោមនេះ៖

១. ពេល​ដាក់​ពាក្យ​សំខាន់​បំផុត​ការ​ជ្រើស​រើស​រូប​ថត​ភ្ជាប់​ជាមួយ

ជា​ធម្មតា​ក្រុមហ៊ុន​ជើង​ហោះ​ហើរ​នានា តែង​តម្រូវ​ឲ្យ​ភ្ជាប់​រូប​ថត​មួយ​ជំហរ​ខ្លួន​១​សន្លឹក ឬ​២​សន្លឹក។ ជា​បទ​ពិសោធន៍​របស់​កញ្ញា យក​ល្អ​មិន​ចាំបាច់​ទៅ​ថត​នៅ​ក្នុង​ Studio ឡើយ​ព្រោះ​ដឹង​តែ​គេ​មិន​យក​តែ​ម្ដង គួរ​តែ​ប្រើ​រូប​ធម្មជាតិ​បង្ហាញ​សម្រស់​ពិតៗ​វិញ​ល្អ​ជាង។ ជាក់​ស្ដែង​កញ្ញា​បាន​ដាក់​រូប​ដែល​ថត​នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ជា​រូប​ដែល​មិន​មាន​ការ​ Make Up អ្វី​ឡើយ​គឺ​រូប​សាមញ្ញ​បែប​ធម្មជាតិ។ ចំណែក​ឯកសារ​សំខាន់ៗ​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​ដែរ​នោះ គឺ​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណ​បណ្ណ។

២. ភាសា​បរទេស

ចំពោះ​ភាសា​បរទេស​វិញ​គេ​តម្រូវ​ឲ្យ​ចេះ​ច្រើន​ភាសា តែ​ចំពោះ​មុនី​រ័ត្ន ចេះ​តែ​ភាសា​អង់គ្លេស​តែ​មួយ​គត់ ប៉ុន្តែ​នៅ​តែ​អាច​ជាប់​បាន​ឲ្យ​តែ​ចេះ​ច្បាស់​លាស់។ ដូច្នេះ​មាន​ន័យ​ថា ពេល​ខ្លះ​មិន​ចាំបាច់​តែ​ចេះ​ច្រើន​ភាសា​ទើប​ជាប់​នោះ​ទេ ឲ្យ​តែ​មាន​លក្ខណៈ​សម្បត្តិ​ច្រើន និង​ចំណុច​ពិសេស​ក៏​អាច​ជាប់​ដូច​គ្នា។ អ្វី​ដែល​សំខាន់​បើ​មិន​ចេះ​ច្រើន​ភាសា សូម​ឲ្យ​តែ​អង់គ្លេស​ចេះ​ឲ្យ​ច្បាស់ បើ​ចេះ​លំៗ​មិន​ជាប់​ឡើយ ព្រោះ​អង់គ្លេស​ប្រើប្រាស់​ច្រើន​ជាង​ភាសា​ណា​ទាំង​អស់​នៅ​លើ​យន្តហោះ។

៣. រោះរាយ​រាក់ទាក់ និង​មាន​ភាព​ចាស់​ទុំ​ច្រើន

ជា​អំណោយ​ផល​ពី​ធម្មជាតិ​របស់​កញ្ញា​ស្រាប់ ដូច្នេះ​វា​អាច​ជា​ភាព​ទាក់ទាញ​មួយ​សម្រាប់ ​មុនី​រ័ត្ន។ ស្នាម​ញញឹម រោះរាយ​ ក្លាហាន និង​មាន​ភាព​ចាស់​ទុំ​ក្នុង​ពេល​ទៅ​សម្ភាស គឺ​សំខាន់​បំផុត​ប្រសិន​បើ​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​អ្នក​សម្ភាស។ ព្រោះ​នៅ​លើ​យន្តហោះ​ត្រូវ​ជួប​មនុស្ស​ជា​ច្រើន មាន​ជាតិ​សាសន៍​ផ្សេង​គ្នា ហើយ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ប្រឈម។ ដូច្នេះ​ភាព​រោះរាយ ការ​អត់ធ្មត់ មិន​ឆេវឆាវ ឥរិយាបថ​ថ្លៃថ្នូរ​សុភាព​រាបសា​គឺ​សំខាន់​បំផុត។

៤. ការ​តុបតែង​ខ្លួន​គឺ​សំខាន់​បំផុត

ក្នុង​ពេល​ទៅ​សម្ភាសន៍ ចំណុច​សំខាន់​បំផុត​នោះ គឺ​ការ​តុបតែង​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្អាត​មាន​របៀបរៀបរយ​បង្ហាញ​ពី​សម្រស់​របស់​ខ្លួន​ឯង។ មុនី​រ័ត្ន​ ប្រាប់​ថា​ពេល​ទៅ​សម្ភាស​គួរ​ពាក់អាវ​វាល​ក្លៀក ស្លៀកសំពត់​ត្រឹម​ជង្គង់។ ចំពោះ​មុខ​ត្រូវ​ Make up បែប​ធម្មជាតិ​ឲ្យ​បាន​ស្អាត បួង​សក់​ទៅ​លើ។ ព្រោះ​គេ​ត្រូវ​មើល​ថា​តើ​ដៃ​ជើង មាន​សន្លាក់ មាន​ស្នាម ឬ​របួស​ត្រង់​ណា​ទេ។

៥. ស្រាវជ្រាវ​ខ្លះៗ​ពី​តួនាទី​របស់​អ្នក​ធ្វើ​ការ​លើ​យន្តហោះ

ក្នុង​ពេល​សម្ភាស​គេ​នឹង​សួរ​ខ្លះៗ ​ពី​ការងារ​របស់​អ្នក​បម្រើ​ការ​លើ​យន្តហោះ។ ដូច្នេះ​គួរ​តែ​ស្រាវ​ជ្រាវ​ខ្លះៗ ជា​ពិសេស​សម្រាប់​អ្នក​មិន​ដែល​ជិះ​យន្តហោះ​សោះ​ដូច​ជា​កញ្ញា​ផ្ទាល់។

៦. បញ្ហា​សុខភាព និង​ត្រូវ​ចេះ​ហែល​ទឹក

សុខភាព​កាន់​តែ​សំខាន់​ សម្រាប់​អ្នក​ចង់​ធ្វើ​ការ​លើ​យន្តហោះ។ គណៈកម្មការ​សម្ភាសន៍​នឹង​ត្រួត​ពិនិត្យ​ទៅ​លើ​កាយ​សម្បទា ​​ថា​តើ​រឹង​មាំ​ដែរ​ឬ​ទេ? ហើយ​ត្រូវ​ទៅ​ពនិត្យ​សុខភាព​រក​មើល​ជំងឺ​ផ្សេងៗ​ទៀត។ ប្រសិន​បើ​សុខភាព​មិន​ល្អ ទោះ​មាន​ចំណេះ​ដឹង​ និង​សមត្ថភាព​ប៉ុណ្ណា​ក៏​ពិបាក​ជាប់​ដែរ។ បន្ថែម​លើ​ពី​នេះ​ក៏​ត្រូវ​ចេះ​ហែល​ទឹក​ឲ្យ​បាន​ស្ទាត់​ជំនាញ​ផង​ដែរ។

៧. ការ​គោរព​ពេល​វេលា

ក្នុង​ពេល​ទៅ​សម្ភាសន៍​ហាម​យឺត​ឲ្យ​សោះ ព្រោះ​នេះ​ជា​ចំណុច​ដែល​អ្នក​ជ្រើស​រើស​កត់​សម្គាល់​ខ្លាំង​បំផុត។ ប្រសិន​បើ​គេ​ណាត់​ម៉ោង​ប៉ុន្មាន គឺ​ត្រូវ​តែ​ទៅ​តាម​ការកំណត់​មិន​អាច​លើស​សូម្បី​តែ​១​នាទី។ អ្នក​ធ្វើ​ការ​លើយន្ត​ហោះ គឺ​តឹងរ៉ឹង​បំផុត​ពេល​វេលា បើ​ជើង​ហោះហើរ​ត្រូវ​ចេញ​ម៉ោង​ប៉ុន្មាន គឺ​ម៉ោង​ប៉ុណ្ណឹង​ហើយ មិន​ដូច​ការងារ​លើ​ដី​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា អេង មុនីរ័ត្ន។

៨. ការ​ហ្វឹក​ហាត់​ក្រោយ​ជាប់​សម្ភាសន៍

ក្រោយ​ជាប់​ការ​សម្ភាសន៍​ហើយ ក៏​មិន​ប្រាកដ​ថា​ជាប់​ជា​ស្ថាពរ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ការ​អនុវត្ត​ជាក់​ស្ដែង លើ​យន្តហោះ​តែ​ម្ដង។ ចំពោះ​ក្រុមហ៊ុន​ជើង​ហោះហើរ​របស់​កញ្ញា ត្រូវ​ធ្វើ​ការ​ហ្វឹកហាត់​៨​ជើង ហើយ​ក្នុង​នោះ​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ត្រូវ​មាន​មើល​មេរៀន​និង​ឯកសារ​សំខាន់​ៗ ដែល​គេ​ទម្លាក់​ឲ្យ។ ក្រោយ​ជាប់​ការ​ហ្វឹក​ហាត់​នោះ​ហើយ ទើប​ក្លាយ​ជា​ Cabin Crew មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

ប្រវត្តិសិក្សា និងការតស៊ូ របស់កញ្ញា អេង មុនីរ័ត្ន៖

យុវតី​វ័យ​២៨​ឆ្នាំ​រូប​នេះ មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ មាន​បងប្អូន​២​នាក់​នៅ​ក្នុង​គ្រួសារ។ មុនីរ័ត្ន ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០០៩ ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ប៊ែលធី លើ​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ទាំង​ខ្លួន​ឯង​មិន​ទាន់​ចេះ​ភាសា​អង់គ្លេស​សូម្បី​តែ​ពាក្យ Hi, Hello ផង​នោះ។ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​នារី​រូប​ស្រស់​ធ្វើ​ការ​លើយន្តហោះ​​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រូប​នេះ​តូច​ចិត្ត​ឡើយ ផ្ទុយ​មក​វិញ​មុនីរ័ត្ន​ខិត​ខំ​ចាប់​ជំនាញ​នេះ​យ៉ាង​ច្បាស់​លាស់ ហើយ​ថែម​ទាំង​ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ​ទៀតផង។

ប្រាក់​ខែ​ដែល​មុនីរ័ត្ន​ទទួល​បាន​ដំបូង​បំផុត​ក្នុង​ជីវិត​ការងារ ត្រឹម​តែ​១៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ។ ធ្វើ​ការ​ពី​ច័ន្ទ ដល់​សុក្រ ហើយ​រៀន​ថ្ងៃ​ចុង​សប្ដាហ៍​ផង​នោះ មុនី​រ័ត្ន មិន​ដែល​មាន​ពេល​វេលា​ទំនេរ​ដើរ​លេង​សប្បាយ​ជួប​ជុំ​មិត្ត​ភក្ដិ​នោះ​ទេ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​រូប​នាង​មិន​សូវ​មាន​មិត្តភក្ដិ​ច្រើន​ដូច​គេ។ ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​តូច​ចិត្ត​ពេល​ដែល​ក្រឡេក​ឃើញ​អ្នក​ដទៃ មិន​បាច់​ធ្វើ​ការ​ផង​រៀន​ផង គេ​អាច​រៀន​ដល់​ទៅ​ពីរបី​ជំនាញ​ក្នុង​ពេល​តែ​មួយ ខុស​ស្រឡះ​ពី​រូប​នាង​ត្រូវ​ធ្វើ​ការ​ ដើម្បី​រក​លុយ​មក​រៀន។

លុះ​ក្រោយ​មក​ទៀត មុនីរ័ត្ន​ បាន​ផ្លាស់​ប្ដូរ​ការងារ​ជា​បន្ត​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ ហើយ​ប្រាក់​ខែ​ចេះ​តែ​កើន​ឡើង​តាំង​ពី​២០០ ដល់​៣០០​ដុល្លារ​ ដែល​ជា​ប្រាក់​ខែ​ចុង​ក្រោយ​ពេល​ដែល​រូប​នាង​បាន​ធ្វើ​ជា​ជំនួយ​ការ​ផ្នែក​រដ្ឋបាល​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ។ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ កញ្ញា​ក៏​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទៀត​លើ​ជំនាញ​ដដែល ដើម្បី​ឲ្យ​ចេះ​កាន់​តែ​ច្បាស់ ព្រោះ​កញ្ញា​ចងចាំ​ពាក្យ​ផ្ដាំ​របស់​លោក​ឪពុក​ថា បើ​រៀន​ជំនាញ​មួយ​ឲ្យ​ច្បាស់​មួយ កុំ​ចាប់​នេះ​ចាប់​នោះ​ចេះ​មិន​ច្បាស់។ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត មុនី​រ័ត្ន ប្រាប់​ថា​មិន​អាច​នៅ​តែ​ធ្វើ​ការ​ប្រាប់​ខែ​៣០០​ដុល្លារ​ទៀត​នោះ​ទេ ទើប​កញ្ញា​​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ការ​លើ​យន្តហោះ​តែ​ម្ដង៕

​​​​​​​

អត្ថបទ៖ វឌ្ឍនៈ