ខ្សែ​ប្រយុទ្ធ​​កំពូល​៤​រូប​ដែល​លេង​បាន​តិច​ជាង​៩០​នាទី​នៅ World Cup

  • 2018-07-20 08:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup បាន​បញ្ចប់​ទៅ​ជិត​១​សប្ដាហ៍​ហើយ​ ក្រោយ​ប្រកួត​គ្នា​យ៉ាង​តានតឹង​អស់​ពេល​ប្រហែល​១​ខែ។​ ការ​ប្រកួត​នៅ​រុស្ស៊ី​លើក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ World Cup ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដោយ​សារ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​តាំង​ពី​វគ្គ​ចែក​ពូល​ និង​បន្ត​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ រហូត​ចុង​ក្រោយ​បារាំង​បាន​ក្លាយ​ជា​ជើង​ឯក។​

ក្រូអាត​, អង់គ្លេស​ និង​​ បែលហ្សិក​ បាន​ឡើង​រហូត​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​​គ្មាន​នរណា​នឹក​ស្មាន​ដល់​ស្រប​ពេល​ ប្រេស៊ីល​ អេស្ប៉ាញ អាហ្សង់ទីន​ អាល្លឺម៉ង់​ និង​អ៊ុយរ៉ាហ្គាយ​ជា​ដើម​ ​ធ្លាក់​ខ្ទេច​គ្មាន​សល់។​ ការ​ដើរ​ចេញ​ពី​កម្មវិធី​លឿន​ពេក​របស់​ក្រុម​ខ្លាំង​ៗ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​មួយ​ចំនួន​គ្មាន​ឱកាស​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ ដូច​ការ​រំពឹង​ទុក​។​ ខាង​ក្រោម​គឺ​​ខ្សែ​ប្រយុទ្ធ​៤​រូប​ដែល​លេង​បាន​តិច​ជាង​៩០​នាទី​នៅ World Cup៖

#១ Paulo Dybala

Paulo Dybala គឺ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​មួយ​រូប​របស់​អាហ្សង់ទីន​ ប៉ុន្តែ​រូប​គេ​ត្រូវ​គ្រូ​បង្វឹក​មើល​រំលង​ ហើយ​គ្មាន​ឱកាស​លេង​ច្រើន​ជាមួយ​ Lionel Messi ដូច​ Aguero, Di Maria និង​​ Higuain ទេ​ក្រោយ​ការ​ដឹកនាំ​របស់​លោក​ Sampaoli​ នៅ World Cup។ កីឡាករ​ដែល​ស៊ុត​២២​គ្រាប់​ នៅ​ Serie A រដូវ​កាល​មុន​លេង​បាន​ត្រឹម​ ២២​នាទី​ពី​ ៤​ប្រកួត​របស់​អាហ្សង់ទីន​ ដោយ​២២​នាទី​នោះ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជើង​ខ្លាំង​អាមេរិក​ឡាទីន​ចាញ់​ក្រូអាត​ ៣​ទល់​នឹង​០។​

#២ Roberto Firmino

ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​ និង​លេង​សឹង​គ្រប់​ប្រកួត​ឲ្យ​ Liverpool គឺ​ Roberto Firmino លេង​បាន​ត្រឹម​៨១​នាទី​ប៉ុណ្ណោះ​ពី​៤​ប្រកួត​របស់​ប្រេស៊ីល។ ទោះ​មិន​បាន​លេង​ជម្រើស​ដំបូង​ឲ្យ​ប្រេស៊ីល​ដូច​ Gabriel Jesus តែ​ Firmino ស៊ុត​ចូល​ទី​បាន​១​គ្រាប់​ទល់​នឹង​ម៉ិកស៊ិក​ជួយ​ក្រុម​រហស្សនាម​ថា​សាំបា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup។

#៣ Nabil Fekir

បារាំង​ជា​ជើង​ឯក​ World Cup ប៉ុន្តែ​ Nabil Fekir ដែល​ជា​ខ្សែ​​បម្រើ​ប្រយុទ្ធ​លេចធ្លោ​មួយ​រូប​របស់​ពួកគេ​លេង​បាន​តែ​៦៨​នាទី​ប៉ុណ្ណោះ​ពី​៦​ប្រកួត​។​ Fekir ស៊ុត​បញ្ចូល​ទី​១៨​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​៨​ដង​ ពី​៣០​ប្រកួត​នៅ​ Ligue 1 ជាមួយ​ក្រុម​ Lyon កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ត្រូវ​គ្រូ​បង្វឹក​មើល​រំលង។

#៤ Florian Thauvin

កាន់​តែ​កម្សត់​ជាង​ Fekir ទៀត​នោះ​គឺ Florian Thauvin លេង​បាន​តែ​១​នាទី​ប៉ុណ្ណោះ​ឲ្យ​ក្រុម​ជើង​ឯក​បារាំង​នៅ​ World Cup។ ខ្សែ​ប្រយុទ្ធ​ Marseille ស៊ុត​បញ្ចូល​ទី​២២​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​១១​ដង​ពី​ ៣៥​ប្រកួត​នៅ Ligue 1​ តែ​ត្រូវ​គ្រូ​បង្វឹក​ Didier Deschamps ដាក់​ឲ្យ​លេង​ចុង​ម៉ោង​កាល​ពី​ប្រកួត​ទល់​នឹង​ដាណឺម៉ាក៕

ប្រភព៖ Wikipedia | FIFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម