ថៃ​ចាយ​ជាង ១៥០ លាន​ដុល្លារ​ច្នៃ​ក្រដាស​អេតចាយ ជា​ក្រដាស​វេច​ខ្ចប់ លក់​ពេញ​​ពិភពលោក

  • 2018-07-20 09:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​ផ្សេងៗ ក្រដាស​អេតចាយ​អាច​ជា​សំរាម​គ្មាន​ប្រយោជន៍ តែ​នៅ​ថៃ​ឯ​ណោះ​វិញ ក្រដាស​សំរាម​ទាំង​នោះ​វិញ ត្រូវ​គេ​យក​ទៅ​ច្នៃ​ជា​ក្រដាស​វេច​ខ្ចប់ ជា​ប្រភេទ​ក្រដាស​ភ្លី (Kraft Paper) គុណភាព​ខ្ពស់ ហើយ​ផ្គត់ផ្គង់​ក្នុង​ប្រទេស នាំ​ចេញ​ទៅ​ស្ទើរ​គ្រប់​បណ្ដា​ប្រទេស​អាស៊ាន ធ្លាយ​ដល់​អាមេរិក និង​ចិន​ទៀត​ផង។

ក្រដាស​ភ្លី ១០០០ តោន ត្រូវ​បាន​ផលិត​ចេញ​ពី​ក្រដាស​អេតចាយ (Recycled/Waste Paper) ជា​រៀង​រាល់​ថ្ងៃ ស្មើ​នឹង ៣២០ ០០០ តោន​ក្នុង​មួយ​ឆ្នាំ ដោយ​ប្រើ​ម៉ាស៊ីន​ផលិត​ក្រដាស​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ហ្វាំងឡង់ PM 16 នៅ​ក្នុង​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់ Siam Kraft Industry ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​មេ SCG ។ នេះ​បើ​យោង​តាម​តំណាង​ក្រុមហ៊ុន SCG ថ្លែង​ប្រាប់ Sabay កាល​ពី​ថ្ងៃ​ទី១០ កក្កដា នៅ​ទីតាំង​រោងចក្រ​ផ្ទាល់ នា​ខេត្ត​រាជបុរី ប្រទេស​ថៃ។

ក្រដាស​អេតចាយ​ស្ដុក​នៅ​រោងចក្រ Siam Kraft Industry ខេត្ត​រាជបុរី ប្រទេសថៃ

តំណាង​ដដែល​បាន​បន្ត​ថា SCG បាន​ដំឡើង​ម៉ាស៊ីន​ផលិត​ក្រដាស PM 16 តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥ ពាន់​លាន​បាត ឬ​ជាង ១៥០ លាន​ដុល្លារ ដោយ​ម៉ាស៊ីន​នេះ​មាន​សមត្ថភាព​កែច្នៃ​ក្រដាស​អេតចាយ ឬ​ក្រដាស​សំរាម ទៅ​ជា​ក្រដាស​ភ្លី វេច​ខ្ចប់​គុណភាព​ខ្ពស់​ជាង​មុន ស្រាល​ជាង​មុន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​លើក​កម្ពស់​សេដ្ឋកិច្ច​វិល​ជុំ (Circular Economy) ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ពោល​គឺ «ផលិត ប្រើ​ប្រាស់ ប្រើ​ប្រាស់​ឡើង​វិញ» ផ្ទុយ​ពី​សេដ្ឋកិច្ច​បន្ទាត់ (Linear Economy) ដែល​ផ្ដោត​តែ​លើ​ការ​ចំណេញ គឺ «ផលិត ប្រើប្រាស់ បោះចោល»។

ក្រដាស​អេតចាយ​នៅ​ទូទាំង​ប្រទេស​ថៃ ត្រូវ​បាន​រោងចក្រ SCG ប្រមូល​ទិញ ប្រមូល​យក និង​ប្រើ​ជា​វត្ថុ​ធាតុ​ដើម ៧៥% ក្នុង​ការ​ផលិត​ក្រដាស​ភ្លី​ទាំង​នេះ​ឡើង។ តាម​រយៈ​ការ​កែច្នៃ​ដ៏​ទំនើប​ជាង​គេ​នៅ​អាស៊ាន​មួយ​នេះ ថៃ​បាន​កាត់​បន្ថយ​​ក្រដាស​អេតចាយ​ប្រមាណ​ជាង ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ត្រូវ​ប្រឈម​គេ​យក​បោះ​ចោល​ឥត​ប្រយោជន៍។

រ៉ូបូតបិទតែមលើក្រដាសភ្លី

ក្រៅ​ពី​ផលិត​បាន​ក្រដាស​ភ្លី​ស្រាល និង​គុណភាព​ល្អ​ពិសេស​ជាង​មុន ដំណើរ​ការ​របស់ PM 16 ទាំង​មូល ជួយ​សន្សំ​សំចៃ​យ៉ាង​ច្រើន ពោល​គឺ (១) កាក​សំណល់​ពី​រោងចក្រ​ច្នៃ​ឡើង​វិញ (Waste Reject) ត្រូវ​បាន​ច្នៃ​ជា​ថាមពល​អគ្គិសនី​ផ្គត់​ផ្គង់​ក្នុង​រោងចក្រ​វិញ (២) សំណល់​ទឹក​ពី​ការ​ផលិត​ក្រដាស ត្រូវ​បម្លែង​ជាង​ឧស្ម័ន​ជីវសាស្ត្រ (Bio-gas) ហើយ​ឧស្ម័ន​ជីវសាស្ត្រ​បម្លែង​ជា​ថាមពល​អគ្គិសនី​វិញ (៣) កាកសំណល់​ទឹក​ចុង​ក្រោយ ត្រូវ​ធ្វើ​ឆ្លង​កាត់​តាម​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក រួច​បង្ហូរ​ចូល​ប្រពន្ធ​ស្រោចស្រព​ដល់​កសិកម្ម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សរសៃ​ក្រដាស (Paper Band) ដែល​ជា​សំណល់​ពី​ការ​ផលិត​ក្រដាស​ភ្លី ត្រូវ SCG ផ្ដល់​ឲ្យ​សហគមន៍​យក​ទៅ​ច្នៃ​ជា​កន្ត្រក កាបូប ផ្កា វត្ថុ​អនុស្សាវរីយ៍ ជា​ផ្នែក​មួយ​នៃ​ប្រភព​ចំណូល​របស់​អ្នក​ភូមិ​ទៀត​ផង។

វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​សរសៃក្រដាស​ សំណល់​ពី​រោងចក្រ (Paper Band)

SCG ប្រមូល​ក្រដាស​អេតចាយ​តាម​វិធី​ណា?

វិធីសាស្ត្រ​ដែល SCG ប្រើ​ដើម្បី​ប្រមូល​យក​ក្រដាស​អេតចាយ​ជាង ១ លាន​តោន​នៅ​ទូទាំង​ប្រទេស​ថៃ​នោះ មាន៖

  • ទិញ​បន្ត​ពី​អ្នក​ផ្គត់ផ្គង់​ផ្សេងៗ (អ្នក​ផ្គត់ផ្គង់​ទិញ​ពី​អេតចាយ)
  • គ្រួសារ​តាម​ផ្ទះ ក្រុមហ៊ុន រោងចក្រ អង្គការ ស្ថាប័ន​នានា ប្រើ App ទូរសព្ទ​ដៃ Paper X Plus ប្រាប់​ពី​ទាំង​តាំង នោះ​ក្រុមហ៊ុន​នឹង​ទៅ​ដឹក​ជញ្ជូន​យក​ក្រដាស​អេតចាយ​នោះ​ផ្ទាល់ ខណៈ​ដែល​អ្នក​ទាំង​នោះ នឹង​ទទួល​បាន​រង្វាន់​ពិសេស​ផ្សេងៗ ឬ​ប្រាក់​មក​វិញ៕

ខាង​ក្រោម​ជា​វត្ថុ​អនុស្សាវរីយ៍ របស់របរ​ផ្សេងៗ​ធ្វើ​ពី​ Paper Band៖

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម