ក្រោយ​ចែក​ផ្លូវ​គ្នា​បាន​ជាង​មួយ​សប្ដាហ៍ Conte ត្រៀម​ប្ដឹង​ Chelsea

  • 2018-07-23 11:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Antonio Conte ត្រូវ​បាន​សារព័ត៌មាន​ល្បី​អង់គ្លេស​មួយ រាយ​ការណ៍​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ក្លឹប Chelsea ព្រោះ​ក្លឹប​ប្រើ​ពេល​យូរ​ពេក​ ក្នុង​ការ​ដេញ​ខ្លួន។

អ្នក​ចាត់​ការ Conte ត្រូវ​បាន​របាយការណ៍​ជា​ច្រើន ចុះ​ផ្សាយ​ថា នឹង​ត្រូវ​ Chelsea បញ្ចប់​ពី​ការងារ​ជា​អ្នក​ចាត់​ការ​នៅ​ពេល​រដូវ​កាល ២០១៧/១៨ ចប់​នា​ខែ​ឧសភា។ ទោះ​ជា​យ៉ាង​ណា ក្លឹប​តោ​ខៀវ​ប្រើ​ពេល​ដល់​ទៅ​ពីរ​ខែ​បន្ទាប់ ទើប​ដាច់​ចិត្ត​បណ្ដេញ​អ្នក​ចាត់​ការ​អ៊ីតាលី។

Conte ត្រូវ​បាន​រាយការណ៍​ថា នឹង​ទទួល​បាន​ប្រាក់​សំណង​ជិត ១២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី Chelsea បន្ទាប់​ពី​ក្លឹប​បញ្ចប់​ការងារ​ខ្លួន។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​អ៊ីតាលី ចង់​បាន​ពី Chelsea ច្រើន​ជាង​នេះ។ បើ​តាម​ការ​អះអាង​របស់​សារព័ត៌មាន The Times លោក Conte កំពុង​ដាក់​ពាក្យ​ប្ដឹង​ក្លឹប​ ព្រោះ​អ្នក​ចាត់​ការ​ចង់​បាន​ប្រាក់​សង​ជំងឺ​ចិត្ត​បន្ថែម សងថ្លៃខូចខាតអំឡុង​ពេល​ពីរ​ខែ​នេះ។ ប្រភពដដែលបានលើកហេតុផលថា លោក Conte អាច​យក​ពេលនោះទៅ​ប្រកបការងារ​អ្វី​ផ្សេង​ដើម្បី​រក​ចំណូល​បន្ថែម។ ណា​មួយ Conte បាន​ខូច​ខាត​កិត្តិយស​យ៉ាង​ច្រើន​ពី​សំណាក់​សារព័ត៌មាន ដោយ​សារ​តែ​ Chelsea មិន​ព្រម​បញ្ចប់​ការងារ​របស់​អ្នក​ចាត់​ការ​ឲ្យ​ដាច់​ស្រេច​កាល​ពី​ខែ​ឧសភា។

ទោះ​ជា​យ៉ាង​ណា The Times មិន​បាន​បង្ហើប​អំពី​ទំហំ​ទឹក​ប្រាក់ Conte ចង់​ទាមទារ​ពី Chelsea នោះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន Conte ត្រូវ​បាន Chelsea បញ្ចប់​ពី​ការងារ ហើយ​ជំនួស​ដោយ​អតីត​អ្នក​ចាត់​ការ Napoli លោក Maurizio Sarri៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី