ហាង​នំ​ប័ុង​​ពី​សិង្ហបុរី​នេះ ដាក់​ប្រូម៉ូសិន​នៅ​សាខា​ថ្មី​មធ្យម ងំ​មាន​កម្មវិធីសប្បុរសធម៌ជួយជាតិទៀត

  • 2018-07-21 05:52:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

ស្រប​ពេល​ជាមួយ​ការ​​ដាក់​លក់​ភេសជ្ជៈ​ថ្មី​​របស់​ខ្លួន នៅ​សាខា​ក្នុង​​អាគារ​ពាណិជ្ជកម្ម Exchange Square កាល​ពី​ម្សិលមិញ​នេះ ហាង​នំបុ័ង​ BreadTalk បាន​រៀប​ចំ​កម្មវិធី​ប្រមូល​មូលនិធិ​ថ្មី​​មួយ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការ​ផ្ដល់​ជូន​ពិសេសៗ​ជា​ច្រើន។

លោក ប៊ុន យី

លោក ប៊ុន យី ប្រធាន​ចាត់ការ​ទូទៅ​នៅ​ហាង​នំបុ័ង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា សម្រាប់​សាខា Exchange Square នេះ មាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​គឺ​ ចាប់​ពីថ្ងៃ​២០ រហូត​ ២៧ កក្កដា ២០១៨ នឹង​ផ្តល់​ជូន​ភេសជ្ជៈ​ទំហំ​កណ្ដាល​ដោយ​ឥតគិតថ្លៃ​ចំពោះ​​ភ្ញៀវ​ថ្មី​ចាស់ ដែល​បាន​មក​ទិញ​នំ​នៅ​ហាង​ដោយ​ផ្ទាល់។ បន្ទាប់​ពី​ការ​ថែម​ជូន​នេះ ហាង​នំ​ដដែល​សន្យា​ថា​នឹង​មាន​ប្រូម៉ូសិន​ថ្មីៗ​ទៀត​ មិន​ឲ្យ​អ្នក​គាំទ្រ​ និង​អ្នក​ចង់​ភ្លក់​រសជាតិ​ថ្មី​នៃ​នំបុ័ង​និង ភេសជ្ជៈ​ខ្លួន​ខក​បំណង​​ឡើយ។

ក្នុង​នោះ ប្រធាន​គ្រប់គ្រង​ខាង​លើ​បាន​ប្រកាស​​ពី​​យុទ្ធនាការ​សប្បុរស​មួយ ដោយ​ហាង​ BreadTalk គ្រប់​សាខា​នឹង​​កាត់​ទឹក​ប្រាក់​ចំនួន​ ៣% ដែល​រក​បាន​ពី​ការ​លក់​ភេសជ្ជៈ​កែវ​ធំ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ មាន​ន័យ​ថា​ការ​ចំណាយ​របស់​អតិថិជន ​នឹង​ត្រូវ​បាន​បរិច្ចាគ​​ ៣% ចូល​ពេទ្យ​ដែល​តែង​តែ​ជួយ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​នេះ​។ លោក​​​បន្ត​ថា យុទ្ធនាការ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨។

ភេសជ្ជៈកែវធំ

ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ត្រូវការ​ជួយសង្គ្រោះ​ជីវិត​កុមារ​មាន​ជំងឺ​ពី​ជាង​ ២​ពាន់ ទៅ​ ៣​ពាន់​ នាក់​ក្នុង​មួយថ្ងៃ និង​ត្រូវការ​ថវិកា​​ជាង​ ៤០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​។ ពេល​នេះ​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​កំពុងតែ​ខ្វះ​ខាត​ហិរញ្ញ​វត្ថុ បើ​ទោះ​ជាបាន​ជំនួយ​ពី​រដ្ឋាភិបាល កាកបាទក្រហម បរទេស និង​ស្ថាប័ន​ឯក​ជន​ក៏​ដោយ។ ដូច្នេះ​លោក​សង្ឃឹមថា ប្រជា​ពល​រដ្ឋ​ខ្មែរ​នឹង​រួមគ្នា​ចែក​រំលែក​ក្ដី​ស្រលាញ់ ជួយ​គ្នា​ទៅវិ​ញ​មក​ដើម្បី​បង្កើត​បរិយាកាស​ការ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​៕


អត្ថបទ៖ សុខណា