មេ Bayern ប្រតិកម្ម​ធ្ងន់ៗ​ទៅ​នឹង​ការ​ចូល​និវត្តន៍​របស់​ Ozilពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

  • 2018-07-23 11:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Bayern Munich លោក Uli Hoeness ក្នុង​ថ្ងៃ​នេះ បាន​ចេញ​មុខ​ប្រតិកម្ម​អវិជ្ជមាន​ទៅ​នឹង​ការ​ចូល​និវត្តន៍​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil។

ប្រធាន​ក្លឹប Bayern Munich លោក Uli Hoeness

លោក Hoeness បាន​និយាយ​៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​រឿង​គួរ​ឲ្យ​ខ្លាច​នេះ​បាន​បិទ​បញ្ចប់។ Ozil បាន​លេង​អន់​រាប់​ឆ្នាំ​មក​ហើយ។ លើក​ចុង​ក្រោយ​ដែល​គេ​អាច​ដណ្ដើម​បាល់​ពី​គូ​ប្រកួត ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ គឺ​មុន World Cup២០១៤។ ឥឡូវ​គេ​លាក់​បាំង​ ការ​លេង​ដ៏​អន់​របស់​គេ នៅ​ពី​ក្រោយ​រូប​ភាព​មួយ​នោះ (ការ​បង្ហោះ​សារ​ចូល​និវត្តន៍​របស់ Ozil)"។

លោក​ប្រធាន​ក្លឹប​យក្ស​អាល្លឺម៉ង់ បាន​បន្ត​វាយ​ប្រហារ៖ "នៅ​ពេល​ពួក​យើង (Bayern Munich) បាន​លេង​ប៉ះ​ជាមួយ Arsenal យើង​តែង​វាយ​សម្រុក​កន្លែង​ដែល Ozil ទទួល​ខុស​ត្រូវ ព្រោះ​យើង​ដឹង​ថា​កន្លែង​នោះ គឺ​ជា​កន្លែង​ដែល​ខ្សោយ"។

លោក Hoeness ថែម​ទាំង​ឌឺដង​ថា អ្នក​គាំទ្រ​នៅ​តាម​បណ្ដាញ​គណនី​ទំនាក់​ទំនង​សង្គម​របស់ Ozil ដែល​មាន​ជាង​ ៣៥ លាន​នាក់​នោះ មិន​មែន​ជា​មនុស្ស​ពិត​ឡើយ។ លោក​ថា ពួក​អ្នក​គាំទ្រ​ទាំង​នោះ ជឿ​ថា Ozil​ លេង​បាន​ល្អ​អស្ចារ្យ​ណាស់ ពេល​ដែល​កីឡាករ​ Cross បាល់​មួយ​ចេញ។

ប្រធាន​ក្លឹប Bayern ថា​ទៀត​ថា៖ "Ozil ឈប់​មាន​កន្លែង​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ"។

យ៉ាង​នេះ​ក្ដី ប្រធាន​ក្លឹប​រូប​នេះ មិន​បាន​បក​ស្រាយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ឲ្យ​ច្បាស់​ទេ ថា​ម៉េច​បាន​ជា​លោក​អះអាង​បែប​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ថ្ងៃ​នេះ ទោះ​ទើប​មាន​វ័យ ២៩ឆ្នាំ Ozil បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។ កីឡាករ​បាន​លើក​ឡើង​ថា "ការ​រើស​អើង​ពូជសាសន៍ និង​ការ​មិន​គោរព" ចំពោះ​ខ្លួន ពី​សំណាក់​មន្ត្រី​ធំ​ក្នុង​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ អ្នក​នយោបាយ​ ដៃ​គូ​សហការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​ប្រទេស​អាល្លឺម៉ង់ ជាមូលហេតុចម្បងនៅពីក្រោយការសម្រេចចិត្តបែបនេះ។

Ozil និងប្រធានាធិបតីទួរគី Erdogan

Ozil កើត​និង​ធំ​ដឹង​ក្ដី​នៅ​អាល្លឺម៉ង់ តែ​មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ទួរគី។ ការណ៍​ដែល​កីឡាករ​បាន​ជួប​ថត​រូប​ជាមួយ​ប្រធានាធិបតី​ទួរគី​កាល​ពី​ខែ​ឧសភា កន្លង​ទៅ បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ជា​ច្រើន​ពី​សំណាក់​អ្នក​នយោបាយ (ភាគ​ច្រើន​អ្នក​ស្ដាំ​និយម) ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​មួយ​ចំនួន​ដែល​មិន​ចូល​ចិត្ត​ទួរគី។

ក្នុង World Cup ២០១៨ អាល្លឺម៉ង់​បាន​ធ្លាក់​តាំង​ពី​វគ្គ Group Stage។ ការ​ចាក​ចេញ​យ៉ាង​រហ័ស​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​មួយ​ចំនួន​ចង្អុល​ចំៗ​ថា Ozil​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្រុម​លេង​មិន​ល្អ។

Ozil លេង​ ៩២ លើក និង​ស៊ុត​ចូល ២៣ គ្រាប់​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់។ កីឡាករ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ចំនួន ៥ លើក គឺ ២០១១, ២០១២, ២០១៣, ២០១៥ និង ២០១៦៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម