កំហុស​សាមញ្ញ​ៗ ទាំង​ ១០ អ្នក​ថតរូប​ថ្មីថ្មោង​ តែង​មើល​រំលង​

  • 2018-07-24 01:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ជា​អ្នក​ថតរូប​ថ្មី​ ឬ​ចង់​បង្កើន​ជំនាញ​ទៅ​កម្រិត​បន្ទាប់​ មាន​ទម្លាប់​មិន​ល្អ​ច្រើន​ ងាយស្រួល​នឹង​ផុង​ចូល​ណាស់​។

១) ប្រើ​ឧបករណ៍​មិន​ត្រឹមត្រូវ​

ហាក់​ធម្មតា​ អ្នក​ថតរូប​ជាច្រើន​ (ជាពិសេស​ចំណូល​ថ្មី​) ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ទិញ​កាមេរ៉ា​ថ្លៃ​ផុត​លេខ​ តាម​លទ្ធភាព​ខ្លួន​មាន​។ មាន​កាមេរ៉ា​ភ្ជាប់​ជាមួយ​ Sensor កម្រិត​ Resolution ខ្ពស់​ និង​មុខងារ​ល្អៗ​ជា​ការ​ល្អ​ប្រសើរ​ តែ​បើ​ទុក​ថវិកា​ខ្លះ​សម្រាប់​ Lens នឹង​ជួយ​ដល់​គុណភាព​រូប​បាន​ច្រើន​។

គួរ​បែងចែក​លុយ​កាក់​ ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ទិញ​ឧបករណ៍​។ ទិញ​កាមេរ៉ា​ល្អ​ តែ​គួរ​មាន​ Lens ល្អ​ផង​ដែរ​។ Lens 24-70mm f/2.8 មិន​ថោក​ទេ​ តែ​ជា​ការ​វិនិយោគ​ដ៏​ល្អ​។

២) មើល​រំលង​វត្ថុ​តូច​តាច

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​កាមេរ៉ា​អស់​ថ្ម​ ឬ​ Storage ពេញ​ ពាក់​កណ្ដាល​ទី​កំពុង​ថតរូប​នោះ​ទេ​។ ថ្ម​កាមេរ៉ា​បច្ចុប្បន្ន​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ តែ​សូម្បី​តែ​ថ្ម​ប្រើ​លើ​ DSLR អាយុ​វែង​ ក៏​មាន​មួយ​ ឬ​ពីរ​ស្រគួរ​ទុក​ផង​ដែរ​ ជា​ការ​ចាំបាច់​។

ថ្ម​ប្រ៊េន​ៗ ថ្លៃ​ តែ​មាន​គុណភាព​ល្អ​ ក៏​មាន​ជម្រើស​ផ្សេង​ផង​ដែរ​ តាម​លទ្ធភាព​ ប៉ុន្តែ​គួរ​ប្រាកដ​ពី​សុវត្ថិភាព​ប្រើប្រាស់​។

មេម៉ូរីកាត​ មាន​ជម្រើស​ល្អ​ច្រើន​ តែ​គួរ​ប្រើ​របស់​ល្អ​ ព្រោះ​សមិទ្ធផល​ការងារ​ទាំង​ប៉ុន្មាន​នៅ​ទីនោះ​។ កាមេរ៉ា​ទំនើប​ៗ ជាច្រើន​ មាន​រន្ធ​ប្រើ​មេម៉ូរីកាត​ពីរ​ ងាយស្រួល​ពង្រីក​ទំហំ​ផ្ទុក​ តែ​ក៏​គួរ​មាន​ ១ ឬ​ ២ស្រគួរ​ផង​ដែរ​។ មួយ​វិញ​ទៀត​ មិន​គួរ​ប្រើ​មេម៉ូរី​ទំហំ​ធំ​ពេក​ តែ​មួយ​នោះ​ទេ​ គួរ​ប្រើ​ទំហំ​ល្មម​ច្រើន​ ព្រោះ​បើ​មេម៉ូរី​ខូច​មាន​ការ​ប៉ះពាល់​តិច​។

៣) មិន​សម្អាត​ឧបករណ៍​ទៀង​ទាត់

កាមេរ៉ា​ជា​ទ្រព្យ​របស់​អ្នក​ថតរូប​ ទាមទារ​ការ​ថែទាំ​។ រាល់​ពេល​ប្រើប្រាស់​រួច​ គួរ​សម្អាត​ ដោយ​ប្រើ​ក្រណាត់​ទន់​ៗ។ មាន​ចំណុច​មួយ​ មិន​ថា​ប្រយ័ត្ន​ប៉ុណ្ណា​ ធូលី​ដី​នៅ​តែ​ចូល​កាមេរ៉ា​ ទំ​លើ​ Sensor ប៉ះពាល់​ដល់​គុណភាព​រូបភាព​។

អាច​ទិញ​សម្ភារៈ​សម្អាត​ Sensor និង​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ ឬ​ជួល​អ្នក​មាន​បទពិសោធន៍​ដោះស្រាយ​ឲ្យ​ រៀង​រាល់​ ៦ ខែ​ម្តង​។

៤) រក​ទីតាំង​មិន​បាន​ល្អ

បើ​ថតរូប​លក្ខណៈ​ Portrait ឬ​ ទេសភាព​ ដឹង​ពី​ទីតាំង​ល្អ​ អាច​បង្កើត​រូបភាព​ចេញ​មក​គួរ​ឲ្យ​ទាក់​ទាញ​។ គួរ​ស្វែងរក​ជា​មុន​ ប្រើ​កម្មវិធី​ដូចជា​ Google Maps មើល​តាម​ Street View mode ទៅ​លើ​ទីតាំង​ ក៏​ដូចជា​ប្លង់​ចង់​ផ្ដិត​យក​ ពិត​ណាស់​ទិន្នន័យ​ក្នុង​នោះ​ អាច​ខុស​គ្នា​ ពី​ការ​ជាក់ស្ដែង​ តែ​ក៏​ជួយ​ផ្ដល់​ជា​គំនិត​បាន​ខ្លះ​ដែរ​។ ​

ក៏​គួរ​គិត​គូរ​ពី​លក្ខខណ្ឌ​ពន្លឺ​ផង​ដែរ​ ដឹង​ពី​ទីតាំង​ព្រះអាទិត្យ​បង្ហាញ​នៅ​ពេលវេលា​ដ៏​ល្អ​ នៃ​ថ្ងៃ​នីមួយៗ​ ដោយ​ប្រើ​កម្មវិធី​ដូចជា​ PhotoPills អាច​ប្រាប់​ពី​ពេលណា​ កន្លែង​ណា​ ថ្ងៃ​នឹង​រះ​នៅ​ពេលវេលា​ ឬ​ទីតាំង​បាន​ជ្រើសរើស​។

៥) តែង​តែ​ថត​ពី​លើ

អ្នក​ថត​ថ្មីថ្មោង​ ភាគច្រើន​បង្កើត​កំហុស​លើ​ប្លង់​ថត​។ រូបមន្ត​ Rule of Thirds អាច​ជួយ​សម្រួល​បញ្ហា​នេះ​បាន​ តែ​វិធី​លឿន​អាច​អនុវត្ត​ គឺ​ថត​មុំ​ផ្សេង​ក្រៅ​ពី​ខាងលើ​ទៅ​។ បើ​ចង់​ អាច​ប្រើ​ Drone ល្អ​សម្រាប់​ថត​ទិដ្ឋភាព​ធម្មជាតិ​ ពី​ខាងលើ​ ងាយស្រួល​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​មើល​។

៦) ចម្លង​ស្ទិល​ពី​អ្នក​ថត​ដទៃ

ស្នាដៃ​ថតរូប​នានា​ មាន​លើ​អ៊ីនធឺណិត​រាប់​ភ្លេច​ ជាមួយ​វិធី​ថត​ផង​ដែរ​។ ឃើញ​គេ​ល្អ​ មិន​ប្រាកដ​ថា​ថត​ដូច​គេ​ចេញ​មក​បាន​ស្អាត​ប្លែក​នោះ​ទេ​ ប្រហែល​ពន្លឺ​អាច​ខុសគ្នា​។ ចម្លង​ស្នាដៃ​ ជា​ការ​លើក​ទឹក​ចិត្ត​ជំរុញ​ការងារ​ល្អ​ តែ​ព្យាយាម​ធ្វើ​ឲ្យ​ដូច​គេ​ ជា​លទ្ធផល​តែ​ម្ដង​ ជា​កំហុស​គួរ​ជៀសវាង​។

គួរ​ព្យាយាម​បង្កើត​ស្ទិល​ផ្ទាល់​ខ្លួន​ ហើយ​ជំនាញ​នឹង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។

៧) ក្នុង​ដៃ​គ្មាន​កាមេរ៉ា

ប៉ុន្មាន​ដង​ហើយ​ភ្លេច​កាមេរ៉ា​នៅ​ផ្ទះ​ ខណៈ​ជួប​ទិដ្ឋភាព​ល្អ​ប្លែក​ភ្នែក​។ ការ​កាន់​កាមេរ៉ា​នឹង​ដៃ​ អាច​ចាប់​យក​រូបភាព​បាន​គ្រប់​ពេល​ ឲ្យ​តែ​ឱកាស​មក​ដល់​ ជាពិសេស​ទិដ្ឋភាព​ភ្ជាប់​នឹង​ពន្លឺ​ធម្មជាតិ​ដ៏​ល្អ​។ ពិត​ណាស់​ មិន​ងាយស្រួល​នោះ​ទេ​កាន់​កាមេរ៉ា​ DSLR ទៅ​មក​ៗ ដូចនេះ​ គួរ​មាន​កាមេរ៉ា​តូច​ល្មម​ប្រើ​ បើ​អាច​។

៨) អាង​កាត់ត

បច្ចុប្បន្ន​កាមេរ៉ា​ជា​ច្រើន​ អាច​ថត​ទម្រង់​ File RAW ភ្ជាប់​ព័ត៌មាន​ជាច្រើន​ អាច​កែប្រែ​បាន​ តែ​ក៏​មិន​គួរ​ពឹង​លើ​ការ​កាត់ត​ច្រើន​ពេក​ដែរ​។ នៅ​តែ​ល្អ​ កំណត់​កម្រិត​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ថត​ ជាង​ពឹង​លើ​កម្មវិធី​ដូចជា​ Adobe Lightroom។ ការ​កែប្រែ​ Saturation និង​ Clarify មិន​ត្រឹមត្រូវ​ អាច​ប៉ះពាល់​ដល់​គុណភាព​រូប​។

៩) ចង់​សម្គាល់​ស្នាដៃ​ ពេល​ចែករំលែក

Watermark ប្រើ​សម្គាល់​ម្ចាស់​រូប​ មិន​ចង់​ឲ្យ​នរណា​ម្នាក់​យក​ទៅ​ប្រើ​ ជា​ជម្រើស​ផ្ទាល់​ខ្លួន​ តែ​តិច​ ឬ​ច្រើន​ អាច​រំខាន​ដល់​អ្នក​មើល​ ចំពោះ​រូបភាព​ដ៏​ស្រស់​ស្អាត​។ មួយ​វិញ​ទៀត​ បើ​នរណា​ម្នាក់​ចង់​យក​ អាច​តម្រឹម​ ឬ​លុប​ផ្នែក​សម្គាល់​បាន​ មិន​ពិបាក​នោះ​ទេ​។​

ជា​ការ​ការពារ​ ពេល​ Upload រូបភាព​គួរ​ប្រើ​ទំហំ​តូច​ កុំ​ប្រើ​ទំហំ​ដើម​។

១០) ឆាប់​បោះបង់​ងាយស្រួល​ពេក

អាកាសធាតុ​មិន​ល្អ​ គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​នោះ​ទេ​ នេះ​អាច​រំខាន​ដល់​ដំណើរការ​ ឬ​ការ​រៀបចំ​ដ៏​ល្អ​របស់​អ្នក​ក្នុង​ការ​ផលិត​រូបភាព។ តែ​កុំ​ធ្វើ​ឲ្យ​បញ្ហា​នេះ​ បំបាក់​ទឹក​ចិត្ត​អ្នក​។

សម្រប​តាម​អាកាសធាតុ​ ជ្រើសរើស​ប្លង់​ថត​តាម​ការ​គួរ​ ទាំង​ខាងក្រៅ​ ឬ​ខាងក្នុង​ អាច​សរ​ ខ្មៅ​, ប្រើ​ ND Filter ឬ​រៀបចំ​ថត​លក្ខណៈ​ Macro ឬ​ Portrait៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Camera World   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម