(Update) : បាក់ទំនប់ទឹកនៅឡាវ បន្តលិច១៧ភូមិនៅកម្ពុជា អាជ្ញាធរស្ទឹងត្រែង បន្តជម្លៀសពលរដ្ឋ

  • 2018-07-25 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជា ១​ម៉ោង​មុន​នេះ ស្ថានភាព​ទឹក​ជំនន់ ពី​ការ​បាក់​ទំនប់ទឹក​នៅ​ប្រទេស​ឡាវ បាន​បន្ត​លិច​លង់​​កើន​ដល់​ចំនួន ១៧ភូមិ​ នៃ​ឃុំ​នានា​ ក្នុង​ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​តាម​ព័ត៌មាន​ ចុះក្នុងទំព័រហ្វេសប៊ុក ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ផ្សាយ​។

ហេតុការណ៍​នេះ កើត​មាន​នៅ​ក្រោយ​ការ​បាក់​ទំនប់​វារី​អគ្គិសនី Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ ដែល​បាន​បង្ក​ឲ្យ​ប្រជាជន​ឡាវ​ រង​គ្រោះ​​ពី​ការ​លិច​លង់​ ខូចខាត​ទ្រព្យ​សម្បត្តិ និង​បាត់​មនុស្ស​រាប់​រយ​នាក់។

ក្រៅ​ពី​នេះ ទឹក​ជំនន់​ជន់​ដដែល​ បាន​បន្ត​ហូរ​លិច​តំបន់​ខ្លះ​ នៃ​ខេត្ត​ស្ទឹងត្រែង ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា ឡាវ។

គិត​ត្រឹម​ម៉ោង ១២:៣០ នាទី​នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ បាន​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹក​លិច​ចូល​ភូមិ​ស្ថាន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ប្រទេស​កម្ពុជា។

តំបន់​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​នៅ​ត្រង់​ចំណុច ភូមិសាស្ត្រ​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង។

មាន​ប្រជាជន​សរុប​ចំនួន ១៧​ភូមិ​ នៃ​ឃុំ​ចំនួន ៤ កំពុង​រងគ្រោះ​ ដែល​ក្នុង​នោះ​មាន​ ឃុំ​ថ្ម​កែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ។

លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា មិន​ទាន់​ដឹង​តួ​លេខ​សរុប​ នៃ​ប្រជាជន​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​ជម្លៀស​នោះ​ទេ ដោយ​សារ​លោក និង​ក្រុម​ការងារ កំពុង​ជាប់​ការងារ​បន្ទាន់ មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ។

សូម​បញ្ជាក់​ថា ខណៈ​ទឹក​ទន្លេ​សេកុង បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់​១១,៣៨ ម៉ែត្រ (កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​១១,៥០ ម) ។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។

ប្រភពរូប ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ ពៅ រក្សា