ជម្លៀសពលរដ្ឋ ជាង ១២០០គ្រួសារបន្ថែម ក្រោយទឹកឡើងលើសការប្រកាសអាសន្ន
- 2018-07-26 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្លៀសពលរដ្ឋ ជាង ១២០០គ្រួសារបន្ថែម ក្រោយទឹកឡើងលើសការប្រកាសអាសន្ន
ចន្លោះមិនឃើញ
ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១២,០០ម៉ែត្រ ដែលលើសពីកម្រិតប្រកាសអាសន្ន ដូច្នេះអាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសប្រជាពលរដ្ឋជាង ១២០០គ្រួសារ ទៅរកទីទួលសុវត្ថិភាព។
ការជម្លៀសមានចំនួនច្រើនជាងម្សិលមិញ ដែលមានត្រឹមតែ ២០០គ្រួសារ។ នេះបើតាមអ្នកនាំពាក្យ សាលាខេត្ត ស្ទឹងត្រែង។
បើតាម លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត ស្ទឹងត្រែង បានប្រាប់ Sabay តាមទូរសព្ទថា មកដល់ថ្ងៃនេះ អាជ្ញាធរខេត្តបានសម្រេចជម្លៀសប្រជាជនបន្ថែម គិតមកត្រឹមព្រឹកនេះ សរុបចំនួន ១២៨៩គ្រួសារ ទៅកាន់ទួលសុវត្ថិភាព។
បើគិតជាចំនួនប្រជាពលរដ្ឋមានចំនួន ៥៦០០នាក់។ ការជម្លៀសនេះ ធ្វើឡើងបន្ទាប់ពីទឹកបន្តឡើងលើសពីកម្រិតប្រកាសអាសន្ន។ កម្ពស់ទឹក ១១,៥០ ម៉ែត្រ គឺជាកម្រិតប្រកាសអាសន្ន។
អ្នកនាំពាក្យដដែល បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រមាណជាង ៧០០០ពាន់នាក់ កំពុងរងផលប៉ះពាល់ ពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសទ្បាវនេះ។
លោក ម៉ែន គង់ បន្តថា ក្នុងការជម្លៀសប្រជាពលរដ្ឋនោះដែរ អាជ្ញាធរបានផ្ដល់ស្បៀង និងសម្ភារៈការពារសុវត្ថិភាពមួយចំនួន ដែលទទួលបានពីស្ថាប័ននានា និងសាខាកាកបាទក្រហមខេត្ត។
លោក ផាន់ យ៉ុត អភិបាលស្រុកសៀមប៉ាង បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលប៉ះពាល់មានចំនួន ១៧ភូមិ និង ៤ឃុំ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅឡើយទេ៕
សូមបញ្ជាក់ថា ប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែងឲ្យដឹងថា គិតត្រឹមព្រឹកនេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។
អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសប្រជាពលរដ្ឋ ជាង១២៨៩គ្រួសារ ទៅរកទីទួលសុវត្ថិភាព។