គ្រាន់​តែ​រឿង​ប៉ុណ្ណឹង ប្រុស​ស្អាត​បើក​ដេញ​ពី​ក្រោយ...អូន​ប្រឹង​បើក​រត់ ចង់​ដាច់​ខ្យល់!

  • 2018-07-27 11:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍ លោក ថាដា ជួប​រឿង​ហួស​ចិត្ត​នៅ​តាម​ផ្លូវ​ដោយ​សារ​តែ​អា Step សំណព្វ។ ឥឡូវ​នេះ​ថ្ងៃ​ចុង​សប្ដាហ៍ ស្រី​លក្ខណ៍ អ្នក​ខេត្ត​ព្រៃវែង ជួប​រឿង​ហួស​ចិត្ត​មួយ​ដែរ​លើ​ដង​ផ្លូវ​ដូច​គ្នា។ សាច់​រឿង​របស់​កញ្ញា វ័យ ២៣​ឆ្នាំ​យ៉ាង​ណា​តាម​ដាន​ទាំង​អស់​គ្នា៖

ដំបូង​នាង​ខ្ញុំ​សូម​ជម្រាប​សួរ បង​ប្អូន​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" ទាំង​អស់​គ្នា។ នាង​ខ្ញុំ​បាន​អាន​សាច់​រឿង​របស់​បង​ប្រុស​ម្នាក់​ពី​ដើម​សប្ដាហ៍ គឺ​បង​ប្រុស ថាដា។ ឃើញ​រឿង​របស់​គាត់ ខ្ញុំ​ក៏​នឹក​ឃើញ​រឿង​របស់​នាង​ខ្ញុំ​ដែល​កើត​ឡើង​ដោយ​សារ​ម៉ូតូ​ដូច​គ្នា ដែល​នឹង​នាំ​មក​ជូន​បង​ប្អូន​អាន​លេង​ទាំង​អស់​គ្នា។

រូប​តំណាង

ដើម​ឡើយ​នៅ​ឆ្នាំ ដូច​ជា ២០១០ ខ្ញុំ​គឺ​ជា​អតីត​សិស្ស​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ដោយ​សារ​ជីវភាព​គ្រួសារ​មិន​ជា​ធូរធារ​ផង ឆ្នាំ​ទី​២​នៃ​ការ​សិក្សា គឺ​ជា​ឆ្នាំ​ដែល​ខ្ញុំ​គិត​ថា ត្រូវ​តែ​ចេញ​រក​ការងារ​ធ្វើ​ដើម្បី​សម្រួល​ដល់​ការ​ចាយ​វាយ និង​បន្ធូរ​បន្ទុក​របស់​អ្នក​ផ្ទះ​ផង។ អីចឹង​ហើយ ខ្ញុំ​បាន​ទៅ​ដាក់ពាក្យ​ទៅ​ធ្វើ​នៅ​ក្នុង​ក្រុម​ហ៊ុន គឺ​ក្រុមហ៊ុន​ទទួល​បង្រៀន​តាម​ផ្ទះ មាន​ទីតាំង​នៅ​ម្ដុំ​អូឡាំពិក។

ក្រោយ​ខ្ញុំ​ដាក់​ពាក្យ​ហើយ ក៏​ចេញ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ។ ពេល​នោះ ស្រាប់​តែ​មាន​ឡាន​មួយ​ជិះ​ពី​ក្រោយ​ខ្ញុំ ហើយ​ចុះ​ស៊ីផ្លេ "ទីតៗៗៗ" ឲ្យ​ខ្ញុំ...ស្រាប់​តែ​ខ្ញុំ​ពេល​នោះ អារម្មណ៍​ចាប់​ផ្ដើម​ប្រែប្រួល​ហ្មង ព្រោះ​ខ្ញុំ​អត់​ដែល​ស្គាល់​អ្នក​ណា​មាន​ឡាន​ជិះ​ទេ។ ដូច្នេះ​ហើយ ខ្ញុំ​ចាប់​ផ្ដើម​ភ័យ ព្រោះ​យើង​ទើប​ឡើង​ពី​ខេត្ត​ផង ហើយ​ឡាន​នៅ​តែ​ស៊ីផ្លេ​ពី​ក្រោយ​មិន​ឈប់​សោះ។

ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ភ័យ​ឡើយ នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​មាន​រឿង​ហើយ ឬ​ក៏​ខ្ញុំ​ជិះ​ប៉ះ​ឡាន​គេ ពី​ណា​ពី​ណី​មិន​ដឹង...ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពារ​អ្នក​ណា​ទេ...យ៉ាង​ណា​អ្នក​ស៊ីផ្លេ​មិន​បន្ធូរ​ដៃ ក្មេង​ស្រី​អ្នក​ស្រែ​ដូច​ខ្ញុំ ពិត​ជា​ច្របូក​ច្របល់ បេះដូង​លោត​ញាប់​រន្ថើន មិន​ដឹង​ថា រឿង​អី​អាច​នឹង​កើត​លើ​ខ្លួន​ឯង​នា​ពេល​បន្តិច​ទៀត​នោះ ខ្ញុំ​លែង​គិត​អី​ហើយ ក៏​ប្រឹង​មូល​ហ្គែរ​ម៉ូតូ​បន្ថែម​ល្បឿន បម្រុង​រត់​គេច...ហើយ​ឡាន ក៏​នៅ​តែ​បន្ត​ដេញ​ខ្ញុំ​ពី​ក្រោយ។

កាល​ណោះ បំណាច់​តែ​ហ្នឹង​ភ័យ បើ​មាន​នរណា ជិះ​ម៉ូតូ ឬ​បរ​ឡាន​កាត់​ពី​មុខ​ខ្ញុំ ខ្ញុំ​ប្រាកដ​ជា​បុក​គេ​មិន​ខាន ក្នុង​អារម្មណ៍​គឺ​មាន​តែ​ម្យ៉ាង គឺ​គេច​ពី​ឡាន​ដែល​តាម​នោះ។ ប៉ុន្តែ​រត់​អី​រួច គេ​ឡាន ខ្ញុំ​ម៉ូតូ​អា​គប់​កញ្ចាស់​ហ្នឹង...គឺ​ឡាន​នោះ​បាន​បើក​មក​ទាន់​ម៉ូតូ​របស់​ខ្ញុំ។ ពេល​មក​ទាន់ ម្ចាស់​រថយន្ត​ជា​បុរស​ម្នាក់ រវៃ​កញ្ចក់​ចុះ​សើច ហើយ​ប្រាប់​ខ្ញុំ​ថា ភ្លេច​វាត់​ជន្ទល់​ម៉ូតូ​ហើយ។

ឱ​លោក​ព្រះ តាម​ពិត​គ្រាន់​តែ​រឿង អត់​វាត់​ជន្ទល់​ម៉ូតូ​ទេ...សំពាធ​ទាំង​ប៉ុន្មាន ដែល​គ​ច្រើន​ឡើង​ៗ​មុន​នេះ​ក្នុង​អារម្មណ៍​ភ័យ​ខ្លាច​របស់​នាង​ខ្ញុំ រហូត​ដល់​គ្រប់​គ្រង​លែង​ចង់​បាន​នោះ...បាន​ធ្លាក់​មក​វិញ​យ៉ាង​គំហុក "ស្រឹប!” អូយ...ដូច​ស្រួល​ខ្លួន​ណាស់​លោក​ព្រះ...ខ្ញុំ​ឈប់​ម៉ូតូ​ដក​ដង្ហើម​ឲ្យ​ស្រួល​បួល​វិញ ហើយ​ក៏​ឈរ​សើច​ហួស​ចិត្ត​តែ​ម្នាក់​ឯង...ពុទ្ធោ​អើយ​រឿង​កាឡុញ​ឆិ អីចឹង​សោះ ធ្វើ​ខ្ញុំ​ព្រលឹង​ចេញ​ស៊ី​ព្រលិត​បាត់...តែ​បើ​គិត​ទៅ បន្ទោស​គេ​ក៏​មិន​ត្រូវ គេ​មាន​បំណង​ល្អ...តែ​យើង​ខ្លួន​ឯង​ទេ សស្លើត​សស្លក់ ភ័យ​តែ​ម្នាក់​ឯង ប្រឹង​បើក​រត់​មិន​ដឹង​ងាប់...។

តែ​ថា​មិន​ត្រូវ​អា​គាត់​ហ្នុង ឃើញ​ស្រី​ស្អាត​ទើប​ឡើង​ពី​ស្រែ ចង់​ញ៉ែ​ក៏​ថា​បាន...ហិហិហិ​និយាយ​លេង​ទេ បង​ប្អូន...រឿង​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ...មិន​ដឹង​ថា​កំប្លែង​គួរ​ឲ្យ​សើច ឬ​ក៏​អត់​ទេ តែ​សម្រាប់​ខ្ញុំ គឺ​កំប្លែង​ខ្លាំង! អរគុណ ខ្ញុំ​សល់​រឿង​មួយ ពីរ​អី​ទៀត​ដែរ ចាំ​ជួប​គ្នា​លើក​ក្រោយ​ទៀត​ណា...!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី