លោក ហៅ សុជាតិ ​គ្រូ​បង្វឹក​បឹង​កេត ព្រម​ទទួល​ពិន័យ ​តែ​ក៏​សុំ​រឿង​ម្យ៉ាង​វិញ​ដែរ

  • 2018-07-31 02:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​វិន័យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ពិន័យ​លោក ហៅ សុជាតិ ​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួត​បាល់ទាត់​នានា ​ចំនួន​១​ខែ​និង​ប្រាក់​៥​សែន​រៀល ​ចំពោះ​រឿង​ដែល​លោក​បាន​រុញ​មន្ត្រី​ការ​ប្រកួត ​កាល​ប្រកួត​ជាមួយ​ក្រុម​សូលទីឡូ​អង្គរ​កន្លង​ទៅ។

ការ​ពិន័យ​នេះ​ដែរ ​គ្រូ​បង្វឹក​ខាង​លើ​ក៏​បាន​ទទួល​យក​ដែរ ​ប៉ុន្តែ​លោក​សុំ​ឱ្យ​គណៈកម្មការ​វិន័យ​ឱ្យ​គោរព​តាម​បទ​បញ្ជា​នឹង​រហូត ​កុំ​ដាក់​តែ​គ្រូ​ណា​ម្នាក់ គឺ​ត្រូវ​ប្រើ​ច្បាប់​ទៅ​លើ​គ្រូ​ទាំង​អស់​តែ​ម្ដង ដែល​បាន​ធ្វើ​ខុស។ លោក ហៅ សុជាតិ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ដូច្នេះ​ថា​៖ “តាំង​ពី​ធ្វើ​ជា​គ្រូ​បាល់ទាត់​មក​ទើប​តែ​ជួប​ការ​ពិន័យ​ដ៏ល្អ​មួយ​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ដល់ថ្នាក់​នឹង​សោះ ពីព្រោះ​ការ​ពិន័យ​មិន​ដូច​ការ​ដែល​អ្នក​ប្រព្រឹត្ត​ពី​មុន​ៗ​សោះ ​តែ​ខ្ញុំ​នៅ​តែ​ព្រម​ទទួល​តែ​ក៏​សូម​ដល់​អ្នក​ដាក់​ពិន័យ​សូម​ឱ្យ​គោរព​តាម​បទ​បព្ជា​នឹង​រហូត​ផង កុំ​ពិន័យ​តាម​ការ​នឹក​ឃើញ​របស់​អ្នក​អី”។

សូម​រំលឹក​ថា រឿង​រុញ​អាជ្ញាកណ្ដាល​នេះ​កើត​ឡើង ​ក្នុង​ប្រកួត​ដែល​បឹង​កេត​ប៉ះ​សូលទីឡូ​អង្គរ។ ​លោក ហៅ សុជាតិ បាន​រុញ​​មន្ត្រី​បញ្ជា​ការ​ប្រកួត​ទី​៤ ​ក្រោយ​ពី​កីឡាករ​ខាង​ក្រុម​សូទីឡូ​អង្គរ​បាន​បង្ក​កំហុស​លើ​កីឡាករ សាត រ៉ូហ្ស៊ីប ​ពី​ក្រោយ ​ហើយ​មន្ត្រី​ទី​៤​រូប​នេះ បាន​ដើរ​មក​សម្របសម្រួល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម