៣​ចំណុច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ ចិត្រា​ និង​ ប៊ុនធី​ លេង​ប្រាក់​លាន​អាទិត្យ​នេះ​

  • 2018-07-31 03:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​របស់​សង្វៀន​ CNC​ សប្ដាហ៍​នេះ​ មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ខ្លាំង​ ពោល​គឺ​មាន​ការ​ចែក​រំលែក​ច្រើន​លើ​ហ្វេសបុក​ និយាយ​ពី​បេក្ខភាព​ពីរ​រូប​របស់​កម្ពុជា​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ឡៅ​ ចិត្រា​ និង​ សូត្រ​ ប៊ុនធី​(សួន​ ចាន់នី)​ ដែល​ចូលរួម។​ កត្តា​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​ និង​ចង់​ឲ្យ​ការ​ប្រកួត​មក​ដល់​ឆាប់ៗ​នោះ​គឺ៖​

កីឡាករ ឡៅ ចិត្រា​

ទី១​ ពួកគេ​ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ទាំង​ពីរ​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ ​ជា​ពិសេស​គឺ​ជើង​ខ្លាំង​ សូត្រ​ ប៊ុនធី​ តែ​ម្ដង​ ព្រោះ​អី​អ្នក​ប្រដាល់​រូប​នេះ​រយៈពេល​ជាង​១ឆ្នាំ​នេះ​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​តែ​ម្ដង​ ហើយ​ភាគ​ច្រើន​គឺ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ផង​ដែរ​ គេ​ប្រកួត​ច្រើន​តែ​ជា​គូ​ឯក​នៅ​ CNC។​ ចំណែក​ ឡៅ​ ចិត្រា​ វិញ​ គេ​ជា​កីឡាករ​ល្អ​ និង​ឡើង​តាំង​ពី​យូរ​មក​ហើយ​ រាល់​ការ​ប្រកួត​របស់​គេ​កម្រ​និង​ចាញ់​ណាស់​ ហើយ​ជើង​ខ្លាំង​មក​ពី​កំពង់ស្ពឺ​ខាង​លើ​នេះ​ ប្រកួត​ភាគច្រើន​ជា​គូឯក​ ឬ​គូ​ពិសេស​ប្រចាំ​កម្មវិធី​ផង​ដែរ​ ហើយ​ភាគ​ច្រើន​ប្រកួត​នៅ​សង្វៀន​បាយ័ន។​

ឡៅ ចិត្រា​(ក្រហម) សូត្រ ប៊ុនធី(ខៀវ)

ទី២​ បើ​សិន​កីឡាករ​ទាំង​ពីរ​បាន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម៉ារ៉ាតុង​មែន​នោះ​ គឺ​ជា​ជំនួប​សងសឹក​ផង​ដែរ​ ព្រោះ​អី​ សូត្រ​ ប៊ុនធី​ ធ្លាប់​សន្លប់​ក្រោយ​ផ្លែ​កែង​របស់​ ឡៅ​ ចិត្រា​ ម្ដង​នៅ​ក្នុង​កម្មវិធី​ផ្ដាច់​ព្រ័ត្រ​ជើង​ឯកជាតិ​កាល​ពី​ឆ្នាំ​២០១៧​នៅ​ឯ​ទឹកដី​ខេត្ត​កណ្ដាល​ 7NG។​ ដូច្នេះ​អាច​ថា​ជា​ការ​សងសឹក​ និង​វាស់​ស្ទង់​សមត្ថភាព​គ្នា​ម្ដង​ផង​ដែរ។​

ឡៅ ចិត្រា​(ក្រហម) សូត្រ ប៊ុនធី(ខៀវ)

ទី៣​ អ្នក​និយម​គាំទ្រ​គុន​ខ្មែរ​ ចង់​ឃើញ​អ្នក​លេង​កែង​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ប៉ះ​គ្នា​តែ​ម្ដង​ ព្រោះ​អី​ទាំង​ ឡៅ​ ចិត្រា​ និង​ សូត្រ​ ប៊ុនធី​ សុទ្ធតែ​ល្អ​កែង​ និង​ស្នៀត​ជង្គង់​ដ៏​គ្រោះថ្នាក់​ដូច​គ្នា​ មាន​កីឡាករ​ច្រើន​រូប​មក​ហើយ​ដែល​សន្លប់​ក្រោយ​ស្នៀត​ទាំង​នេះ​ ដូច្នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​និង​ចង់​ឲ្យ​ពួកគេ​បាន​ជួប​គ្នា​ម្ដង​ទៀត។​

ឡៅ ចិត្រា​ ពេលផ្ដួល សូត្រ ប៊ុនធី កាល​ជើងឯកថ្នាក់ជាតិ​

រំលឹក​ដែរ​ថា​ កីឡាករ​កម្ពុជា​ពីរ​រូប​រួម​មាន​ ឡៅ​ ចិត្រា​ និង​ សូត្រ​ ប៊ុនធី​ នឹង​ត្រូវ​ឡើង​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​នា​ថ្ងៃ​ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​ CNC​ ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ថៃ​ពីរ​រូប​នេះ​ ដើម្បី​រក​ម្ចាស់​ប្រាក់​៤លាន​រៀល។​ កម្មវិធី​នេះ​ដែរ​បើ​សិន​កីឡាករ​រូប​ណា​ឈ្នះ​នៅ​ប្រកួត​ដំបូង​ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ទី២​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​