គន្លឹះ៦ក្បាច់ រៀនរូបវិទ្យាឆាប់ចេះ ធ្វើលំហាត់លែងភ័យខ្លាចខុស

  • 2018-07-31 03:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

​សល់​ពេល​ប្រមាណ​ ២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៨​​ នឹង​ចូល​មកដល់​ ការ​ហ្វឹក​ហាត់​រៀន​សូត្រ​របស់​សិស្ស​ក៏​កាន់​តែ​ខ្លី​។ ដោយ​ឡែក​ថ្ងៃនេះ​ Sabay សូម​ណែ​នាំ​ លោក​ ​អ៊ាង​ ​ពិសី​ គ្រូ​រូបវិទ្យា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ដែល​លោកគ្រូ​​បាន​បង្ហាញ​គន្លឹះ​ ៦​ ជំហាន​សំខាន់ៗ​ ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​រូបវិទ្យា​។

លោកគ្រូ ​អ៊ាង​ ​ពិសី​

វិធីសាស្ត្រនេះ នឹង​ជួយ​ឲ្យ​សិស្ស​អាច​ទទួល​បាន​ពិន្ទុ​ច្រើន​គួរ​សម​​ បើ​ទោះ​បី​ធ្វើ​មិន​សូវ​ពូកែ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ៗ​ទី១២​ទាំង​អស់​គ្នា​ត្រូវ​ចាប់​អនុវត្ត​ធ្វើ​លំហាត់​ពី​ពេល​នេះ​ តទៅ៖ ​​​​

​១. ​យល់​ពី​បាតុភូត

​សិស្ស​មួយ​ចំនួន​មើល​រំលង​ចំណុច​សំខាន់​ទី​១​នេះ​ ព្រោះ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​សំណេរ​លំហាត់​រូបវិទ្យា​​ សិស្ស​ត្រូវ​អាន​ឲ្យ​យល់​ប្រធាន​លំហាត់​ និង​ត្រូវ​ដឹង​ពី​បាតុភូត​ក្នុង​លំហាត់​ជា​មុន​សិន។ ​បន្ទាប់​មក​ស្រង់​សម្មតិកម្ម​ក្នុង​ប្រធាន​បទ ​ដាក់​ក្នុង​ក្រដាស​ព្រាង​សិន ឬ​ចម្លង​ចូល​ក្រដាស​កិច្ចការ​តែ​ម្ដង បើ​គិត​ថា​ខ្លួនច្បាស់​អាច​ចាប់​ផ្ដើម​ធ្វើ​បាន​ហើយ។ ​​​​​​​​​​

​២. ​និមិត្ត​សញ្ញា​ (Symbol)​

​សិស្ស​​ត្រូវ​ស្គាល់​ពី​និមិត្តសញ្ញា​ ថា​តើ​និមិត្ត​ញ្ញា​ទាំងនេះ​ ​អាច​ប្រើ​រូបមន្ត​មួយ​ណា​ត្រឹមត្រូវ​។ ​ឧទាហរណ៍ ​គេ​ឲ្យ​និមិត្ត​សញ្ញា(β) ​តំណាង​ឲ្យ​អ្វី​ជា​ដើម ​និង​មាន​រូបមន្ត​ប៉ុន្មាន​អាច​ប្រើ​បាន​។ ​អ្វី​ដែល​សំខាន់​នោះ​ ហាម​គូស​វាស​​ឬ​លុប​ផ្ដេស​ផ្ដាស​ពេល​ចាប់​ផ្ដើម​ធ្វើ ​ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ពិន្ទុ។

៣. ចំណាំ​លេខ​ហុងស៊ុយ

​លោក​គ្រូ​ ​ពិសី​ ​ពន្យល់​ថា​ «លេខហុងស៊ុយ» គឺ​ជា​លេខ​ដែល​ងាយ​គិត​ ​និង​ងាយ​ចំណាំ​ទុក ​មិន​ចាំ​បាច់​ប្រើ​ ម៉ាស៊ីន​គិត​លេខ​។ ​ហេតុ​ដូច្នេះ​ ​លោក​គ្រូ​សូម​ណែនាំ​ឲ្យ​កូន​សិស្ស​ទាំង​អស់​​ទន្ទេញ​ឲ្យ​វាចាំ ដែល​មាន​ដូច​ជា៖

0.125=1/8, 0.25= ¼, 0.5= ½, 0.75=3/4, 1.25=5/4, π =3.14, 2π= 6.28, 3π=9.42, 4π=12.56

​៤. ​រូបមន្ត​ (Formula)

​ការ​ជ្រើស​រើស​រូបមន្ត​ ​ត្រូវ​មើល​ទៅ​លើ​សម្មតិកម្ម​ដែល​មាន​ក្នុង​ប្រធាន​។ ​ត្រង់​ចំណុច​នេះ​​ សិស្ស​ត្រូវ​រកនឹក​រូបមន្ត​ដែល​ត្រឹមត្រូវ​ សម​ស្រប​នឹង​សម្មតិកម្ម​ រួច​សឹម​សរសេរ​តាម​រូបមន្ត​ចូល​ក្នុង​សំណេរ​។​

​៥. ខ្នាត ​(Units)

ខ្នាត​ជា​ចំណុច​ពិសេស​ ​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​ឲ្យ​បាន​លឿន​។ ​មាន​ន័យ​ថា​ សិស្ស​ត្រូវ​ចង​ចាំ​ខ្នាត​ទាំង​ ៦ ពិសេសៗ ដែល​មាន​គ្រប់​លំហាត់​រូបវិទ្យា​ជាង​ ៩០ភាគរយ​ ​ហើយ​ខ្នាត​នេះ​ ក៏​គេ​យក​ទៅ​ប្រើ​ក្នុង​លំហាត់​គីមី ​និងជីវវិទ្យា​ផងដែរ​។ ​ខ្នាតទាំង​នោះ​មាន​ដូចជា​៖

៦. គណនា​ (Calculation)​

ការ​គណនា​ ​មិន​តម្រូវ​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ​​នោះ​ឡើយ​។ ​ហេតុ​នេះ​ត្រូវ​គណនា​ឲ្យ​បាន​ហ្មត់​ចត់​ ល្អិតល្អន់​ ​និង​ប្រយ័ត្ន​ប្រយែង​ ​ត្រង់​ចំណុច​បំបែក​ខ្នាត​ ​ជា​ពិសេស​ទៀត​នោះ​ត្រង់​ចម្លើយ​ សិស្ស​ត្រូវ​គូស​ប្រអប់​ហ៊ុម​ជុំវិញ​​ឲ្យ​បាន​ស្អាត​ និង​មាន​របៀប​រៀប​រយ​៕


អត្ថបទ៖ ស៊ិន សាវ៉េត