ក្រោយ​ឮ PSG ចង់​បាន Kante ក្លឹប Chelsea មិន​បង្អង់​ព្យាយាម​ចង​ជើង​កីឡាករ

  • 2018-07-31 13:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ល្បី​ឈ្មោះ​អង់គ្លេស​មួយ បាន​ចុះ​ផ្សាយ​ថា​ Chelsea ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​ខ្សែ​បម្រើ​ការពារ N'Golo Kante ដើម្បី​លួង​កីឡាករ​ឲ្យ​បន្ត​នៅ​លេង​ឲ្យ​ក្លឹប។

សារព័ត៌មាន The Times បាន​ឲ្យ​ដឹង​ថា ក្លឹប​តោ​ខៀវ​គ្រោង​ចង់​បន្ត​កុងត្រា​ឲ្យ​ខ្សែ​បម្រើ Kante រហូត​ដល់​ឆ្នាំ ២០២៣ ហើយ​ដំឡើង​ប្រាក់​នឿយ​ហត់​​ដល់​ទៅ ២៩ ម៉ឺន​ផោន (ជាង ៣៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​សប្ដាហ៍។ តួ​លេខ​នេះ គឺ​មួយ​គុណ​នឹង​ពីរ​ទៅ​នឹង​ប្រាក់​ឈ្នួល​របស់ Kante សព្វ​ថ្ងៃ។

សូម​បញ្ជាក់​ផង​ដែរ​ថា Kante បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ឲ្យ Chelsea។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប កាល​ពី​ឆ្នាំ ២០១៦ កីឡាករ​បាន​លេង​ដល់​ទៅ ៨៩ ប្រកួត និង​ស៊ុត​ចូល​បាន​ ៤ គ្រាប់ ព្រម​ទាំង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ Premier League រដូវ​កាល ២០១៦/១៧ និង FA Cup ២០១៧/១៨។

ក្នុង World Cup ២០១៨ កីឡាករ​នៅ​តែ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ រហូត​បាន​រួម​ចំណែក​ជួយ​បារាំង​ឲ្យ​ឈ្នះ​កម្មវិធី​មួយ​នេះ។

ទម្រង់​លេង​បែប​ការពារ​ល្អ​បែប​នេះ​ហើយ ទំនង​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ក្លឹប​អឺរ៉ុប​មួយ​ចំនួន​ហាក់​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ។ កន្លង​ទៅ​​ថ្មី​ៗ​នេះ របាយការណ៍​ និង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា PSG កំពុង​ចង់​បាន​ខ្សែ​បម្រើ Kante ខ្លាំង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី