គ្រូ​បង្វឹក​ក្រុម​ស្វាយ​រៀង ​និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ក្រសួង​ការពារ​ជាតិ​ល្ងាច​នេះ?

  • 2018-08-01 01:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ត្រូវ​លេង​ទល់​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ ​វេលា​ម៉ោង​៦:៣០​នាទី ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​

មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​បញ្ជាក់​ថា​ការ​លេង​ក្រៅ​ដី​នៅ​ស្ដាត​ចាស់ គឺ​មាន​ផល​វិជ្ជមាន​សម្រាប់​ក្រសួង​ការពារ​ជាតិ ព្រោះ​ជា​ផ្ទះ​របស់​ពួកគេ។ ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់ ​ការពារ​ជាតិ​លេង​បាន​យ៉ាង​ល្អ​នៅ​ស្ដាត​ចាស់ ពេល​ប៉ះ​បឹង​កេត​កន្លង​ទៅ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ស្វាយ​រៀង​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដែរ ក្រុម​ទាំង​មូល​នឹង​ប្រឹងប្រែង​ធ្វើ​ឱ្យ​បាន​ល្អ ​សម្រាប់​ជើង​ទី​១​នេះ។

ដោយ​ឡែក​សម្រាប់​របួស​របស់​កីឡាករ ជា សំណាង ​វិញ ​គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ថា​៧០%​ទៅ​ហើយ ​ដែល​ខ្សែ​បម្រើ​សំខាន់​រូប​នេះ​មិន​អាច​ចូល​លេង​បាន​ទេ ​ក្នុង​ប្រកួត​ល្ងាច​នេះ។ ប្រធាន​ក្រុម​ម្នាក់​នេះ ​រង​របួស​ភ្លាត់​ឆ្អឹង​ម្រាម​នាង​ដៃ​ខាង​ឆ្វេង​ធ្ងន់ធ្ងរ ​អំឡុង​ពេល​លេង​ទល់​ក្រុម​វិសាខា ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​កន្លង​ទៅ​ដែល​ធ្វើ​ឡើង​នៅ​ស្ដាត​ចាស់​ដែរ៕

អត្ថបទ៖ មុន្នីរម្យ