លើកដំបូងក្នុងប្រវត្តិសាស្ត្រ Huawei ផ្ដួល Apple ឡើងជាក្រុមហ៊ុនទូរសព្ទធំលេខ ២

  • 2018-08-01 02:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ Huawei បាន​នាំ​មុខ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​លំដាប់​លេខ​ ២ ប្រចាំ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ Strategy Analytics។

នៅ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ ក្រុមហ៊ុន​ Huawei អាច​លក់​ស្មាតហ្វូន​បាន​​សរុប​ ៥៤,២ លាន​គ្រឿង​​ ទូទាំង​សកល​លោក​​ ដោយ​កាន់​កាប់​ទីផ្សារ​ ១៥,៥%។ តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​ដល់​ ៤១% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន ដែល​ Huawei លក់​ស្មាតហ្វូន​បាន​ ៣៨,៤ លាន​គ្រឿង

Apple ឯណោះ​វិញ​ នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ អាច​លក់​ស្មាតហ្វូន​បាន​សរុប ៤១,៣ លាន​គ្រឿង ដោយ​កាន់​កាប់​ទីផ្សារ​ ១១,៨%។ តួលេខ​នេះ​មាន​ការ​កើន​ប្រមាណ​ ១% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ លក់​បាន​ ៤១ លាន​គ្រឿង

​ក្រុមហ៊ុន​ដែល​ឈរ​នៅ​លំដាប់​ទី​ ១ គឺ​ Samsung ដែល​អាច​លក់​ស្មាតហ្វូន​បាន​សរុប​ ៧១,៥ លាន​គ្រឿង និង​កាន់​កាប់​ទីផ្សារ​ ២០,៤%។ ប៉ុន្តែ​ចំនួន​លក់​នេះ​គឺ​មាន​ការ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​លក់​បាន​ដល់​ ៧៩,៥ លាន​គ្រឿង​ ឯណោះ។

​ក្រុមហ៊ុន​ចិន​ ២ ទៀត​ដែល​កំពុង​កាន់​កាប់​ចំណែក​ទីផ្សារ​ធំ​ដែរ​នោះ​គឺ​ Xiaomi និង Oppo ដែល​លក់​ស្មាតហ្វូន​បាន​សរុប​ ៣២ លាន​គ្រឿង និង ៣០,២ លាន​គ្រឿង ។ គេ​សង្កេត​ឃើញ​ថា​ចំនួន​លក់​របស់​ Xiaomi មិន​ហក់​ឡើង​ខ្លាំង​ដូច​ពេល​មុន​នោះ​ទេ នេះ​ដោយ​សារ​តែ​​រង​ការ​ប្រកួត​ប្រជែង​ពី​ Huawei លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។

​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ នេះ​ចំនួន​លក់​ស្មាតហ្វូន​សរុប​មាន​ ៣៥០,៤ លាន​គ្រឿង ដែល​មាន​ការ​ថយ​ចុះ​ ៣% ធៀប​នឹង​ឆ្នាំ​មុន​ មាន​ចំនួន​សរុប​ ៣៦០,៤ លាន​គ្រឿង

បក​ទៅ​មើល​ទីផ្សារ​ស្មាតហ្វូន​ប្រចាំ​ត្រីមាស​ទី​ ១ ឯណោះ​វិញ​ Samsung អាច​លក់​ស្មាតហ្វូន​បាន​ ៧៨,២ លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ​ Apple ដែល​លក់​បាន​ ៥២,២ លាន​គ្រឿង និង Huawei ឈរ​នៅ​លេខ​ ៣ លក់​បាន​ ៣៩,៣ លាន​គ្រឿង

​​

ប្រភព៖ strategyanalytics   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម