ទឹកជំនន់ នៅស្ទឹងត្រែង ស្រកខ្លះហើយ ក្រោយដាក់ឧបករណ៍ ជំនួយ៣គ្រឿង
- 2018-08-02 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់ នៅស្ទឹងត្រែង ស្រកខ្លះហើយ ក្រោយដាក់ឧបករណ៍ ជំនួយ៣គ្រឿង
ចន្លោះមិនឃើញ
មុននេះបន្តិច ជំនន់ទឹកភ្លៀងក្នុងខេត្តស្ទឹងត្រែង បានស្រកចុះបន្តិច បន្ទាប់អាជ្ញាធរ បានដាក់ម៉ាស៊ីនបូមទឹក ខ្នាតមធ្យមចំនួន ៣គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងស្ទឹងត្រែង។
នេះបើតាមប្រភពព័ត៌មាន នៅព្រឹកនេះ ពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តស្ទឹងត្រែង។
អាជ្ញាធរ នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចុះផ្សាយព័ត៌មានថា ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង បានកើនឡើង រហូតលិចចូលភូមិឋានប្រជាពលរដ្ឋ ឃុំសាមឃួយ ស្រុកសេសាន ដល់កម្រិតប្រកាសអាសន្ន កាលពីថ្ងៃម្សិលមិញ។
នៅព្រឹកនេះទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់ ១០,៨០ ម៉ែត្រ ដែល កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ។ បើប្រៀបធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងដល់កម្រិតអតិបរមាកាលពីថ្ងៃម្សិលមិញ គឺបានស្រកចុះ ០,១៣ ម៉ែត្រ។
ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អាជ្ញាធរខេត្តស្ទឹងត្រែង បានដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន៣គ្រឿង ដើម្បីជួយអន្តរាគមន៍បូមរំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង។
សូមបញ្ជាក់ថា ការបូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង បានធ្វើឡើង នៅ៣ទីតាំងផ្សេងៗគ្នា ដោយក្នុងនោះរួមមាន ទីតាំងទី១ ស្ថិតនៅចំណុចភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ទីតាំងទី២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង និងទីតាំងទី៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង៕