សារ៉េត គ្រីយ៉ា៖ ​ឈ្នះ​ជើង​ទី​១ ​​ជា​រឿង​ល្អ ប៉ុន្តែ​មិន​អាច​ប្រហែស​ជើង​ទី​២

  • 2018-08-02 03:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ក្នុង​លទ្ធផល ២-១ ​នៅ​ស្ដាត​ចាស់​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​វគ្ក​៨​ក្រុម​ចុង​ក្រោយ។

ក្រុម​ការពារ​តំណែង​ជើង​ឯក ​ពិត​ជា​ធ្វើ​បាន​ល្អ​នា​ការ​ប្រកួត​យប់មិញ ​ដោយ​តែងតែ​បង្កើត​ឱកាស​ជា​និច្ច ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ការពារ​ជាតិ ​រហូត​យក​បាន​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​ក្នុង​លទ្ធផល ២-១។ ​សារ៉េត គ្រីយ៉ា ​ដែល​ជា​អ្នក​តែត​គ្រាប់​ជ័យជម្នះ​ឱ្យ​ស្វាយ​រៀង ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ការ​ប្រកួត​យប់មិញ​នេះ ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង។ ការពារ​ជាតិ ​ជា​ក្រុម​ល្អ ​មាន​កីឡាករ​ពោរពេញ​ដោយ​​បទ​ពិសោធ ​ជា​ពិសេស​លេង​ក្នុង​ទឹក​ដី​របស់​គេ​ផង ទើប​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត។

ជ័យជម្នះ​នៅ​យប់មិញ​នេះ ​នឹង​ធ្វើ​ឱ្យ​ស្វាយ​រៀង​មាន​ប្រៀប​នៅ​ជើង​ទី​២ ​ហើយ​លេង​នៅ​ទឹក​ដី​ស្វាយ​រៀង​ទៀត។ យ៉ាងណាមិញ ​ការ​មាន​ប្រៀប​នេះ ​ក៏​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ព្រោះ​នៅ​សល់​៩០​នាទី​ដើម្បី​​ប្រកួត​ប្រជែង​ទៀត។ ម្ចាស់​អាវ​លេខ​១៣​របស់​ស្វាយ​រៀង​ខាង​លើ ​បញ្ជាក់​បន្ថែម​ទៀត​ថា ​សមាជិក​ក្រុម​ទាំង​មូល​នឹង​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម ​សម្រាប់​ជើង​ទី​២ ​ដើម្បី​បាន​ឡើង​វគ្គ​បន្ដ។

ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង៕

អត្ថបទ៖ មុន្នីរម្យ