៦ក្បាច់ងាយៗរៀនមិនពូកែក៏ប្រឡងបាក់ឌុបជាប់ ពីសិស្សឆ្នើមលេខ១ពីថ្នាក់ទី១ដល់ទី១២

  • 2018-08-03 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​រៀន​ពូកែ ឬ​និយាយ​បាន​ថា ចាប់​បាន​ច្រើន​ជាង​អ្នក​ធម្មតាៗ មិន​សូវ​ជា​ព្រួយ​បារម្ភ​ប៉ុន្មាន​ឡើយ​រឿង​ប្រឡង​មិន​ជាប់។ តែ​ក្នុង​នោះ​ដែរ​សិស្ស​មួយ​ចំនួន​ដែល​រៀន​មិន​សូវ​ពូកែ​កំពុង​បុកពោះ​ភឹបៗ ខ្លាច​ប្រឡង​មិន​ជាប់​ហើយ​មិន​ដឹង​ថា​គួរ​ធ្វើ​បែប​ណា​ទេ ព្រោះ​ទឹក​ដល់​ច្រមុះ​ហើយ។ ត​ទៅ​នេះ​ជា​ការ​ចែក​រំលែក​ពី​យុវតី​វ័យ​ក្មេង រស់ ចាន់ត្រា ជា​សិស្ស​ឆ្នើម​មួយ​រូប ហើយ​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេសA ៖

យុវតី​វ័យ​ក្មេង រស់ ចាន់ត្រា

**១. ធ្វើ​លំហាត់​តូចៗ​ងាយៗ​ឲ្យ​អស់​សិន**

ចាប់​ពី​ថ្ងៃ​នេះ​ទៅ​មិន​មាន​ពេល​វេលា​ច្រើន​ទៀត​ឡើយ ហើយ​ក៏​មិន​អាច​បង្ខំ​ខ្លួន​​ឯង​ឲ្យ​ត្រូវ​តែ​ចេះ​គ្រប់​លំហាត់​នោះ​ដែរ។ ដូច្នេះ​យក​ល្អ​គួរ​តែ​រៀន​ធ្វើ​លំហាត់​ងាយ​ៗ ដែល​គិត​ថា​អាច​ដោះ​ស្រាយ​បាន​ឲ្យ​ស្ទាត់​ឲ្យ​ច្បាស់​តែ​ម្ដង ហើយ​ដល់​ពេល​ប្រឡង​ក៏​ដូច​គ្នា​មិន​គួរ​ចាប់​ផ្ដើម​ភ្លាម​សង្វាត​ធ្វើ​លំហាត់​ធំ នាំ​ឲ្យ​ស្មុគស្មាញ​ធ្វើ​ឲ្យ​កាន់​តែ​ភ័យ​ឡើយ។ លំហាត់​តូច​ៗ​ងាយៗ គួរ​ប្រញាប់​ធ្វើ​ឲ្យ​អស់​ក៏​អាច​យក​ពិន្ទុ​បាន​ដូចគ្នា។ នេះ​បើ​តាម​បទពិសោធន៍​យុវតី រស់ ចាន់​ត្រា ប្រឡង​ជាប់​និទ្ទេសA កាល​ពី​ឆ្នាំ​២០១៦។

២. គន្លឹះ​ក្នុង​ការ​សរសេរ

ពាក់ព័ន្ធ​ផ្នែក​គណនា​ដដែល​នេះ សិស្ស​ឆ្នើម​និទ្ទេសA ២០១៦​រូប​នេះ​ប្រាប់​ថា មិន​គួរ​សរសេរ​កាត់​ៗ ហើយ​ដាក់​ចម្លើយ​យក​ទាំង​មិន​ដឹង​ថា​ត្រូវ​ឬ​ខុស​នោះ​ទេ។ គួរ​តែ​សរសេរ​មួយៗ​ឲ្យ​ច្បាស់ៗ ហើយ​សឹម​គណនា​រក​ចម្លើយ​ដែល​ត្រឹមត្រូវ​ល្អ​ជាង​ទើប​អាច​រក​ពិន្ទុ​បាន។ ចាន់​ត្រា បន្ត​ថា​សិស្ស​មួយ​ចំនួន បាត់បង់​ពិន្ទុ​ក៏​ដោយសារ​មូលហេតុ​នេះ​ដែរ។ សរសេរ​ឲ្យ​ក្បោះក្បាយ ច្បាស់ៗ ចំ​ចំណុច​ទើប​អាច​រក​ពិន្ទុ​បាន។

៣. លះបង់​រឿង​ដែល​មិន​សូវ​មាន​ប្រយោជន៍

ចាប់​ពី​ពេល​នេះ​តទៅ​ទម្លាប់​មួយ​ចំនួន ដែល​តែង​អនុវត្ត​រាល់​ថ្ងៃ ដូចជា៖ វក់​លេង​ហ្វេសប៊ុក ហ្គេម ដើរ​លេង គួរ​តែ​បំបាត់​ចោល​ឲ្យ​អស់។ រឿង​ដែល​ត្រូវ​ធ្វើ​គឺ​ថែ​រក្សា​សុខភាព​ឲ្យ​ល្អ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​ព្យាយាម​រំលឹក​មេរៀន​គោលៗ​ឲ្យ​យល់​ ឲ្យ​ចាំ​ទើប​ជា​ការ​ប្រសើរ។

៤. កុំ​ព្យាយាម​មើល​វិញ្ញាសា​ព្រោះ​ចម្លើយ​ខុស​ៗគ្នា

យុវតី​វ័យ​ក្មេង​រូប​លើកឡើង​ថា កាល​ណា​ទិញ​វិញ្ញាសា​មក​មើល​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ ព្រោះ​ជា​ទូទៅ​វិញ្ញាសា​ទាំង​នោះ​ពេល​ខ្លះ មាន​សំណួរ​ដូចគ្នា តែ​បែរ​ចម្លើយ​ខុស​គ្នា។ បែប​នេះ​ហើយ​មិន​ដឹង​មើល​អាណា​ទុក​អាណី​ទេ។ ជា​ជម្រើស​ដ៏​ល្អ គួរ​មើល​មេរៀន និង​អ្វី​ដែល​ធ្លាប់​បាន​ប្រឡង​ប្រចាំ​ខែ ប្រចាំ​ឆមាស យក​មក​រំលឹក​ គឺ​ជា​រឿង​ល្អ​បំផុត។ តាម​បទពិសោធន៍​ដែល​ចាន់ត្រា ឆ្លង​កាត់​ក្រសួង​មិន​ដែល​ចេញ​អ្វី​ក្រៅ​ពី​មេរៀន​ឡើយ គ្រាន់​តែ​ចំណុច​ខ្លះ​យើង​មិន​បាន​ចាំ ឬ​មិន​បាន​មើល​ចំ​តែ​ប៉ុណ្ណោះ។

៥. មុន​១ថ្ងៃ​២​ថ្ងៃ​គួរ​តែ​នៅ​ផ្ទះ

មុន​ប្រឡង​១​ថ្ងៃ ឬ​២​ថ្ងៃ មិន​គួរ​ចេញ​ក្រៅ ឬ​ចំណាយ​ពេល​ធ្វើ​ធ្វើ​នោះ​ល្ហេចល្ហូត​នោះ​ឡើយ។ រយៈ​ពេល​នេះ​គួរ​តែ​នៅ​ផ្ទះ​ត្រៀម​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ពិនិត្យ​មើល​ឲ្យ​សព្វ​គ្រប់​មិន​ថាតែ​សំលៀក​បំពាក់ ប៊ិច​បន្ទាត់ និង​អ្វី​ដែល​ត្រូវ​មាន​ពេល​ទៅ​ប្រឡង​ឲ្យ​អស់។ ក្នុង​ពេល​នេះ​ដែរ​គួរ​តែ​មើល​មេរៀន​គោល​ៗ ចំណុច​ខ្លឹម​ៗ​ក្នុង​មេរៀន​នីមួយៗ ដើម្បី​ត្រៀម​ប្រឡង។

៦. ពេល​ដល់​ម៉ោង​១៥​នាទី​ចុង​ក្រោយ

ជា​ធម្មតា​ពេល​គេ​គោះជួង​ម៉ោង​ចុងក្រោយ គឺ​មានន័យ​ថា បេក្ខជន​ប្រឡង​គួរ​ពិនិត្យ​មើល​លើ​ក្រដាស​កិច្ចការ​ ផ្ទៀងផ្ទាត់​ឡើង​វិញ​ក្រែង​លោ​ខ្វះ​ចន្លោះ​ត្រង់​ណា។ ប៉ុន្តែ​ករណី​នៅ​មិន​ទាន់​បាន​បញ្ចប់​កិច្ច​ការ​របស់​ខ្លួន គួរ​តែ​សរសេរ​តាម​សម្រួល​កុំ​ស្លន់ស្លោ តែ​សរសេរ​ឲ្យ​ចំ​ៗ បើ​ជា​វិញ្ញាសា​សរសេរ​គួរ​តែ​ឆ្លើយ​ចំណុច​ខ្លឹម​យក​តែ​ម្ដង​មិន​ចាំបាច់​បើក​ក្បាល​ចម្លើយ​វែង​ឆ្ងាយ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​សល់​សំណួរ​ច្រើន​គួរ​ព្យាយាម​ឆ្លើយ​ឲ្យ​អស់ កុំ​ទុក​ចោល គ្រាន់​តែ​ថា​មិន​ចាំបាច់​រៀបរាប់​វែង​ឆ្ងាយ​បែក​អូរ​ហូរ​ស្ទឹង​ឡើយ ដឹង​ចម្លើយ​ហើយ​សរសេរ​យក​តែ​ម្ដង៕ ​

ទស្សនាវីដេអូសម្ភាសន៍ខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ