ទោះ​បាន​មក​ចូល​ហាត់​វិញ​មែន Neymar អាច​អវត្តមាន​ពេល​ប៉ះ Monaco នៅ​ថ្ងៃ​ស្អែក

  • 2018-08-03 14:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប PSG លោក Thomas Tuchel បាន​និយាយ​ថា លោក​នឹង​មិន​ដាក់ Neymar និង​កីឡាករ​ប្រេស៊ីល​ពីរ​រូប​ទៀត​ចូល​លេង​ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Trophee des Champions ប៉ះ​ជាមួយ​ក្លឹប Monaco។

លោក Tuchel បាន​និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ ដែល​ពួក​គេ​ (Neymar, Thiago Silva និង Marquinhos) បាន​មក​ហាត់​ជាមួយ​ក្រុម។ វា​សំខាន់​ខ្លាំង​ណាស់"។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​បាន​បន្ត៖ "ខ្ញុំ​នឹង​មិន​ដាក់​ពួក​គេ​ចូល​លេង​ក្នុង​ប្រកួត​ថ្ងៃ​ស្អែក​នោះ​ទេ។ វា​គឺ​ជា​តួនាទី​របស់​ខ្ញុំ​ក្នុង​ការ​ថែទាំ​ពួក​គេ។ ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ណាស់​ជាមួយ​ស្ថានភាព​របស់​ពួក​គេ"។

លោក Tuchel បាន​គូស​បញ្ជាក់​ទៀត​ថា កីឡាករ​ទាំង​បី​ខាង​លើ អាច​មាន​បញ្ហា​ដោយ​សារ​ជិះ​យន្ត​ហោះ​រយៈ​ពេល​យូរ ព្រម​ទាំង​គេង​មិន​បាន​គ្រប់គ្រាន់​ត្រឹម​ត្រូវ​តាម​ស្តង់ដារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​សម្រេច​បែប​នេះ។

កាល​ពី​ម្សិលមិញ Neymar បាន​ត្រលប់​មក​ហាត់​ជាមួយ​ក្រុម PSG វិញ នៅ​ប្រទេស​ចិន បន្ទាប់​ពី​​សម្រាក​រដូវ​កាល​ក្ដៅ ក្រោយ​ព្រឹត្តិការណ៍ World Cup រួច។

កាល​ពី​ចុង​ខែ​កុម្ភៈ ២០១៨ កីឡាករ​បាន​រង​របួស​ប្រអប់​ជើង​ធ្ងន់ធ្ងរ​រហូត​ឈាន​ដល់​ការ​វះ​កាត់​ ហើយ​មិន​បាន​ចូល​លេង​ឲ្យ​ក្លឹប​រហូត​ដល់​ចប់​រដូវ​កាល ២០១៧/១៨។

គួរ​រម្លឹក​ឡើង​វិញ​ដែរ​ថា កាល​ពី​ខែ​សីហា​ឆ្នាំ​មុន Neymar បាន​មក​ចូល​រួម​ជាមួយ PSG ពី Barcelona ក្នុង​តម្លៃ​ផ្ទេរ ២២២ លាន​អឺរ៉ូ (ជាង ២៥៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ គិត​មក​ទល់​ពេល​នេះ កីឡាករ​ប្រេស៊ីល​បាន​លេង​សរុប ៣០ ប្រកួត និង​ស៊ុត​ចូល ២៨ គ្រាប់​ហើយ​ឲ្យ​ក្លឹប​៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី