តិចច្រឡំនៅស្រុកគេ! ផ្កាចាហួយដ៏ស្អាតបំផុតនៅសៀមរាប កំពុងរីកយ៉ាងស្គុះស្គាយ

  • 2018-08-04 03:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​ចាហួយ​ដ៏​ស្រស់​បំព្រង​រំលេច​ពណ៌ផ្កាឈូក​ខ្ចី​គួរ​ឲ្យ​ចង់​គយ​គន់​នៅ​ភ្នំ​អំពិល​ខេត្ត​សៀមរាប ចាប់​ផ្ដើម​ដល់​រដូវ​រីក​ទៀត​ហើយ ពោល​ចាប់​ពី​ខែ​សីហា​នេះ​តទៅ​រហូត​ដល់​ខែ​តុលា។ នេះ​បើ​តាម​លោក​ពូ ព្រឿង ង៉ិក ជា​អ្នក​រស់​នៅ​ភូមិ​ពាក់​ស្នែង​ក្បែរ​ជើង​ភ្នំពិល​ប្រាប់​មក​កាន់ Sabay នៅ​ព្រឹក​នេះ។

បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​ប្រាប់​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។ ចំពោះ​ភ្ញៀវ​ទេសចរ​​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​​ឡើង​ភ្នំ​បាន​ទេ អាច​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង ឬ​លោក​ពូ​ផ្ទាល់​​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​១៥​នាក់ ហើយ​ប្រសិន​បើ​ចង់​បាន​អ្នក​នាំ​ផ្លូវ​ម្នាក់​ទៀត​ត្រូវ​ចំណាយ​៤​ម៉ឺន​រៀល​បន្ថែម។ ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។

ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ឲ្យ