ចប់​បាក់ឌុប​គួរ​រៀន​ជំនាញអី្វល្អសម្រាប់អនាគត?

  • 2018-08-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ជាង៥០ភាគរយ​រៀនមុខវិជ្ជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ច្បាប់

-មុខវិជ្ជាសំខាន់សម្រាប់​អភិវឌ្ឍវិស័យ​សេដ្ឋកិច្ច និង​ឧស្សាហកម្មជាតិ​មិនសូវមានអ្នករៀន​

-ប្រ​ភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ ដែល​មាន​ប្រហែល១០​ភាគរយ​នៃ​ប្រ​ជា​ជន​សរុបបានពី​កសិកម្ម​

នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៨ ខាង​មុខនេះ​សិស្ស​ថ្នាក់ទី​១២​ជាង​១១ម៉ឺន​នាក់​នឹង​ត្រូវ​ប្រ​ឡង​បញ្ចប់​ថ្នាក់ទី​១២ ឬ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២​ ទំនង​ជាមាន​​សិស្ស​មិន​តិច​នាក់​ទេ​បាន​កំណត់​ក្នុង​ចិត្ត​រួច​ស្រេច​ហើយថា​នឹង​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា។

បើ​ដូចនេះតើ​គួររៀន​ជំនាញ​អ្វី​ល្អ​សម្រាប់អាជីព​ការងារ​ទៅ​ថ្ងៃអនាគត?

សំណួរ​នេះ​ទំនង​ជា​គ្មាន​អ្នក​ជំនាញ​ណាមួយ​ហ៊ាន​អះអាង​ឲ្យ​ចំនោះ​ទេ ​សម្រាប់​រយៈពេល​បួន ឬ​ប្រាំឆ្នាំ​ទៅ​មុខទៀន​​។ ទោះយ៉ាងណា ក៏មាន​ដែរ​​ស្ថាប័ន​ធំៗមួយ​ចំនួន​បាន​ធ្វើ​ការ​សិក្សា​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ​ និង​ជំនាញ​ដែល​ជាតម្រូវ​ការ​សម្រាប់​ការអភិ​វឌ្ឍ​សេដ្ឋកិច្ច និង​ឧស្សាហ​កម្ម​នៅ​កម្ពុជា​នាពេល​ខាង​មុខ។

ក្រ​សួង​អប់​រំ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ចាប់ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៣ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​​នៅ​ថ្នាក់​ឧត្តម​សិក្សា​ចំនួន​២០៧ ០០០​នាក់។ ក្រ​សួងបាន​លើក​ឡើងដែរ​ថា​បញ្ហា​ចម្បង​របស់​អ្នក​សិក្សា​គឺការ​​រើស​មុខជ្ជាសិក្សា​មិន​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ ខ្វះខាត​សមត្ថភាព​​ក្នុង​ការគិត​បែប​ស៊ីជម្រៅ និង​ជំនាញ​ដែល​ត្រូវ​នឹង​តម្រូវការ​ទី​ផ្សារ​ជាដើម។

(កម្មករធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ និងដេរស្បែកជើងមានប្រ​មាណជា​៧០ម៉ឺននាក់ ក្នុង​នោះគេជឿថា​មានស្រ្តីជាង​៨០​ភាគរយ)

​ចំណែក​ការ​ស្រាវជ្រាវ​រួមគ្នាមួយ​រវាងនិស្សិត​​សាក​លវិទ្យាល័យអាមេរិកាំង​ភ្នំពេញ(AUPP) និង​និស្សិត​សាលវិទ្យាល័យ​ University of Massachusetts Lowell  កាលពី​ឆ្នាំ​២០១៥ បង្ហាញ​ថា​និស្សិត​ចំនួន​៦០​ភាគ​រយ​បាន​សម្រេច​ចិត្ត​រើស​មុខ​វិជ្ជា​​សិក្សា​ទៅ​តាម​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​​ ជាជាង​គិត​លើ​តម្រូវកា​រ​ទីផ្សារ។ ដោយ​ឡែក​ការសិក្សា​ដដែល​បង្ហាញ​ថា​មាន​តែ​និស្សិត​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​គិត​ដល់​សិក្សា​​មុខវិជ្ជា​ដែល​ស្រម​តាម​តម្រូវ​ការ​ទីផ្សារ។

ទំនងជា​មានទំនាក់​ទំនង​គ្នាដែរ​រវាង​ការ​ជ្រើស​រើស​មុខវិជ្ជា​ដែល​ខ្លួន​ពេញ​ចិត្ត និង​មុខវិជ្ជា​ដែល​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ។ ក្នុង​របាយការ​ស្ទង់​មតិឆ្នាំ២០១៥របស់​​ទីភ្នាក់​ងារ​មុខរបរ​និង​ការងារ​ បង្ហាញ​ថា​និស្សិត​បញ្ជាប់ការ​សិក្សា​និង​ប្រ​លូក​ក្នុង​ទីផ្សារ​ការងារ​មាន​ចំនួនពី​២៩ ៥០០នាក់ទៅ​៣៣ ០០០​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ប្រ​ភព​ដដែល​បង្ហាញ​ថា​អ្នកសិក្សា​លើ​មុខវិជ្ជាសេដ្ឋកិច្ច ពាណិជ្ជកម្ម គណនេយ្យ និង​ច្បាប់​មាន​ជាង​៥០​ភាគរយ​នៃចំនួន​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​សាកល​វិទ្យាល័យ។

ដោយ​ឡែក​ មុខវិជ្ជា​ដែល​បាន​ដើរ​តួរសំខាន់ក្នុង​ការ​អភិវឌ្ឍវិស័យ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​បែរ​ជា​មិន​សូវ​មាន​សិស្ស​ចាប់អារម្មណ៍​រៀន​ទៅ​វិញ។ អ្នក​ជ្រើស​រើស​មុខវិជ្ជា​កសិកម្ម​មាន​៤ភាគរយ វិស្វកម្ម​៣,៨ភាគរយ ឱសថ៣,១​ភាគរយ វិទ្យាសាស្រ្ត​ ២,៥ភាគរយ និង​ទេសចរណ៍​១,៧​ភាគរយ។

(វិស័យសំណង់​នៅ​ឆ្នាំ២០១៧ មានទុន​វិនិយោគប្រមាណជា៦ពាន់​លាន​ដុល្លារ​អាមេរិក)

មួយ​វិញ​ទៀត តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៨ បាន​លើក​ឡើង​ថា​កាលពី​ខែមិថុនា មាន​ការ​ងារ​ជាង​១ ០០០​កន្លែង​បាន​បើក​ចំហ និង​បាន​ទទួលអ្នក​ដាក់ពាក្យ​សុំធ្វើការ៣ ០០០​នាក់ ប៉ុន្តែអ្នក​ដែល​ជាប់​បាន​កាងារ​មាន​តែ​១៥០​នាក់​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​ត្រូវ​តាម​ការ​ចង់បាន​របស់​និយោជក​។ ​

ត្រង់ចំណុច​មាន​ការលើក​ឡើងថា​​អ្នក​ទទួល​បាន​ការ​អប់រំ ឬបណ្តុះ​បណ្តាល​ហើយ​តែ​បែរជា​មិន​សូវ​មាន​គុណភាព​ក្នុង​ការ​បំពេញ​ការងារ​ទៅ​វិញ។ របាយការណ៍​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញ​ផ្សាយ​កាល​ឆ្នាំ២០១៥ លើកឡើងថា​កម្លាំង​ពល​កម្ម​នៅ​កម្ពុជា​​ជា​មនុស្ស​វ័យ​ក្មេង ប៉ុន្តែ​ហាក់​ទទួល​បាន​ការ​បណ្តុះ​បណ្តា​លើជំ​នាញ​តិច​តួច។ ការសិក្សា​បង្ហាញ​ថា​យុវជន​​៤នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ទទួល​ការ​អប់​រំ​មិន​ពេញ​លេញ​ដើម្បី​បំពេ​ញការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ។

តើ​ស្ថាប័ន​ធំៗ​ជំនាញផ្នែក​សេដ្ឋកិច្ច​មើល​ឃើញ​ថា​វិស័យ​ណា​នឹង​ចាំបាច់​សម្រាប់​កម្ពុជាទៅ​ថ្ងៃមុខ?

ក្នុង​ឯកសារ​មគ្គទេសក៍លើផ្នែក​ជំនួញ​របស់​អាមេរិក​ស្តីពី​កម្ពុជា​ចុះផ្សាយ​កាលឆ្នាំ២០១៧ លើក​ឡើង​ថា​ដ្បិត​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ប៉ុន្តែថា​កម្ពុជា​នៅតែ​ជាប្រ​ទេស​កសិកម្ម​នៅឡើយ។

ប៉ុន្តែ​បើ​និយាយ​ពីឱកាស​រកស៊ីវិញ ប្រ​ភព​ខាង​លើ​ថា​មុខជំនួញ​ដែល​មាន​​សក្កដា​នុពល​រួម​មាន​កសិពាណិជ្ជកម្ម និង​ម្ហូប​អាហារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​រមណីយដ្ឋាន អប់រំ វិស្វកម្ម សំណង់ និង​ស្ថាបត្យកម្ម ជាដើម។

(កម្ពុជាបាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារបរទេស​ជាង​៦៣ម៉ឺន​តោន​ក្នុង​ឆ្នាំ២០១៧ ខណៈកាលពីឆ្នាំ២០១៥ រដ្ឋាភិបាលគ្រោង​នាំចេញឲ្យបាន​១លានតោន)

ងាក​មក​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​អន្តរ​ជាតិមួយ​ហៅកាត់​ថា​OECD កាលពី​ឆ្នាំ​២០១៣ បាន​លើក​ឡើងដែរថា​កម្ពុជា​ត្រូវ​ពង្រឹង​ផលិតភាព​វិស័យ​កសិកម្ម និង​ការ​នាំចេញ។​

វិស័យ​កសិកម្មពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​មួយ​នេះ​បាន​រួម​ចំណែក​ផ្តល់ការ​ងារ​ដល់​ប្រ​ជាពល​រដ្ឋ​ប្រហែល​ពាក់​កណ្តាល​នៃអ្នកពេញ​កម្លាំង​ធ្វើការ​ងារ ហើយ​វិស័យ​នេះ ជា​ប្រ​ភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ ដែល​មាន​ប្រហែល១០​ភាគរយ​នៃ​ប្រ​ជា​ជន​សរុប។ នេះ​បើ​តាម​ប្រ​ភពដដែល​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម