ចាប់​ដាក់​បញ្ចាំង​ភ្លាម "Along With The Gods 2” បំបែក​ឯកត្តកម្ម​​មិន​ចេះ​តិច

  • 2018-08-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​កូរ៉េ "Along With The Gods 2 ឬ Along With The Gods: The Last 49 Days” បាន​បំបែក​ឯកត្តកម្ម​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​​អស់​រយៈ​ប៉ុន្មាន​ថ្ងៃ​​នៅ​ប្រទេស​កូរ៉េ។ បើ​យោង​ទៅ​តាម​ឯកសារ​បាន​មក​ពី​ក្រុម​ប្រឹក្សា​ភាពយន្ត​ប្រចាំ​ប្រទេស​កូរ៉េ ភាពយន្ត​ "Along The God” វគ្គ​ថ្មី​នេះ ទទួល​បាន​មនុស្ស​ទៅ​ចូលរួម​ទស្សនា​ដល់​ទៅ​ ៥,៤០៩,៨១៧នាក់​គិត​ត្រឹម​ម៉ោង​១២​យប់​ នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​នេះ។

កាល​ពី​ថ្ងៃ​ទី​៤​ខែ​សីហា ក្នុង​តែ​មួយ​ថ្ងៃ​នោះ​ភាពយន្ត​នេះ​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ ១,៤៦៦,៤១៦​នាក់។ ចំនួន​នេះ​បាន​បំបែក​ឯកត្តកម្ម​មនុស្ស​ចូលរួម​ទស្សនា​ភាពយន្ត​ តែ​ក្នុង​មួយ​ថ្ងៃ​នៅ​កូរ៉េ​ ដែល​យក​ឈ្នះ​ភាពយន្ត "Avengers: Infinity War” ដោយ​ទទួល​បាន​អ្នក​ទស្សនា​ ១,៣៣៣,៣១០​រូប​ក្នុង​មួយ​ថ្ងៃ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភាពយន្ត​នេះ ក៏​បាន​បំបែក​ឯកត្តកម្ម​ជា​ភាពយន្ត​ដែល​ទទួល​បាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ ៥​លាន​រូប​លឿន​បំផុត។ ចំនួន​សរុប​ទាំង​នេះ​គឺ​បាន​មក​ពី​ចំនួន​សរុប​អ្នក​ទស្សនា​ក្នុង​រយៈ​ពេល​តែ​៥​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​ ដែល​​ចំនួន​នេះ​ទទួល​បាន​ក្នុង​រយៈ​ពេល​២​ថ្ងៃ​លឿន​ជាង​បើ​ធៀប​នឹង​រឿង​ចាស់។ លើស​ពី​នេះ​ទៅ​ទៀត​ភាពយន្ត​ក៏​រក​ចំណូល​បាន​សរុប​ មួយ​ថ្ងៃ​លឿន​ជាង​​​រឿង "The Admiral: Roaring Currents” ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​របស់​ប្រទេស​កូរ៉េ​ទៀត​ផង។

ដើម្បី​អបអរ​នូវ​ការ​សម្រេច​បាន​នេះ តួអង្គ​សម្ដែង​ Ha Jung Woo, Joo Ji Hoon, Lee Jung Jae និង​អ្នក​ដឹក​នាំ​រឿង Kim Yong Hwa បាន​បង្ហោះ​រូប​ថត​ពួក​គេ​កាន់​ប៉េង​ប៉ោង​ដែល​មាន​លេខ​ "500”។ ភាពយន្ត​នេះ​ក៏​នឹង​ចាប់​ដាក់​បញ្ចាំង​ទូទាំង​ពិភពលោក​ ឆាប់ៗ​នេះ​ហើយ៕

​​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ