តិចអត់ដឹងចុះ! អង្គរវត្តកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ៥ឆ្នាំផ្ទួនៗគ្នាលើវេបសាយកំពូលៗទាំងនេះ

  • 2018-08-06 03:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១​ផ្ទួនគ្នា គិត​ត្រឹម​ចាប់​ពី​ឆ្នាំ​២០១៤​មក នៅ​លើ​គេហទំព័រ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ ឈ្នះ​ប្រាសាទ និង​ទីតាំង​ល្បីៗ​នានា​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក។ ត​ទៅ​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​លេខ​១ រយៈ​ពេល​៥​ឆ្នាំ​ជាប់​គ្នា ដែល​ប្រាសាទ​អង្គរវត្ត​ទទួល​បាន៖

១. ចំណាត់​ថ្នាក់​លេខ​១ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ឆ្នាំ​២០១៨

ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បាន​ផ្តល់​ចំណាត់​ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត។ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើដំណើរ (TripAdvisor) នឹង​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត​កម្ពុជា ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​ល្បីៗ​ក្នុង​ពិភពលោក ចំនួន ២៥ សម្រាប់​ឆ្នាំ​២០១៨។

ពិធី​ប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្រុង​សៀមរាប ទីតាំង​ខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ នា​ពេល​ពេល​ព្រឹក និង​ពិធី​អបអរសាទរ រាំ​លេង​សប្បាយ​ជាមួយ​ការ​ប្រគំតន្ត្រី​នៅ​តំបន់ Pub Street ពេល​រាត្រី នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​ ខាងមុខ​នេះ។

​២. ចំណាត់​ថ្នាក់​លេខ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើលោក​ឆ្នាំ​២០១៧

គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ការ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នេះ ក្រោយ​ការ​ចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។

៣. ជាប់​ចំណាត់​ថ្នាក់​លេខ១ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ឆ្នាំ​២០១៦

នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌​មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។

៤. ជាប់​ចំណាត់​ថ្នាក់​លេខ​១ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​លើ​ពិភពលោក

នៅដើមឆ្នាំ២០១៥ អង្គរ​វត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​គេហទំព័រ​អន្តរជាតិ ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះគឺ គេហទំព័រ TripAdvisor។

៥. ជាប់​ចំណាត់​ថ្នាក់​លេខ១​ជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​បំផុត​លើ​ពិភពលោក

កាលពីឆ្នាំ២០១៤ អង្គរ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១​ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំង​អស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ​ ArchaeoMadness៕

អត្ថបទ៖ វឌ្ឍនៈ