កីឡាករ​បែលហ្សិក​ឡើង​ជើង​ក្នុង World Cup សម្រេច​ដើរ​ចេញ​ពី​ចិន​មក​ចូល​រួម​ជាមួយ Dortmund

  • 2018-08-06 13:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​បម្រើ​ Axel Witsel បាន​ចាក​ចេញ​ពី​ក្លឹប​ចិន​ Tianjin Quanjian មក​ចូល​រួម​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund។

ក្នុង​ឱកាស​នេះ កីឡាករ​បាន​និយាយ៖ "ក្រោយ​ព្រឹត្តិការណ៍ World Cup គោល​ដៅ​របស់​ខ្ញុំ​គឺ​ផ្ទេរ​ពី​ចិន​មក​លេង​នៅ​អឺរ៉ុប។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ និង​មាន​មោទនភាព​ដែល​បាន​ចូល​លេង​ឲ្យ Dortmund"។

កីឡាករ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ចាំ​បាច់​គិត​ពីរ​ដង​ទេ នៅ​ពេល​ដែល Dortmund បាន​មក​ទាក់ទង​ខ្លួន។ សម្រាប់​ខ្សែ​បម្រើ Witsel ក្លឹប Dortmund ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ល្អ​បំផុត​លើ​លោក។

Witsel បាន​ចាប់​អាជីព​នៅ​ក្លឹប​បែលហ្សិក Standard Liege និង​លេង​នៅ​ទី​នោះ ពី​ឆ្នាំ ២០០៦ ដល់ ២០១១ មុន​ចាក​ចេញ​ទៅ​លេង​ឲ្យ Benfica។ លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់​បាន​មួយ​រដូវ​កាល កីឡាករ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​រុស្ស៊ី Zenit Saint Petersburg។ ក្រោយ​លេង​នៅ​ទី​នោះ​សរុប ១៧៩ ប្រកួត និង​ស៊ុត​ចូល ២២ គ្រាប់ ខ្សែ​បម្រើ​បែលហ្សិក​បាន​សម្រេច​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Tianjin Quanjian ​កាល​ពី​ខែ​មករា ឆ្នាំ២០១៧។ នៅ​ក្លឹប​ចិន កីឡាករ​លេង​បាន​សរុប ៤៧ ប្រកួត​និង​ស៊ុត​ចូល ៦ គ្រាប់។

ក្នុង​ World Cup ២០១៨ ខ្សែ​បម្រើ Witsel ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ​ការពារ។ កីឡាករ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​បែលហ្សិក​សម្រេច​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​មួយ​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម