ភាពយន្ត "Christopher Robin” ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​បញ្ចាំង​នៅ​ប្រទេស​ចិន​ព្រោះ​ហេតុផល​១

  • 2018-08-07 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "Christopher Robin” ដែល​មាន​តួអង្គ Winnie the Pooh នៅ​ក្នុង​សាច់​រឿង​ ត្រូវ​គេ​ហាម​ឃាត់ដាក់​បញ្ចាំង​ពី​អាជ្ញាធរ​ក្រុម​ពិនិត្យ​ភាពយន្ត​ប្រទេស​ចិន​ ដោយ​សារ​មូលហេតុ​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ។ ទោះ​បី​ជា​មិន​បាន​ប្រាប់​អ្នក​ណា​ទាំង​ពីរ​ពី​មូលហេតុ​ពិត​ប្រាកដ​ក៏​ដោយ ក៏​អ្នក​ណា​ក៏​អាច​ទាយ​បាន​ដែរ ព្រោះ​តួអង្គ Pooh មាន​មុខ​មាត់​ស្រដៀង​នឹង​ប្រធានាធិបតី​ចិន Xi Jinping។

រឿង​រ៉ាវ​នេះ​មិន​មែន​ទើប​នឹង​កើត​នោះ​ទេ ដោយ​អាជ្ញាធរ​ចិន​ព្យាយាម បំបាត់​រូបភាព​ផ្សេងៗ​របស់ Pooh ទូទាំង​បណ្ដាញ​សង្គម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ បន្ទាប់​ពី​តួអង្គ​ខ្លាឃ្មុំ​របស់​លោក AA Milne ក្លាយ​ជា​សញ្ញា​មួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​។

លោក Xi Jinping ត្រូវ​គេ​ប្រៀប​ធៀប​ជាមួយ​តួអង្គ​ខ្លាឃ្មុំ​នេះ​ជា​ញឹក​ញាប់។ ការ​ប្រៀប​ធៀប​នេះ​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០១៣ នៅ​ពេល​លោក Xi បណ្ដើរ​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​បាន​បង្ហោះ​រូប​នេះ​ ជាមួយ​រួប​តុក្កតា​ Pooh បណ្ដើរ​គ្នា​ជាមួយ Tigger មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០១៤ រូប​ភាព​របស់​លោក Xi និង​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​ត្រូវ​គេ​យក​មក​ប្រៀប​ធៀប​ជាមួយ Pooh និង Eeyore ផង​ដែរ។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ចិន​ចាប់​ផ្ដើម​​លុប​បំបាត់​រូប​ខ្លា​ឃ្មុំ​នេះ​គ្រប់​ទីកន្លែង​ក្នុង​អ៊ីនធឺណិត។

នេះ​គឺ​ជា​រឿង​ទី​២ របស់​ Disney ដែល​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ចាំង​ ដោយ​ភាពយន្ត "A Wrinkle in Time” ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ចាំង​ដូច​គ្នា៕

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ