ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០១៨ តារា​ល្បី​ៗកម្ពុជា ហក់​ចូល​ជំនួញ​ដី​ធ្លី​បន្ត​កន្ទុយ​គ្នា

  • 2018-08-07 03:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​សកម្មភាព​ពុះដីឡូត៍​លក់​នៅ​ក្នុង​ស្រុក ពិសេស​នៅ​តំបន់​ជាយ​រាជធានី​បាន និង​កំពុង​ផុសផុល​ខ្លាំង គេ​ឃើញ​តារា​ល្បី​ៗ​របស់​កម្ពុជា​ប៉ុន្មាន​នាក់ សុទ្ធ​ជា​តារា​ចម្រៀង​បាន​ហក់​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល បន្ត​កន្ទុយ​គ្នា។

១.ព្រាប សុវត្ថិ៖ កំពូល​តារា​ចម្រៀង​រូប​នេះ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មុន​គេ ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព ដែល​បាន​ងាក​មក​វិនិយោគ​បន្ថែម​លើ​ជំនួញ​ដីធ្លី។ លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​លេច​មុខ​ធ្វើ​ជា​ម្ចាស់​គម្រោង "មហាព្រហ្ម" នៅ​តំបន់​ភ្នំ​បាសិត កាល​ពី​អំឡុង​ខែ​មិថុនា។ ត្រឹម​រយៈ​ប្រមាណ ២​ខែ គម្រោង​ដីឡូត៍​របស់​លោក លក់​អស់​គ្មាន​សល់។

ក្រោយ​បិទ​បញ្ចប់​គម្រោង​នៅ​តំបន់​ភ្នំ​បាសិត​ លោក ព្រាប សុវត្ថិ បាន​មក​​ដោយ​ចាប់​ដៃគូ​ជាមួយ ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា វិនិយោគ​លើ​គម្រោង​ថ្មី​នៅ​ក្បែរ​ផ្សារ​ថ្នល់​ទទឹង​ខេត្ត​កំពង់​ស្ពឺ​បន្ត​ទៀត។ គម្រោង​ថ្មី​នេះ តារា​ចម្រៀង​ហង្សមាស បាន​វិនិយោគ​ជាង ៥លាន​ដុល្លារ​ជាមួយ​នឹង​ដៃគូ។

២. ខេមរៈ សិរីមន្ត៖ លោក សិរីមន្ត បាន​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ទី​២​របស់​កម្ពុជា ក៏​ដូច​ជា​តារា​ហង្សមាស​ទី​២ បន្ទាប់​ពី​លោក ព្រាប សុវត្ថិ បាន​ចូល​ខ្លួន​ក្នុង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។ សកម្មភាព​ម្ចាស់បទ "ស្ទឹង​ត្រែង​បង​អើយ" បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង នា​ថ្ងៃ​ម្សិលមិញ​នៅ​តំបន់​ក្បែរ​ដីឡូត៍​លោក ព្រាប សុវត្ថិ ឈាន​ចូល​មក​កាន់​ជំនួញ​ដី​ធ្លី។

ខុស​ប្លែក ពី​រៀម​ច្បង​ខាង​លើ លោក សិរីមន្ត បាន​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ធ្វើ​ជា​មធ្យោបាយ​បោះ​ជំហាន​មក​កាន់​សមរភូមិ​ជំនួញ​ដី​ធ្លី។ សហការ​ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ លោក ខេមរៈ សិរីមន្ត បាន​វិនិយោគរួម​នូវ​ទឹក​ប្រាក់​ប្រមាណ ១០លាន​ដុល្លារ​ឯណោះ លើ​ផ្ទៃ​ដី ៤០ហិចតា និង​អនុវត្ត​គម្រោង​តាម​៣​តំណាក់​កាល។

៣.អ៊ីណូ៖ តារា​ចម្រៀង អ៊ីណូ គឺ​តារា​ចម្រៀង​ល្បី​ទី​៣​របស់​កម្ពុជា និង​ជា​តារា​សាន់ដេ​ទី​១​ដែល​បាន​សម្រេច​ចូល​មក​លុក​លុយ​ក្នុង​ជំនួញ​ដី​ធ្លី​ជាមួយ​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ។ ដូច​គ្នា​នឹង​លោក ព្រាប សុវត្ថិ ម្ចាស់​បទ "ក្បាច់​គុន​មនុស្ស​ស្មោះ" ចាប់​ផ្ដើម​ចេញ​ដំណើរ​វិនិយោគ​ទិញ​ដី​ពុះឡូតិ៍​លក់ នៅ​តំបន់​ភ្នំ​បាសិត ជា​ច្រើន​កន្លែង។

ខុស​ពី​មិត្ត​រួម​អាជីព​ទាំង​ពីរ​ខាង​លើ តារា​ចម្រៀង អ៊ីណូ មិន​ទាន់​ប្រកាស​ចេញ​មុខ​ផ្លូវ​ការ​ចំពោះ​វត្តមាន​របស់​លោក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បែប​នេះ​ក្ដី មាន​ព័ត៌មាន​មក​ថា ដីឡូត៍​របស់​លោក​នៅ​តំបន់​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា​នេះ បាន​លក់​ដាច់​ចង់​អស់​នូវ​គម្រោង​ចាស់​ៗ​របស់​លោក​ទៅ​ហើយ ហើយ​ក៏​បាន និង​កំពុងវិនិយោគ​បន្តបន្ទាប់​ទៀត​ដែរ។

រូបភាព៖ ហ្វេសប៊ុក អ៊ីណូ

មិន​ទាន់​មាន​តួលេខ​ផ្លូវ​ការ​ពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ​របស់ អ៊ីណូ នៅ​ឡើយ។ ប៉ុន្តែ​ក្រោយ​ពី​ធ្លាយ​ចេញ​ពី​ផែន​ការ​វិនិយោគ​របស់​ខ្លួន​លើ​គម្រោង​ដីឡូត៍​ខាង​លើ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង បាន​បង្ហើប​ទៀត​ថា លោក​គ្រោង​នឹង​ធ្វើ​សន្និសីទ​ធំ​មួយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដូច​គ្នា​នឹង​ការ​ហក់​ចូល​របស់​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ​មក​កាន់​វិថី​ជួញ​ដូរ​អចលនទ្រព្យ​នេះ​ដែរ៕

អត្ថបទ៖ ទារិកា