ជិតដល់ថ្ងៃប្រលងហើយ មកដឹងតិចនិកត្រៀម ៥ចំណុច ពីសិស្សពូកែនិទ្ទេស A
- 2018-08-07 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃប្រលងហើយ មកដឹងតិចនិកត្រៀម ៥ចំណុច ពីសិស្សពូកែនិទ្ទេស A
ចន្លោះមិនឃើញ
អតីតសិស្សនិទ្ទេស A មួយរូប បានចែករំលែក តិចនិករៀន ៥ចំណុច សម្រាប់ត្រៀមក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងខិតចូលមកដល់ឆាប់ៗខាងមុខ។
រយៈពេលនេះ បេក្ខជនគ្រប់រូប ច្បាស់ជាប្រឹងរៀន អន្ទះសា និងបន់ឲ្យតែដល់ថ្ងៃប្រលង ព្រោះបានចំណាយពេលរៀន និងរង់ចាំប្រមាណ១២ឆ្នាំហើយ។
កញ្ញា ជ្រីវ សុគន្ធទេពី ជាអតីតសិស្សប្រលងសញ្ញាប័ត្រ បាក់ឌុប កាលពីឆ្នាំ២០១៧ ជាបេក្ខជនដែលមកពីវិទ្យាល័យជា ស៊ីម សន្ធរមុក នៅរាជធានីភ្នំពេញ។ កញ្ញា ទេពីទទួលបាននិទ្ទេស A សរុបពិន្ទុ ខ្ពស់ដល់ទៅ ៩៩.៩០៦។
កញ្ញា បានរំលឹកថា មុនទទួលបានលទ្ធផលដ៏រំភើបនេះ គឺមកពីការប្រឹងប្រែងរៀនផ្ទាល់ខ្លួន គួបផ្សំនឹងការសួរនាំ ការចែករំលែកពីសិស្សច្បង និងលោកគ្រូ អ្នកគ្រូ ជាពិសេស គឺតិចនិករៀនដ៏សំខាន់ ទាំង៥ចំណុច។
១. ត្រូវដឹងពីកាលវិភាគប្រលង ថ្ងៃទី១ តើមានមុខវិជ្ជាអ្វីខ្លះ?
ចំណុចនេះ កញ្ញា ជ្រីវ សុគន្ធទេពី បញ្ជាក់ថា ក្រោយដឹងហើយត្រូវប្រឹងធ្វើលំហាត់ និងទាញរូបមន្ត ដាក់ឲ្យត្រូវ ដើម្បីត្រៀមមុខវិជ្ជាបើកឆាក ទាំងនោះឲ្យបានល្អ។
សូមចងចាំ និងតាំងចិត្ត ហើយកុំខ្វាយខ្វល់ពេក រហូតភ្លេចភ្លាំងបាត់អស់នូវអ្វីដែលចេះឲ្យសោះ។ ត្រូវធ្វើឲ្យបានល្អបំផុត ប្រឹងឲ្យអស់លទ្ធភាព ចំពោះមុខវិជ្ជានៅថ្ងៃប្រលងដំបូង យ៉ាងហោច ៧០% ឡើងទៅ។
២. ដឹងម៉ោងរំលឹកមេរៀនបន្ត ដែលល្អបំផុត
ទោះកៀកប្រលងក៏ពិតមែន ត្រូវបន្តក្រោកពីគេង នៅម៉ោង ៥ ដើម្បីទន្ទេញមេរៀនផ្នែកសង្គម និងវិទ្យាសាស្ត្រ។ ករណីនេះ មានន័យថា ជាឱកាសល្អ ដែលយើងអាចរំលឹករូបមន្ត ដែលយើងនៅតែមិនទាន់ច្បាស់ ដើម្បីឲ្យប្រាកដក្នុងចិត្តថា យើងអាចធ្វើវាបានដោយត្រឹមត្រូវ និងជឿជាក់បំផុត។
៣. ចងចាំរាល់សម្ភារៈត្រូវយកតាមខ្លួនទៅប្រលង
កុំគិតថា នេះជាចំណុចមិនសំខាន់ឲ្យសោះ។ ត្រូវចងចាំ មុនឈានជើងចូលទៅដល់តុប្រលងបានលទ្ធផលជាប់ និងទទួលបាននិទ្ទេសល្អ។ កុំភ្លេចកាតសិស្ស ប៊ិចខៀវ ២ ឬ៣ដើម និងបន្ទាត់វែង១ដើម ទៅតាមខ្លួន។
សូមចាំថា ពេលទៅប្រលង គ្មានទេសម្ភារៈរណែងរណោង ម៉ាស៊ីនគិតលេខ ឬសម្ពាយរូបមន្តតាមខ្លួន។
នៅពេលយើងដឹងពីចំណុចទាំងនេះ វាក៏ជាចំណុចល្អ ដើម្បីរំលឹក ខ្លួនឯងឲ្យប្រយ័ត្ន និងហ្វឹកហាត់របៀបគិតលេខ និងដើម្បីតេស្តសមត្ថភាព នៃការធ្វើលំហាត់។
បន្ថែមពីចំណុចនេះ សូមផ្ទៀងម៉ោង ហើយឧបមាថា យើងកំពុងតែប្រលងមែនទែន ដោយមិនចាំបាច់លបមើលរូបមន្ត។ សូមសង្កេតខ្លួនឯងថា តើយើងអាចធ្វើបានកម្រិតណា?
៤. អប់រំផ្លូវចិត្តខ្លួនឯង
មិនមែនសំដៅដល់ការហ្វឹកហាត់អ្វីធ្ងន់ធ្ងរទេ។ គឺគ្រាន់តែចង់សំដៅថា សមត្ថភាពយើងមានមែន តែបើយើងកើតសម្ពាធផ្លូវចិត្ត នោះការបំពេញកិច្ចការ ច្បាស់ជាមិនល្អទេ។ នៅមុនថ្ងៃប្រលង សូមឧស្សាហ៍រំលឹកប្រាប់ខ្លួនឯងថា ម៉ោងប្រលងកុំគិតរឿងច្រើនពេក។
ជាក់ស្ដែង ការបារម្ភថា នៅថ្ងៃស្អែក តើមុខវិជ្ជានេះ ឬនោះ គេចេញពីអ្វីខ្លះ? ចំណុចណា អាចចេញ ឬមិនចេញទៅ ជាដើម។
គ្រាន់តែចាំថា ទោះយើងបារម្ភពេក ក៏មិនជួយអីបានដែរ បើយើងមិនប្រឹងធ្វើនោះ។ មួយវិញទៀត គ្រប់វិញ្ញាសាប្រលង គឺមិនអាចមានបេក្ខជនណាដឹងមុននោះទេ សូមចាំថា បើយើងចេះប្រាកដហើយ នោះយើងអាចធ្វើបានគ្រប់ទម្រង់ មិនមែនដេកភ័យ ព្រួយ ពាសវាលពាលកាល នោះទេ។
៥. ទុកគម្លាតពេលសម្រាក
សូមឲ្យខ្លួនឯងសម្រាក យ៉ាងតិច ១៥ ទៅ ៣០នាទី មុនចាប់ផ្ដើមចាប់ធ្វើលំហាត់ថ្មី ឬរៀនមុខវិជ្ជាបន្ទាប់ មិនថាពេលរៀនមុន ឬអំលុងពេលថ្ងៃប្រលងមកដល់។
សូមបញ្ជាក់ថា ចំណុចនេះ មិនមែនយើងចំណាយពេលសម្រាកជ្រុលទេ។ ជាក់ស្ដែង ដូចជាគ្រាន់តែញ៉ាំអី ឬអង្គុយជជែក លេងអត់ប្រយោជន៍ទេ។
មានន័យថា យើងអាចចំណាយពេលឲ្យមានប្រសិទ្ធភាព ដើម្បីសួរនាំមិត្តភក្តិ នូវចំណុចណា ដែលមិនទាន់ច្បាស់ ឬភ្លេចភ្លាំង។ ចាត់ទុកថា ដូចជាពេលរំលឹកមេរៀន ឬបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន នៅគ្រប់កាលៈទេសៈ នោះយើងនឹងអាចបង្កើនចំណេះដឹង។