"មនុស្សសំរាម" ជាសិល្បករ​កែច្នៃ​សំរាម​ធ្វើជាគ្រឿង​តុបតែងលម្អ ល្បីនៅខេត្ត​សៀមរាប

  • 2018-08-08 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មនុស្ស​សំរាម" ជា​រហស្សនាម​ដែល​មហាជន​បាន​ដាក់​ឲ្យ​បុរស​ម្នាក់​ជាសិល្បករ​ច្នៃសំរាម​ធ្វើ​ជា​គ្រឿង​តុបតែង​លម្អ និង វត្ថុអនុស្សាវរីយ៍ នៅក្រុង​សៀមរាប​ ខេត្តសៀមរាប។ សំរាម​សិរីរាង្គ គ្រាប់ធញ្ញជាតិ ថង់ផ្លាស្ទិក បំពង់​បឺត កំប៉ុង​ស្រាបៀរ និង​វត្ថុ​ជាច្រើន​ទៀត ដែល​គេ​បោះចោល​ មនុស្ស​សំរាម​ តែងតែ​រើស​យក​មក​ច្នៃ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឲ្យជឿ។ តើ​មនុស្ស​សំរាម ជានរណា? ចង់​ដឹង​ តាម​ដាន​រឿង​រ៉ាវ​នៅ​ខាងក្រោម​នេះ៖

១. លោក រៀម មុនីស៊ីឡុង វ័យ៣១ឆ្នាំ ជា​សិល្បករ​កែច្នៃ​សំរាម​ធ្វើជា​គ្រឿង​តុប​តែង​លម្អ និង​វត្ថុ​អនុស្សាវរីយ៍ នៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លោក មុនីស៊ីឡុង ចាប់​ផ្ដើម​មុខ​របរ​នេះ នៅ​ក្នុង​អំឡុង​ឆ្នាំ ២០០៧​ ឬ ២០០៨។ លោក​រំលឹក​ថា ក្រោយ​ពី​មាន​របួស​រហូត​ដល់​ពិការ​ម្រាមដៃ ដែល​មិន​អាច​គូរ​គំនូរ​បាន​ទៀត លោក​បាន​អភិវឌ្ឍ​ខ្លួន​ពី​វិចិត្រករ​ដែល​គូរ​គំនូរ​តាម​​វត្ត​​អារាម មក​ជា​អ្នក​កែច្នៃ​សំរាម​វិញ​ម្ដង បន្ទាប់ពី​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ។

២. សំរាម​ភាគច្រើន​ដែល លោក រៀម មុនីស៊ីឡុង កែ​ច្នៃ​មាន​ដូចជា សំរាម​សិរីរាង្គ គ្រាប់​ធញ្ញជាតិ ថង់ផ្លាស្ទិក បំពង់បឺត កំប៉ុង​ស្រាបៀរ​ជាដើម។ លោក មុនីស៊ីឡុង និយាយ​ថា ការណ៍​ដែល​លោក​យក​សំរាម​ទាំង​អស់​នេះ​មក​ច្នៃ​គ្រឿង​តុប​តែង​លម្អ និង វត្ថុ​អនុស្សាវរីយ៍ ក៏​ព្រោះតែ​លោក​ចង់​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​បរិស្ថាន និង ចេះ​គ្រប់គ្រង​កាក​សំណល់​បាន​ល្អ​ផងដែរ។ លោកថា បើ​យើង​ចេះ​គ្រង់គ្រង និង ប្រើប្រាស់​កាក​សំណល់​បាន​ល្អ វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​វិញ​មិនខាន។

៣. ដើម្បី​បាន​វត្ថុធាតុ​ដើម​មក​កែច្នៃ លោក រៀម មុនីស៊ីឡុង តែង​ដើរ​រើស​សំរាម​ក្នុង​ភូមិ​ស្ទើរ​រៀង​រាល់​ថ្ងៃ។ ទង្វើ​នេះ ពេល​ខ្លះ​លោក​ត្រូវ​មិត្ត​ភក្តិ​ដាក់​រហស្ស​នាម​ថា "មនុស្ស​សំរាម" ផង​ក៏​មាន។ ប៉ុន្តែ លោក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​រហស្ស​នាម​នេះ​នោះ​ទេ ព្រោះ​លោក​ឱ្យ​តម្លៃ​ទៅ​លើ​មុខ​របរ​របស់​លោក និង​ពេញ​ចិត្ត​លើ​អ្វី​ដែល​លោក​កំពុង​ធ្វើ​រាល់ថ្ងៃ។

៤. ដើម្បី​បាន​វត្ថុ​តែង​លម្អ​មួយ​ផ្ទាំងៗ ឬ វត្ថុ​អនុស្សាវរីយ៍​មួយៗ លោក លោក រៀម មុនីស៊ីឡុង តែង​គិតគូរ​រក​គំនិត​ច្នៃ​ប្រឌិតថ្មីៗ​ជានិច្ច។ ពេល​គិត​ឃើញ​រូប​ដែល​ត្រូវ​កែ​ច្នៃ​ហើយ លោក​តែង​គិត​បន្ត​ទៀត ថា​តើ​វត្ថុធាតុ​ដើម​អ្វី​ខ្លះ ដែល​សក្ដិសម​យក​ទៅ​ប្រើ​ដើម្បី​ដំឡើង​រូប​ទាំង​នោះ។ លោក មុនីស៊ីឡុង និយាយថា រូប​ដែល​លោក​ដំឡើង​រួច​ហើយ មាន​តែ​មួយផ្ទាំង​តែ​ប៉ុណ្ណោះ គឺគ្មាន​២នោះទេ។ នៅ​ក្នុង​រូប​នេះ លោក មុនីស៊ីឡុង កំពុង​ដំឡើង​រូប​ក្តាន់ ធ្វើ​ពី​សម្បក​កំប៉ុង​ស្រាបៀរ និង ផ្លែ​ពោត​បារាំង​ចាស់ៗ។

៥. បច្ចុប្បន្ន គ្រឿង​តុប​តែង​លម្អ និង វត្ថុ​អនុស្សាវរីយ៍ ដែល​លោក​ដំឡើង មិន​សូវ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ច្រើន​ទេ ព្រោះ​មិន​សូវមាន​អតិថិជន​ខ្មែរ​និយម​ចូល​ចិត្ត។ ភាគច្រើន​លោក​ទៅ​ដំឡើង​គ្រឿង​តុប​តែង​លម្អ និង វត្ថុ​អនុស្សាវរីយ៍ ទាំង​នោះ នៅ​តាម​សណ្ឋាគារ រង្គសាល និង ហាង​ផ្សេងៗ ដែល​ម្ចាស់​របស់​គេ​យល់​ពី​តម្លៃ ​នៃ​វត្ថុ​កែច្នៃ​ទាំង​នោះ។ នេះ​ជារូប សម្ដេច​ហ៊ុន សែន និង ភរិយា ដែល​លោក​មុនីស៊ីឡុង រចនា​ឡើង ដោយ​ប្រើ​គ្រាប់​ធញ្ញជាតិ ដែល​មាន​ដូចជា គ្រាប់​សណ្តែក គ្រាប់​ល្ពៅ ជាដើម៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក