កម្ពុជា​រក​ឃើញ​​ផលិត​ផល​ក្លែងក្លាយ​​ពីរ​មុខ កាហ្វេ និង ម្រេច ត្រូវ​បាន​ជន​ល្មើស​ប្រើ​សារធាតុ​ផ្សំ​ប្លែក​ៗ

  • 2018-08-08 07:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​មាន​ផលិត​ផល​ក្លែងក្លាយ​ ​ដែល​បង្ក​គ្រោះ​ថ្នាក់ ​ដល់​សុខភាព​ចំនួន​ពីរ​មុខ​ស្មើនឹង​២៥​តោន​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​​។ ផលិត​ផល​ទាំងពីរ​មុខ​នេះ​រួមមាន​ កាហ្វេ និង​ម្រេច​ ត្រូវ​បាន​​ជន​ល្មើស​ប្រើប្រាស់​វត្ថុធាតុដើម​ប្លែកៗ ដើម្បី​​កែច្នៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ។   

រូបតំណាង ដែលក្រុមការងារ​បាន​ចុះទៅថតសកម្មភាព​ សមត្ថកិច្ច​ត្រៀម​កម្ទេច​ផលិតផល​ក្លែងក្លាយ​ កន្លងមក

លោក មៀច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជាប្រធាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថ្លែង​ នៅ​​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​កាល​ពីរសៀល​​ថ្ងៃទី​៦ ខែ​សីហា​នេះ​ថា ករណី​ទី​​១ សមត្ថកិច្ច​ចុះ​បង្រ្កាប​កាលពី​​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​ក្រុម​ប្រតិបត្តិការ​ពិសេស ​នៃ​គណៈ​ធម្មាធិការ បាន​ចុះ​បង្រ្កាប​ករណី លើ​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ ​ស្ថិ​ត​នៅ​ភូ​មិ​ឌួង ​សង្កាត់​ព្រែកព្នៅ ខណ្ឌព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ ដក​ហូត​បាន​វត្ថុតាង ចំនួន​ ១០មុខ ស្មើនឹង​០៧តោន ​ឃាត់​ខ្លួន​ជ​នសង្ស័យ​បា​នចំ​នួន ០១នាក់។ ករណី​ទី​២ ​កាលពីថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ ​ក្រុម​ប្រតិបត្តិការ​ពិសេស​បាន​ចុះ​បង្រ្កាប​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេ​ច និ​ង​កាហ្វេ ​មិន​អនុ​លោ​មតាម​ច្បាប់ ​ស្ថិ​តនៅ​ផ្ទះ​លេ​ខ២អឺ០​ ​ផ្លូវ២២៦ ​ភូមិ១៣ សង្កាត់ ផ្សារដើមគរ​ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ ដក​ហូត​បាន​វត្ថុ​តាង ចំនួន ១៣មុខ ស្មើនឹង១៨តោន។

លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ

“​អញ្ចឹង​ ករណី​ទី​​១​នេះ ​គឺ​ជនល្មើស​បាន​ផលិត​កាហ្វេ​ក្លែង​ក្លាយ​ ដោយ​ប្រើប្រាស់​ សណ្ដែកដី អំបិល​ សារធាតុ​ធ្វើ​​ឱ្យ​ប្រែ​ជា​ពណ៌​ខ្មៅ ​ចេញ​ពពុះ និង​មាន​រស់​ជាតិ​ចាប់​មាត់​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់។ ករណី​ទី​២ ជនល្មើស​ផលិត​​​កាហ្វេ​ និង​ម្រេច​ក្លែង​ក្លាយ​ ហើយ​អ្វី​ដែល​យើង​ចាប់អារម្មណ៍​នោះ​គឺ​ការ​ផលិត​ម្រេច​​ក្លែងក្លាយ​ ដោយ​យក​ម្រេច​ធម្មតា​មួយ​គីឡូក្រាម​​កិន​លាយ​ជាមួយ​នឹង​បាយ​ក្ដាំង សារធាតុ​ពណ៌ខ្មៅ និង​ថែម​ម្ទេស​ឱ្យ​ហិល​ខ្លាំង”។  

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​​បាន​​ទទួល​ព័ត៌មាន​រួច​ហើយ​​ថា នៅ​មាន​កន្លែង​ផលិត​ផលិតផល​ក្លែង​ក្លាយ​ផ្សេងៗ​ទៀត និង​កំពុង​​កំណត់​អាទិភាព​​ជាបន្តបន្ទាប់​ដោយ​មិន​បន្ធូរ​ដៃ​នោះ​ទេ។ នេះ​បើ​តាម​ប្រសាសន៍​លោក​ មៀច សុផាន់​ណា។

បន្ថែម​លើ​នេះ​ កាលពីថ្ងៃ​ម្សិល​មិញ​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​​បាន​​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ឧសភា ដល់​ខែ​កក្កដា​ខ្លួន​បាន​​រឹបអូស​ផលិត​ផល​ក្លែង​ក្លាយ​ប្រមាណជិត៩០ តោន​ និង​ឃាត់​ខ្លួន​មនុស្ស​ជាង ១០នាក់ ខណៈ​វត្ថុ​តាង ដែល​អាជ្ញាធរ​រឹប​អូស​បាន​នេះ​ ក៏​នឹង​ត្រូវ​កំទេច​ចោល​នា​ពេល​ខាង​មុខ​ផងដែរ។ ផលិតផល​ក្លែងក្លាយ​ទាំងនោះ​រួមមាន​ ជា​សម្ភារៈ​សម្រាប់ ផលិត​សាច់​ប៉ាតេ​មិន​អនុលោម​តាមច្បាប់ ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ​មិន​អនុលោម​តាម​ច្បាប់ និង​ករណី នាំ​ចូល​ផលិត វេច​ខ្ចប់​ខុស​ច្បាប់​លើ​ផលិតផល​ម៉ាក Saint Amand ទឹកបរិសុទ្ធ Evian ស្រាបៀរ​ម៉ាក Corona និង​ផលិត​មួយ​ចំនួន​ទៀត​ ដែល​ផលិតផល​ទាំងនេះ​នឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ខ្លាំង៕

សូមចុចអាន៖ កិនកម្ទេចគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ និងសារធាតុគីមី សរុបជាង ១០០តោន នៅព្រឹកមិញ              

អត្ថបទ៖ សុផល