គ្រូ​ស្វាយ​រៀង ​មិន​បន្ទោស​កូន​ក្រុម ព្រោះ​សូម្បី Messi ​ក៏​ធ្លាប់​ប៉េណាល់ទី​មិន​ចូល​ដែរ

  • 2018-08-09 03:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Conor Nestor ​មិន​បន្ទោស​កូន​ក្រុម ​ជា​ពិសេស​កីឡាករ សួន សុវណ្ណ ​ឡើយ ​ចំពោះ​ការ​ទាត់​ប៉េណាល់ទី​មិន​ចូល​របស់​គេ ​ដែល​ធ្វើ​ឱ្យ​ស្វាយ​រៀង​ធ្លាក់​ត្រឹម​វគ្គ​នេះ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ។

ស្វាយ​រៀង ​បាន​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ ដោយ​បាល់​កាត់​សេចក្ដី​ប៉េណាល់ទី ៤-៥ ​ក្រោយ​លេង​ស្មើ​គ្នា ១-២ (គិត​ទាំង​ពីរ​ជើង ៣-៣) ​នៅ​ទឹក​ដី​ស្វាយ​រៀង​យប់មិញ​នេះ។ មួយ​គ្រាប់​ដែល​ធ្វើ​ឱ្យ​ស្វាយ​រៀង​ចាញ់​នោះ គឺ​ជា​ការ​ទាត់​របស់​កីឡាករ សួន សុវណ្ណ ​ដោយ​ទាត់​ហោះ​ឡើង​ទៅ​លើ។ ចំពោះ​បរាជ័យ​នេះ​ដែរ ​លោក Conor ​ដែល​ជា​គ្រូ​បង្វឹក​ស្វាយ​រៀង ​មិន​បាន​បន្ទោស​កីឡាករ​របស់​លោក​ឡើយ ព្រោះ​ថា​ការ​ទាត់​ប៉េណាល់ទី គឺ​មិន​អាច​ដឹង​មុន​បាន​ឡើយ។

លោក ​​បន្ដ​ថា​៖ “ខ្ញុំ​មិន​បន្ទោស សុវណ្ណ ​ទេ។ ខ្ញុំ​នាំ​យក​គាត់​មក​រួម​ក្រុម​ដើម​រដូវ​កាល ព្រោះ​គាត់​មាន​សមត្ថភាព​ខ្ពស់ ​ដើម្បី​លេង​ឱ្យ​ក្រុម​។ ខ្ញុំ​មើល​ឃើញ​ចំណុច​នេះ ​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​ថ្ងៃ​អនាគត។ ការ​ទាត់​ប៉េណាល់ទី​មិន​ចូល​គឺ​មិន​ចម្លែក​ឡើយ ​សូម្បី​តែ Messi ​ក៏​ធ្លាប់​ទាត់​មិន​ចូល​ដែរ។ គាត់​នឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​សប្បាយ​ចិត្ត​វិញ ​ជា​ពិសេស​អ្នក​គាំទ្រ​ស្វាយ​រៀង​ទៅ​ថ្ងៃ​អនាគត”។

សូម​បញ្ជាក់​ថា ​សុវណ្ណ ​ជា​កីឡាករ​មក​ពី​ខេត្ត​ស្ទឹង​ត្រែង ​ដែល​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ចុះ​កុងត្រា​នាំ​យក​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conor ។ កីឡាករ​​វ័យ​២៤​ឆ្នាំ​រូប​នេះ ​ផ្ដើម​ដំបូង​ជាមួយ​ក្រុម​ស៊ីម៉ាក់ ​គ្រា​ដែល​លោក ស៊ុំ វណ្ណា ​នៅ​ដឹក​នាំ​ឆ្នាំ​២០១៥​។ ក្រោយ​ពី​លោក​ទៅ​ដឹក​នាំ វេស្ទើន ​ក៏​បាន​នាំ​យក សុវណ្ណ ​ទៅ​ទី​នោះ​​ដែរ ​មុន​ពេល​ផ្លាស់​ទៅ​ស្វាយ​រៀង​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី