វីដេអូ​ខ្លី បង្ហាញ​ពី​របរ​លក់​ទា​បំពង​ល្បី​ នៅ​ស្រុក​ឈូក ខេត្តកំពត

  • 2018-08-09 03:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ឆ្លង​កាត់​ខេត្ត​កំពត ប្រាកដ​ជា​ធ្លាប់​ស្គាល់​ហើយ ទា​អាំង ឬ ទា​បំពង​ល្បី​មួយ​កន្លែង​នៅ​ស្រុក​ឈូក ខេត្ត​កំពត។ ថ្ងៃ​នេះ​ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ នឹង​បង្ហាញ​វីដេអូ​ខ្លី​មួយ​ និយាយ​ពី​របរ​លក់​ទាបំពង រសជាតិ​ឈ្ងុយឆ្ងាញ់​ តាំងពី​ទសវត្ស ៩០ មក​ ដូច​ខាង​ក្រោម​នេះ៖

វីដេអូ​ខាង​លើ​នេះ គឺជា​ការ​បង្ហាញ​កន្លែង​លក់​ទាបំពង​របស់ អ្នក​ស្រី នួន គឹម​សុ ហៅ​យាយ​ម៉ៅ អាយុ ៦៥ឆ្នាំ​ ជា​អ្នក​លក់​ទា​បំពង​ដ៏​ល្បី​ នៅ​ផ្សារ​ឈូក ស្រុក​ឈូក ខេត្ត​កំពត។ អ្នក​ស្រី​រំលឹក​ថា ដោយ​ឃើញ​បង​ស្រី​របស់​ខ្លួន​ប្រកប​របរ​លក់​ទា​បំពង​នេះ​កាក់កប​នៅ​ឆ្នាំ ១៩៩០ អ្នក​ស្រី​ក៏​ចាប់​ផ្ដើម​លក់​ទា​បំពង​ដែរ។ កាល​នោះ ទា​មួយ​ក្បាល​តម្លៃ ៣ ០០០រៀល ទៅ ៣ ៥០០រៀល ហើយ​ម្នាក់ៗ​អាច​លក់​បានពី ៣០ ទៅ ៧០ក្បាល ក្នុងមួយថ្ងៃៗ​។

បច្ចុប្បន្ន​នេះ ជា​រៀង​រាល់​ព្រឹក អ្នក​ស្រី នួន គឹមសុ​ តែង​ទទួល​ទិញ​ទា​ដែល​បោច​រោម​ហើយ​ស្អាត ប្រមាណ​ពី ៨០ ទៅ ១០០​ក្បាល ក្នុង​តម្លៃ​មួយ​ក្បាល ១ម៉ឺន ២​ពាន់​រៀល។ បន្ទាប់​មក​ទា​ ទាំង​នោះ ត្រូវ​យក​ទៅ​ប្រឡាក់​គ្រឿង​ទៅ​តាម​រូប​មន្ត និង​រក្សា​ទុក​ក្នុងទូរ​ទឹកកក​ ដើម្បី​បំពង​ពេល​ត្រូវ​ការ​។

ជា​ធម្មតា អ្នកស្រី​នួន គឹមសុ​ បំពង​ទា​ម្តង ៤១០ក្បាល​ តែប៉ុណ្ណោះ ដើម្បី​ដាក់​តាំង​បង្ហាញ​អតិថិជន​។ ប៉ុន្តែ បើ​មាន​អតិថិជន​ចូល​ទិញ​ច្រើន​ នោះ​អ្នកស្រី​នឹង​បំពង​ទា​លក់​ជូន​ភ្លាមៗ ដើម្បី​ឱ្យ​ទា​បំពង​នៅ​ក្តៅ​ៗ​ល្អ។ ជា​រៀង​រាល់ថ្ងៃ​ អ្នក​ស្រី​នួន គឹមសុ​ ​លក់​ទា​បំពង បាន​ប្រមាណ​ពី ៨០ ទៅ១០០ ក្បាល​ក្នុង​តម្លៃពី ១ម៉ឺន២ពាន់រៀល ទៅ ១ម៉ឺន៣ពាន់រៀល ក្នុង​មួយ​ក្បាលៗ។ ក្រៅពី​នេះ អ្នកស្រី ក៏​ទទួល​កុម្ម៉ង់​ទា​បំពង​តាម​ទូរសព្ទ និង ដឹក​ជញ្ជូន​ទៅ​ឱ្យ​ដល់​រាជធានី និង តាម​បណ្ដា​ខេត្ត​ខ្លះៗ​ដែរ។

ក្រៅពី​លក់​ទា​បំពង អ្នកស្រី នួន គឹមសុ​ ក៏​លក់​បំណែក​ផ្សេងៗ​ទៀត នៃ​សត្វ​ទា​ដែរ ដូចជា ក្បាលទា កោះ ថ្លើម​បំពង ជាដើម។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​លក់ ក្បាល​ទា កោះ ថ្លើម​បំពង ក្លាយ​ជា​ប្រាក​ចំណេញ​សម្រាប់​អ្នក​ស្រី និង សម្រាប់​ផ្ដល់​ជូន​នារី​ក្មេងៗ​ ដែល​ជា​អ្នក​ធ្វើការ​ឱ្យ​អ្នក​ស្រី​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម