ជី សិលា៖ បានដៃគូយុទ្ធសាស្ត្រថ្មី យើងកាន់តែរឹងមាំ កាន់តែប្រកួតប្រជែង
- 2018-08-09 09:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី សិលា៖ បានដៃគូយុទ្ធសាស្ត្រថ្មី យើងកាន់តែរឹងមាំ កាន់តែប្រកួតប្រជែង
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay Digital Corporation (SDC) បានចុះហត្ថលេខា ចាប់ដៃជាមួយក្រុមហ៊ុនគ្រប់គ្រងមូលធនដែលផ្ដោតលើការវិនិយោគ តាមមហាអនុតំបន់ន្លេមេគង្គ Belt Road Capital Management (BRCM) មានចំណែកកាន់កាប់ភាគហ៊ុន ៤០%។ Sabay ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានបង្កើតឡើងនៅឆ្នាំ ២០០៧ និងបានវិវឌ្ឍខ្លួនក្លាយជា ក្រុមហ៊ុនដែលលេចធ្លោតែមួយគត់យ៉ាងឆាប់រហ័ស ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដទៃចំពោះការអភិវឌ្ឍហ្គេមកម្សាន្តទាំងកុំព្យូទ័រ ទូរសព្ទដៃ និងសេវាកម្មផ្សេងៗទៀត។
“យើងបានដៃគូយុទ្ធសាស្ត្រថ្មី ត្រៀមបោះជំហានទៅមុខរួមគ្នា ធ្វើយ៉ាងណាឲ្យ អាជីវកម្មកម្សាន្តអនឡាញនេះកាន់តែរលូន។ ការនាំមកគំនិត និងយុទ្ធសាស្ត្រថ្មី គឺធ្វើឲ្យយើងកាន់តែរឹងមាំ និងកាន់តែប្រកួតប្រជែងជាងមុន"។ នាយកប្រតិបត្តិក្រុមហ៊ុន Sabay ជី សិលា បញ្ជាក់។
យុទ្ធសាស្ត្រដៃគូរ ថ្មីរបស់ Sabay នេះនឹង បន្ដការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) ឲ្យកាន់តែទូលំទូលាយឡើងនៅកម្ពុជា ដូចបណ្ដាប្រទេសជិតខាង។ បន្ថែមពីនេះ Sabay នឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍហ្គេមកម្សាន្ត Sabay Osja (Studio) ឲ្យកាន់តែប្រសើរ និងកាន់តែអស្ចារ្យថែមមួយកម្រិតទៀត។
បន្តក្ដីរីករាយនិងរំពឹងទុកខ្ពស់ដូច្នេះថា៖ “BRCM នឹងជួយអភិវឌ្ឍន៍គម្រោង បច្ចុប្បន្នរបស់យើងឲ្យកាន់តែល្អ ព្រមទាំងពង្រឹងទីផ្សារនៅតាមតំបន់ពាណិជ្ជកម្មដែលយើង មិនទាន់បានចូល ឬប្រកួតប្រជែងនៅឡើយ។”
នេះជាលើកទីបួន ក្នុងឆ្នាំ ២០១៨ ដែលក្រុមហ៊ុន BRCM បានសហការវិនិយោគទៅក្នុងក្រុមហ៊ុនវិស័យបច្ចេកវិទ្យាឈានមុខគេ នៅទីផ្សារអាស៊ី។ មុននឹងចេញការផ្សព្វផ្សាយនេះ BRCM បានវិនិយោគទៅលើក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនធំនៅពីក្រោយក្រុមហ៊ុនទីផ្សារ និងអចលនទ្រព្យ Realestate.com.kh។ Oway ជាក្រុមហ៊ុនទីពីរ ដែលមានទីស្នាក់ការកណ្ដាលនៅ ភូមា។ ឯក្រុមហ៊ុនទី៣គឺ Unnitel មានមូលដ្ឋាននៅប្រទេស សិង្ហបុរី និង ហុងកុង។
ជុំវិញការបណ្ដាក់ទុនច្រើនសន្ធឹកសន្ធាប់តាមប្រទេសមួយចំនួននេះ ប្រធានផ្នែកវិនិយោគ BRCM លោក Alex Odom មានប្រសាសន៍ថា “ជាមួយនឹងការលេចធ្លោរបស់ Sabay នៅក្នុងឧស្សាហកម្មកម្សាន្តអនឡាញនៅកម្ពុជា បូករួមទាំងក្រុមជំនាញរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងចែកចាយ យើងមានទុកចិត្តថាក្រុមហ៊ុននឹងមានការរីកចម្រើន នាពេលអនាគតនៅក្នុងវិស័យមួយនេះ។”
ដោយមានការរីកចម្រើនលើវិស័យអនឡាញ Sabay Digital Group មានក្រុមហ៊ុន២ ក្នុងនេះ។ ក្រុមហ៊ុនទាំងពីរ នោះមាន៖ ១. Sabay Digital Corporation (SDC)៖ ជាក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល និង កំសាន្តឈានមុខគេនៅកម្ពុជា ដោយផ្ដោតសំខាន់លើហ្គេមអនឡាញ និង ហេ្គមលើទូរស័ព្ទដៃ។
២. Sabay Digital Plus (SDP)៖ ជាបណ្ដុំGigital Content (ព័ត៌មាន, ខ្សែភាពយន្ត, តន្រ្តី និង ទូរទស្សន៍)។ គេហទំព័រ Sabay News ជាវេបសាយព័ត៌មានជាភាសាខ្មែរ ដែលទទួលបាន ការទស្សនាច្រើនបំផុត និងនាំមុខគេនៅកម្ពុជា។