ស្ងាត់ៗ! កំពង់​ផែ​ទេសចរ​ខ្នាត​អន្តរជាតិ​ធំ​មួយ​តម្លៃ​១០ លាន​ដុល្លារ​អាមេរិក​បើក​ការដ្ឋាន​ ម្សិលមិញ​

  • 2018-08-09 13:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់​ផែ​ទេសចរ​ដ៏​ធំ​មួយ​ ដែល​មាន​តម្លៃ​ប្រមាណ​ ១០ លាន​ដុល្លារ​អាមេរិក​ស្ថិត​នៅ​ខេត្ត​កំពត​ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ម្សិល​មិញ​នេះ ក្រោមអធិបតីភាព​ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្ដម ជាវ តាយ​ អភិបាលខេត្ត​កំពត។

កំពង់​ផែ​​ទេសចរ​ ដែល​​មាន​​តម្លៃ​​ ១០​លាន​ដុល្លារ​អាមេរិក​នេះ​ ក្រោម​​ជំនួយ​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​​កាត់​ថា​ (A​DB) ​ស្ថិត​​នៅ​​ក្នុង​ភូមិ​ជំ​គ្រាល ឃុំ​​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្ត​កំព​ត ​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា ៦គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត។

  ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ថា ការ​កសាង​កំពង់​ផែ​ទេសចរណ៍​នឹង​បើក​ច្រក​សមុទ្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ពិភពលោក និង​ធ្វើ​ឱ្យ​ខេត្ត​កំពត​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​គួរ​ឲ្យ ទាក់ទាញ នៅ​ពេល​ខាង​មុខ​។

  ឯកឧត្ដម​បាន​បន្ថែម​ថា កំពង់ផែទេសច​រណ៍អន្តរជាតិ​ខេត្តកំពត និ​ងឆ្នេរខ្សាច់ កម្សាន្ត​ខេត្ត​កំពត នឹង​សាងសង់​ឲ្យ​រួចរាល់ មុន​ការរៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​នឹង​ត្រូវរៀប​ចំ​ឡើង​ក្នុង​ខេត្ត​កំពត នៅ​ឆ្នាំ​ក្រោយ។ ឆ្នាំ​២០១៨ នេះ​ខេត្ត​កោះកុង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២។

  កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ជា​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ ទេសចរណ៍​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាបន្នកម្ម ក្នុង​មហា​អនុ​តំបន់​មេគង្គ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​តំបន់​ឆ្នេរ ឲ្យ​មាន​និរន្តរភាព  និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ តាម​ទស្សនាទាន សំខាន់បី គឺ “បៃតង ស្អាត និង ឆ្លាត” (Green Clean and SMART) ក្នុង​ផែន​ការ​អភិវឌ្ឍន៍​ទេសចរណ៍​កំពត​ថ្មី (២០១៦-២០២០) ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ក្លាយទៅជា​កន្លែង​ដ៏​ប្រសើរ​បំផុត សម្រាប់ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ។

ឯកឧត្ដម ជាវ តាយ អភិបាល​ខេត្ត​កំពត បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​ចាត់​ទុក​ការសាងសង់​កំពង់ផែ​នេះ​ពិត​ជា​មាន​សារៈសំ​ខាន់ ក្នុង​កា​រ​តភ្ជាប់​ទេសចរណ៍​តាម​ផ្លូវ​ទឹក​ពី​ប្រទេស​នានា​​ក្នុង​តំបន់ និង​លើ​សកលលោក ហើ​យ​ភ្ញៀវ​ទេសចរ​ពិត​ជា​មាន​ការ​កើន​ឡើង​សម្រាប់​​ខេត្ត តំបន់​ឆ្នេរ និង​ព្រះ​រាជាណាចក្រ​កម្ពុជា​ផងដែរ។

  គម្រោង​សំណង់​នេះ ​រួ​មមាន ​អគារអ្នកដំ​ណើរ ផែចតកាណូត ​កំពង់សាឡង់ ម៉ារីនា អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ បញ្ជរ​ព័ត៌មាន​ទេសចរ ផ្លូវ​ជុំវិញ​កំពង់ផែ និង​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត បង្គន់ អនាម័យ​សាធារណៈ ចំណត​ទោចក្រ​យានយន្ត រថយន្តតូច រថយន្តក្រុង អគារស្នាក់នៅ  អគារសន្តិសុខ កន្លែងទុកដាក់សំរាម និងសួនច្បារ៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម